កិច្ចការ 7:1-53

កិច្ចការ 7:1-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ថា៖ «តើមាន​ការ​ដូច្នេះ​មែន​ឬ?» លោក​ស្ទេផាន​ឆ្លើយ​ថា៖ «ពុក​ម៉ែ​បង‌ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន។ ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​បាន​លេច​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង​ឃើញ កាល​លោក​នៅឯ​ស្រុក​មេសូ‌ប៉ូតាមា មុន​ពេល​លោកទៅ​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ "ចូរ​អ្នក​ចេញ​ពី​ស្រុក និង​ពី​ញាតិ​សន្តាន​របស់​អ្នក ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក" ។ បន្ទាប់​មក លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់‌ដេ ទៅ​នៅ​ស្រុក​ខារ៉ាន។ ក្រោយ​ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះបាន​ឲ្យ​លោក​ចេញ​ពី​ទី​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ ព្រះ​មិន​បាន​ប្រទាន​ឲ្យ​លោក​មាន​មត៌ក​អ្វី​នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មានផង តែទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​មត៌ក​ដល់​លោក និង​ពូជ​ពង្ស​របស់​លោក​ជំនាន់​ក្រោយ ទោះ​ជា​លោក​មិន​ទាន់​មាន​កូន​ក៏​ដោយ។ ព្រះ‌មាន​ព្រះ‌បន្ទូល​ដូច្នេះថា "ពូជ​ពង្ស​អ្នក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ទាសករ ហើយ​ធ្វើ​ទុក្ខ​ទោស​គេ​រយៈ​ពេល​បួនរយ​ឆ្នាំ"។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា "យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​យក​ពួកគេ​ទៅ​បម្រើ ហើយ​ក្រោយ​មក គេ​នឹង​ចេញ​មក​គោរព​ថ្វាយ​បង្គំ​យើង​នៅ​កន្លែង​នេះ" ។ ព្រះ‌អង្គបាន​តាំង​សញ្ញា​ខាង​ការ​កាត់​ស្បែក​ដល់​លោក។ ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី។ លោក​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​លោក​យ៉ាកុប​បង្កើត​បុព្វ​បុរស​ទាំង​ដប់ពីរ​រូប។ បុព្វ‌បុរស​ទាំង​នោះ​ក៏​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​គង់​ជា‌មួយ​លោក ហើយ​ប្រោស​ឲ្យ​លោក​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង​វៃ និង​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ផារ៉ាន​ក៏​តាំង​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​នោះ និង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល។ ពេល​នោះ មាន​អំណត់​កើត​ឡើង​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កា‌ណាន ហើយ​មានទុក្ខ​វេទនា​ជា​ខ្លាំង បុព្វ‌បុរស​របស់​យើង​រក​អ្វី​បរិ‌ភោគ​មិន​បាន​ឡើយ។ ប៉ុន្ដែ កាល​លោក​យ៉ាកុប​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ លោក​ក៏​ចាត់​បុព្វ‌បុរស​របស់​យើងឲ្យ​ទៅ​ជា​លើក​ទី​មួយ។ លុះ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​របស់​លោក​យ៉ូសែប​ដែរ។ ពេល​នោះ លោក​យ៉ូសែបក៏​ចាត់​គេឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​អស់ មាន​ចំនួន​ចិតសិប​ប្រាំ​នាក់​នោះ​មក។ ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​លោក និងបុព្វ‌បុរស​របស់​យើងក៏​បាន​ស្លាប់​នៅ​ទី​នោះ។ គេ​បាន​ដង្ហែ​សព​លោកទៅ​ក្រុង​ស៊ីគែម ហើយ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញពី​កូន​ចៅ​ហេម័រ នៅក្រុង​ស៊ីគែម​នោះ។ លុះ​ជិត​ដល់​ពេល​កំណត់​នៃ​សេចក្តី​សន្យា ដែល​ព្រះ​បាន​ស្បថ​ជាមួយ​លោក​អ័ប្រា‌ហាំ ប្រ‌ជាជន​យើង​ក៏​មានចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ស្រុក​អេស៊ីព្ទ រហូត​ដល់​មាន​ស្តេច​មួយ​ទៀត​ឡើង​សោយ​រាជ្យ តែ​ទ្រង់​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ ស្តេច​នោះ​ប្រព្រឹត្ត​នឹង​ពូជ​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ហើយ​បង្ខំ​ឲ្យ​បុព្វ​បុរស​របស់​យើង​បំបរ​បង់​ចោល​កូន​តូចៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​រស់​តទៅ​ទៀត។ នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ហើយ​លោក​ជា​កូន​ដ៏​ស្អាត​នៅ​ចំពោះ​ព្រះ។ គេ​ក៏​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​លោក អស់​រយៈ​ពេល​បី​ខែ កាល​គេ​យក​លោក​ទៅ​បំបរ​បង់​ចោល បុត្រី​របស់​ផារ៉ោន​ក៏​យក​លោក​ទៅ​ចិញ្ចឹម ទុក​ដូច​ជា​កូន​បង្កើត​របស់​ព្រះ​នាង។ លោក​បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​សាសន៍​អេស៊ីព្ទ ហើយ​លោក​ពូកែ​ទាំង​ការ​និយាយ​ស្ដី ពូកែ​ទាំង​ការ​ងារ។ លុះ​លោក​មាន​អាយុ​សែសិប​ឆ្នាំ លោក​មាន​ចិត្ត​នឹក​រឭក ចង់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​លោក។ ពេល​លោក​ឃើញ​គេ​ធ្វើ​បាប​បង‌ប្អូន​ម្នាក់​របស់​លោក លោក​ក៏​ចេញមុខ​ការ‌ពារ ហើយ​សង​សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៅ។ លោក​នឹក​ស្មាន​ថា ពួក​បង‌ប្អូន​របស់​លោក​មុខ​ជា​យល់​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​ដល់​គេ ដោយ​សារ​ដៃ​របស់​លោក តែ​គេ​មិន​យល់​ដូច្នោះ​ឡើយ។ នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះ​ឃើញពួក​គេ​កំពុង​ឈ្លោះ​គ្នា លោក​ក៏​ព្យាយាម​សម្រុះ​សម្រួល​ពួក​គេ ដោយ​ពោល​ថា "អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ?"