កិច្ចការ 7:17-29
កិច្ចការ 7:17-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះជិតដល់ពេលកំណត់នៃសេចក្តីសន្យា ដែលព្រះបានស្បថជាមួយលោកអ័ប្រាហាំ ប្រជាជនយើងក៏មានចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីព្ទ រហូតដល់មានស្តេចមួយទៀតឡើងសោយរាជ្យ តែទ្រង់មិនបានស្គាល់លោកយ៉ូសែបទេ។ ស្តេចនោះប្រព្រឹត្តនឹងពូជសាសន៍យើងដោយឆ្លៀវឆ្លាត ហើយបង្ខំឲ្យបុព្វបុរសរបស់យើងបំបរបង់ចោលកូនតូចៗរបស់ខ្លួន ដើម្បីកុំឲ្យរស់តទៅទៀត។ នៅគ្រានោះ លោកម៉ូសេបានកើតមក ហើយលោកជាកូនដ៏ស្អាតនៅចំពោះព្រះ។ គេក៏ចិញ្ចឹមលោកនៅក្នុងផ្ទះឪពុករបស់លោក អស់រយៈពេលបីខែ កាលគេយកលោកទៅបំបរបង់ចោល បុត្រីរបស់ផារ៉ោនក៏យកលោកទៅចិញ្ចឹម ទុកដូចជាកូនបង្កើតរបស់ព្រះនាង។ លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជារបស់សាសន៍អេស៊ីព្ទ ហើយលោកពូកែទាំងការនិយាយស្ដី ពូកែទាំងការងារ។ លុះលោកមានអាយុសែសិបឆ្នាំ លោកមានចិត្តនឹករឭក ចង់ទៅសួរសុខទុក្ខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់លោក។ ពេលលោកឃើញគេធ្វើបាបបងប្អូនម្នាក់របស់លោក លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះទៅ។ លោកនឹកស្មានថា ពួកបងប្អូនរបស់លោកមុខជាយល់ថា ព្រះប្រទានការសង្គ្រោះដល់គេ ដោយសារដៃរបស់លោក តែគេមិនយល់ដូច្នោះឡើយ។ នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា លោកក៏ព្យាយាមសម្រុះសម្រួលពួកគេ ដោយពោលថា "អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ?"។ ប៉ុន្តែ ម្នាក់ដែលកំពុងធ្វើបាបអ្នកជិតខាងរបស់ខ្លួននោះ ក៏ច្រានលោកម៉ូសេចេញ ទាំងពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ពីម្សិលមិញដែរឬ?" ។ កាលលោកម៉ូសេឮដូច្នេះ លោកក៏ភៀសទៅនៅស្រុកម៉ាឌាន ហើយនៅស្រុកនោះ លោកបង្កើតបានកូនប្រុសពីរនាក់។
កិច្ចការ 7:17-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូល ដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំ ជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។ បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែស្ដេចមិនស្គាល់លោកយ៉ូសែបទេ។ ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺស្ដេចបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។ លោកម៉ូសេបានកើតនៅជំនាន់នោះ ហើយលោកជាទារកមួយដ៏ស្អាត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។ កាលគេបំបរបង់លោកចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។ លោកម៉ូសេបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។ លុះដល់លោកមានអាយុគម្រប់សែសិបឆ្នាំ លោកក៏បានសម្រេចចិត្តទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែល ជាបងប្អូនរួមជាតិរបស់លោក។ លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ត្រូវគេធ្វើបាប លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។ លោកនឹកស្មានថា បងប្អូនរួមជាតិរបស់លោកមុខជាយល់ថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេតាមរយៈលោក ប៉ុន្តែ ពួកគេពុំបានយល់ដូច្នោះឡើយ។ នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថា: “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។ ម្នាក់ដែលធ្វើបាបបងប្អូនបានច្រានលោកម៉ូសេចេញ ទាំងពោលថា: “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?” ។ កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន។ នៅស្រុកនោះ លោកបានកូនប្រុសពីរនាក់។
កិច្ចការ 7:17-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលជិតដល់កំណត់នៃសេចក្ដីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ ដរាបដល់មានស្តេច១ទៀតសោយរាជ្យឡើង ដែលមិនបានស្គាល់លោកយ៉ូសែបទេ ស្តេចនោះប្រព្រឹត្តនឹងសាសន៍យើងដោយឆ្លៀវឆ្លាត ទាំងធ្វើទុក្ខដល់ពួកឰយុកោយើង ដោយបង្ខំឲ្យគេចោលអស់ទាំងកូនង៉ែតរបស់គេចេញ មិនឲ្យមាននៅរស់ឡើយ នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ កាលគេត្រូវដាក់នៅខាងក្រៅវិញ នោះព្រះរាជបុត្រីផារ៉ោនក៏យកទៅចិញ្ចឹម ទុកជាកូនបង្កើត លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ ហើយក៏មានពាក្យសំដី នឹងការធ្វើយ៉ាងចំណាន កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករឭក ចង់ទៅសួរពួកកូនចៅអ៊ីស្រាអែលជាបងប្អូនខ្លួន លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់ ដ្បិតលោកស្មានថាបងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្ដីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ លុះថ្ងៃក្រោយមក កំពុងដែលមានគេប្រឈ្លោះគ្នា នោះលោកមកដល់ ក៏ទូន្មានឲ្យស្រុះស្រួលនឹងគ្នាវិញ ដោយថា អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ តែអ្នក១ដែលកំពុងតែធ្វើបាបដល់អ្នកជិតខាង ក៏ច្រានលោកចេញដោយពាក្យថា តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើង តើចង់សំឡាប់អញ ដូចជាសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះ ពីថ្ងៃម្សិលមិញឬអី កាលឮពាក្យនោះ លោកម៉ូសេក៏រត់ភៀសទៅស្នាក់នៅស្រុកម៉ាឌានទៅ ហើយបង្កើតបានកូនប្រុស២នៅស្រុកនោះឯង។