កិច្ចការ 7:1-8

កិច្ចការ 7:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ថា៖ «តើមាន​ការ​ដូច្នេះ​មែន​ឬ?» លោក​ស្ទេផាន​ឆ្លើយ​ថា៖ «ពុក​ម៉ែ​បង‌ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន។ ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​បាន​លេច​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង​ឃើញ កាល​លោក​នៅឯ​ស្រុក​មេសូ‌ប៉ូតាមា មុន​ពេល​លោកទៅ​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ "ចូរ​អ្នក​ចេញ​ពី​ស្រុក និង​ពី​ញាតិ​សន្តាន​របស់​អ្នក ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក" ។ បន្ទាប់​មក លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់‌ដេ ទៅ​នៅ​ស្រុក​ខារ៉ាន។ ក្រោយ​ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះបាន​ឲ្យ​លោក​ចេញ​ពី​ទី​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ ព្រះ​មិន​បាន​ប្រទាន​ឲ្យ​លោក​មាន​មត៌ក​អ្វី​នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មានផង តែទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​មត៌ក​ដល់​លោក និង​ពូជ​ពង្ស​របស់​លោក​ជំនាន់​ក្រោយ ទោះ​ជា​លោក​មិន​ទាន់​មាន​កូន​ក៏​ដោយ។ ព្រះ‌មាន​ព្រះ‌បន្ទូល​ដូច្នេះថា "ពូជ​ពង្ស​អ្នក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ទាសករ ហើយ​ធ្វើ​ទុក្ខ​ទោស​គេ​រយៈ​ពេល​បួនរយ​ឆ្នាំ"។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា "យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​យក​ពួកគេ​ទៅ​បម្រើ ហើយ​ក្រោយ​មក គេ​នឹង​ចេញ​មក​គោរព​ថ្វាយ​បង្គំ​យើង​នៅ​កន្លែង​នេះ" ។ ព្រះ‌អង្គបាន​តាំង​សញ្ញា​ខាង​ការ​កាត់​ស្បែក​ដល់​លោក។ ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី។ លោក​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​លោក​យ៉ាកុប​បង្កើត​បុព្វ​បុរស​ទាំង​ដប់ពីរ​រូប។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​មហា‌បូជា‌ចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?» លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បងប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង បាន​មក​បង្ហាញ​ព្រះអង្គ​ឲ្យ​លោក​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!” ។ លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។ នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះអង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ពូជ‌ពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ” ។ បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សំដេច​សង្ឃ​សួរ​ថា សេចក្ដី​ទាំង​នេះ​ត្រូវ​ឬ​ទេ ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា «ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្តាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ» នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង ហើយ​ព្រះ‌ទ្រង់​មាន​បន្ទូល​បែប​ដូច្នេះ គឺ​ពូជ​លោក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​ចាប់​គេ​ធ្វើ​ជា​ខ្ញុំ​កំដរ ព្រម​ទាំង​ធ្វើ​ទុក្ខ​គេ​គ្រប់​៤០០​ឆ្នាំ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ» ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។

ចែក​រំលែក
អាន កិច្ចការ 7