។ ប៉ុន្តែ ម្នាក់​ដែល​កំពុង​ធ្វើ​បាប​អ្នក​ជិត​ខាង​របស់​ខ្លួននោះ ក៏​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា "តើ​អ្នក​ណា​បាន​តាំង​ឲ្យ​អ្នក​ធ្វើ​ជា​មេ​គ្រប់​គ្រង និង​ជា​ចៅ​ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​ជា​អ្នក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ពី​ម្សិល​មិញ​ដែរ​ឬ?" ។ កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ភៀស​ទៅ​នៅ​ស្រុក​ម៉ាឌាន ហើយ​នៅ​ស្រុក​នោះ លោក​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់។ លុះ​សែសិប​ឆ្នាំ​ក្រោយ​មក ទេវតា​របស់​ព្រះ‌អម្ចាស់​លេច​ឲ្យ​លោក​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​មួយ នៅ​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ។ ពេល​លោក​ម៉ូសេ​ឃើញ លោក​ឆ្ងល់​នឹង​ទិដ្ឋភាព​នោះ ហើយ​ពេល​លោក​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល ស្រាប់​តែ​មានព្រះ​សូរ​សៀង​របស់​ព្រះ‌អម្ចាស់​ចេញ​មក​ថា៖ "យើង​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប" ។ លោក​ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ។ បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា "ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ ជា​ដី​បរិសុទ្ធ។ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ហើយ​ក៏​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​គេ​ដែរ យើង​ចុះ​មកដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ" ។ លោក​ម៉ូសេ​នេះ ដែល​គេ​បាន​បដិសេធ​មិន​ព្រម​ទទួល ដោយ​ពោល​ថា "តើ​អ្នក​ណា​បាន​តាំង​ឲ្យអ្នក​ធ្វើ​ជា​មេ​គ្រប់​គ្រង និង​ជា​ចៅ​ក្រម?"។ លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​មេ​គ្រប់‌គ្រង និង​ជា​អ្នក​រំដោះ ដោយ​សារ​ដៃ​របស់​ទេវតា ដែល​បាន​លេច​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ព​បន្លា។ លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម និង​នៅ​ទី​រហោ‌ស្ថាន រយៈ​ពេល​សែសិប​ឆ្នាំ។ លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ថា "ព្រះ‌នឹង​លើកឲ្យ​មាន​ហោរា​ម្នាក់​ដូច​ខ្ញុំ ពីចំណោម​ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា" ។ លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​រហោ‌ស្ថាន ជាមួយ​ទេវតាដែល​ថ្លែង​មក​កាន់​លោកនៅ​ភ្នំ​ស៊ី‌ណាយ និង​ជា‌មួយ​បុព្វ‌បុរស​របស់​យើង។ លោក​បាន​ទទួល​ព្រះ‌បន្ទូល​រស់ យក​មក​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។ បុព្វ‌បុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គេ​ច្រាន​លោក​ចោល ហើយ​ចិត្ត​របស់​គេ គេ​បែរ​ទៅ​រក​ស្រុក​អេស៊ីព្ទ​វិញ ដោយ​ពោល​ទៅកាន់​លោក​អើរ៉ុន​ថា "ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង ដែល​នឹង​នាំ​មុខ​យើង ដ្បិត​លោក​ម៉ូសេ ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនេះ យើង​មិន​ដឹង​ជា​មាន​អ្វី​កើត​ឡើង​ដល់​លោក​ទេ" ។ នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​មួយ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយនឹង​ស្នាដៃ​របស់​ខ្លួន។ ប៉ុន្ដែ ព្រះ​បាន​បែរ​ចេញ ហើយ​ប្រគល់​គេ​ឲ្យ​គោរព​ថ្វាយ​បង្គំ​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ ដូច​មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​ថា "ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ រយៈ​ពេល​សែ​សិប​ឆ្នាំ​នៅ​ទីរហោស្ថាន តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​ឬទេ? អ្នក​រាល់​គ្នា​បាន​រើស​យក​ខ្ទម​របស់​ព្រះ‌ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ‌រេមផាន់ ជា​រូប​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ។ ដូច្នេះ យើង​នឹង​និរទេស​អ្នក​រាល់​គ្នា ទៅ​ហួស​ស្រុក​បាប៊ី​ឡូន​ទៅ​ទៀត" ។ បុព្វ‌បុរស​របស់​យើង​មាន​រោង​នៃ​សេចក្តី​បន្ទាល់​នៅ​ទី​រហោ‌ស្ថាន ដូច​ព្រះ‌អង្គ​បានមាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ ហើយ​បង្គាប់​លោក​ឲ្យ​ធ្វើ​តាម​គំរូដែល​លោក​បាន​ឃើញ។ បុព្វ‌បុរស​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​យក​មក​ជា‌មួយ​លោក​យ៉ូស្វេ ពេល​គេ​ចាប់​យក​ទឹកដីពី​សាសន៍​នានា ដែល​ព្រះ​បាន​បណ្តេញ​ចេញ​ពី​មុខ​បុព្វ‌បុរស​របស់​យើង។ រោង​នោះ នៅ​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងព្រះ‌បាទ​ដាវីឌ ហើយ​ស្តេច​បាន​ទូល​សូម​រក​ដំណាក់​មួយ​សម្រាប់​ព្រះ​របស់​លោក​យ៉ាកុប ។ ប៉ុន្ដែ ព្រះ‌បាទ​សាឡូ‌ម៉ូន​ឯ​ណោះ​វិញ​ទេ ដែល​បាន​សង់​ដំណាក់​មួយ​ថ្វាយព្រះ‌អង្គ។ ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ជា​ហោរា​បានថ្លែង​ថា "ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​ណា​ឲ្យ​យើង ឬ​តើ​កន្លែង​សម្រាក​របស់​យើង​ជា​អ្វី? តើ​មិន​មែន​ដៃ​របស់​យើង​ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ?" ឱ​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ! អស់​លោក​ចេះ​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា‌និច្ច មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ! តើ​មាន​ហោរា​ណា​ម្នាក់ ដែល​បុព្វ‌បុរស​របស់​អស់​លោក​មិន​បាន​បៀត​បៀន​នោះ? ពួក​គាត់​បាន​សម្លាប់​អស់​អ្នកដែល​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ជា​មុន ពី​ដំណើរ​ដែល​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក ឥឡូវ​នេះ អស់​លោក​បាន​ត្រឡប់​ជា​អ្នក​ក្បត់ ហើយ​សម្លាប់​ព្រះ‌អង្គ​នោះ​ថែម​ទៀត​ផង។ អស់​លោក​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ​តាម​រយៈ​ពួក​ទេវតា តែ​អស់​លោក​មិន​បាន​កាន់​តាម​សោះ!»។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:1-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​មហា‌បូជា‌ចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?» លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បងប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង បាន​មក​បង្ហាញ​ព្រះអង្គ​ឲ្យ​លោក​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!” ។ លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។ នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះអង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ពូជ‌ពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ” ។ បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។ ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែន‌ឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក ព្រះអង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះអង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​ព្រះ‌រាជ​វាំង​ទាំង​មូល​ផង។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។ ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា​នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។ នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បងប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។ បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណ‌ភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ​ដែរ។ គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែម ក្នុង​ផ្នូរ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ីគែម​នោះ។ លុះ​ជិត​ដល់​ពេល​ព្រះ‌ជាម្ចាស់​ត្រូវ​បំពេញ​តាម​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ ជន‌ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។ បន្ទាប់​មក មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប តែ​ស្ដេច​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។ ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ស្ដេច​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ‌បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។ លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។ កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។ លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។ លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​រួម​ជាតិ​របស់​លោក។ លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។ លោក​នឹក​ស្មាន​ថា បងប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។ នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បងប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។ ម្នាក់​ដែល​ធ្វើ​បាប​បងប្អូន​បាន​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា: “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល‌មិញ​នោះ​ដែរ​ឬ?” ។ កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។ សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតា*​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។ លោក​ម៉ូសេ​ងឿង‌ឆ្ងល់​ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថា: “យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប” ។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា: “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏វិសុទ្ធ*។ យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ” ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?” ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។ គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។ លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បងប្អូន​របស់​អ្នក​រាល់​គ្នា” ។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ដោយ​ពោល​ទៅ​កាន់​លោក​អើរ៉ុន​ថា: “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!” ។ នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញ‌បូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីក‌រាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ពេល​នោះ ព្រះ‌ជាម្ចាស់​ឈប់​រវី‌រវល់​នឹង​គេ ព្រះអង្គ​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា: “ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​អើយ! ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញ‌បូជា​អ្វី​មក​ឲ្យ​យើង​ឬ​ទេ? អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេម‌ផាន់ របស់​អ្នក​រាល់​គ្នា។ រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ ដើម្បី​យក​មក​ថ្វាយ‌បង្គំ!។ ដូច្នេះ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ី‌ឡូន​ទៅ​ទៀត” ។ នៅ​វាល​រហោ‌ស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះ‌ពន្លា*​របស់​ព្រះ‌ជាម្ចាស់សង់​ឡើង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។ បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះ‌ពន្លា​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះ‌ពន្លា​នេះ​នៅ​គង់‌វង្ស​រហូត​ដល់​ជំនាន់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌បាទ​ដាវីឌ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះអង្គ រក​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប តែ​ព្រះ‌បាទ​សាឡូម៉ូន​ឯ‌ណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះ‌ដំណាក់​នោះ។ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី*​បាន​ថ្លែង​ទុក​មក​ស្រាប់​ថា: “ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា? គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​នោះ​មក!” ។ អស់​លោក​ចិត្ត​រឹង‌រូស​អើយ! អស់​លោក​មាន​ចិត្ត​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ជានិច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ! គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀត‌បៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក ដែល​ប្រកាស​ទុក​ជា​មុន​ថា​ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះអង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះអង្គ​ថែម​ទៀត​ផង។ អស់​លោក​បាន​ទទួល​ក្រឹត្យ‌វិន័យ តាម​រយៈ​ទេវតា តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ!»។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:1-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សំដេច​សង្ឃ​សួរ​ថា សេចក្ដី​ទាំង​នេះ​ត្រូវ​ឬ​ទេ ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា «ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្តាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ» នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង ហើយ​ព្រះ‌ទ្រង់​មាន​បន្ទូល​បែប​ដូច្នេះ គឺ​ពូជ​លោក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​ចាប់​គេ​ធ្វើ​ជា​ខ្ញុំ​កំដរ ព្រម​ទាំង​ធ្វើ​ទុក្ខ​គេ​គ្រប់​៤០០​ឆ្នាំ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ» ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។ ឯ​ពួក​ឰយុកោ​ទាំង​នោះ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ នឹង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង រីឯ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កា‌ណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​ពួក​ឰយុកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​ឰយុកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក នឹង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ឰយុកោ​យើង​ដែរ គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។ កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ‌រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ‌ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី នឹង​ការ​ធ្វើ​យ៉ាង​ចំណាន កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​ខ្លួន លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដោយ​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់ ដ្បិត​លោក​ស្មាន​ថា​បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ‌ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ‌សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ តែ​អ្នក​១​ដែល​កំពុង​តែ​ធ្វើ​បាប​ដល់​អ្នក​ជិត​ខាង ក៏​ច្រាន​លោក​ចេញ​ដោយ​ពាក្យ​ថា តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង តើ​ចង់​សំឡាប់​អញ ដូច​ជា​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ ពី​ថ្ងៃ​ម្សិល‌មិញ​ឬ​អី កាល​ឮ​ពាក្យ​នោះ លោក​ម៉ូសេ​ក៏​រត់​ភៀស​ទៅ​ស្នាក់​នៅ​ស្រុក​ម៉ាឌាន​ទៅ ហើយ​បង្កើត​បាន​កូន​ប្រុស​២​នៅ​ស្រុក​នោះ​ឯង។ លុះ​ក្រោយ​មក​៤០​ឆ្នាំ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឲ្យ​លោក​ម៉ូសេ​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​ត្រង់​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ថា «អញ​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ រួច​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា «ចូរ​ដោះ​ស្បែក​ជើង​ឯង​ចេញ ដ្បិត​កន្លែង​ដែល​ឯង​ឈរ​នោះ​ជា​ដី​បរិសុទ្ធ អញ​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក ដែល​គេ​ធ្វើ​ដល់​រាស្ត្រ​អញ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​ឮ​សូរ​ដំងូរ​របស់​គេ​ដែរ ហេតុ​នោះ​បាន​ជា​អញ​ចុះ​មក ដើម្បី​ប្រោស​ឲ្យ​គេ​រួច ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ» ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម»​ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ នឹង​ទី​សំគាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ដល់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ថា «ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ជា​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ​ចុះ» គឺ​លោក​នេះ​ឯង ដែល​បាន​នៅ​ក្នុង​ពួក​ជំនុំ​នៅ​ទី​រហោ‌ស្ថាន​ជា​មួយ​នឹង​ទេវតា ដែល​មាន​បន្ទូល​នឹង​លោក នៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​បាន​ទទួល​ព្រះ‌បន្ទូល​រស់ សំរាប់​នឹង​បន្ត​មក​ដល់​យើង​រាល់​គ្នា​ដែរ តែ​ពួក​ឰយុកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ ដោយ​និយាយ​នឹង​អើរ៉ុន​ថា «ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា ដែល​នឹង​នាំ​មុខ​យើង​ផង ដ្បិត​ឯ​លោក​ម៉ូសេ​នោះ ដែល​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​មាន​កើត​គ្រោះ​ថ្នាក់​អ្វី​ដល់​លោក​ទេ» នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ នោះ​ព្រះ‌ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ពួក​ហោរា​ថា «ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​សត្វ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នោះ ព្រម​ទាំង​រើស​យក​បារាំ​របស់​ព្រះ‌ម៉ូឡុក នឹង​ផ្កាយ​របស់​ព្រះ‌រេម‌ផាន់ ជា​រូប​ដែល​ឯង​បាន​ធ្វើ សំរាប់​នឹង​ថ្វាយ‌បង្គំ​ផង នោះ​តើ​បាន​ថ្វាយ​ដល់​អញ​ឬ ដូច្នេះ អញ​នឹង​និរទេស​ឯង​រាល់​គ្នា ឲ្យ​ទៅ​នៅ​ខាង​នាយ​ស្រុក​បាប៊ីឡូន​វិញ»។ រីឯ​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់ នោះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​ព្រះ​បាន​បង្គាប់​មក ឲ្យ​លោក​ម៉ូសេ​ធ្វើ​តាម​គំរូ ដែល​លោក​បាន​ឃើញ ពួក​ឰយុកោ​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ជា​មួយ​នឹង​លោក​យ៉ូស្វេ ក្នុង​កាល​ដែល​គេ​ចាប់​យក​អស់​ទាំង​នគរ​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ​បាន​បណ្តេញ ពី​មុខ​ពួក​ឰយុកោ​យើង​ចេញ ដរាប​ដល់​រាជ្យ​ហ្លួង​ដាវីឌ។ រីឯ​ហ្លួង​ដាវីឌ​នេះ ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទ្រង់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ប្រាថ្នា​ចង់​រក​ទី​លំនៅ​សំរាប់​ព្រះ​នៃ​យ៉ាកុប តែ​គឺ​ហ្លួង​សាឡូម៉ូន​វិញ ដែល​ស្អាង​ដំណាក់​១​ថ្វាយ​ដល់​ព្រះ ប៉ុន្តែ ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ឡើយ​ដូច​ជា​ហោរា​បាន​ទាយ​ថា «ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា តើ​ឯង​រាល់​គ្នា​នឹង​ស្អាង​ដំណាក់​ណា​ឲ្យ​អញ ឬ​កន្លែង​ណា​ឲ្យ​អញ​ឈប់​សំរាក​បាន តើ​មិន​មែន​ដៃ​អញ ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ​អី» ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះ‌អង្គ​នោះ អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រិត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។

ចែក​រំលែក
អាន កិច្ចការ 7