កិច្ចការ 7:1-16

កិច្ចការ 7:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ថា៖ «តើមាន​ការ​ដូច្នេះ​មែន​ឬ?» លោក​ស្ទេផាន​ឆ្លើយ​ថា៖ «ពុក​ម៉ែ​បង‌ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន។ ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​បាន​លេច​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង​ឃើញ កាល​លោក​នៅឯ​ស្រុក​មេសូ‌ប៉ូតាមា មុន​ពេល​លោកទៅ​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ "ចូរ​អ្នក​ចេញ​ពី​ស្រុក និង​ពី​ញាតិ​សន្តាន​របស់​អ្នក ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក" ។ បន្ទាប់​មក លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់‌ដេ ទៅ​នៅ​ស្រុក​ខារ៉ាន។ ក្រោយ​ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះបាន​ឲ្យ​លោក​ចេញ​ពី​ទី​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ ព្រះ​មិន​បាន​ប្រទាន​ឲ្យ​លោក​មាន​មត៌ក​អ្វី​នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មានផង តែទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​មត៌ក​ដល់​លោក និង​ពូជ​ពង្ស​របស់​លោក​ជំនាន់​ក្រោយ ទោះ​ជា​លោក​មិន​ទាន់​មាន​កូន​ក៏​ដោយ។ ព្រះ‌មាន​ព្រះ‌បន្ទូល​ដូច្នេះថា "ពូជ​ពង្ស​អ្នក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ទាសករ ហើយ​ធ្វើ​ទុក្ខ​ទោស​គេ​រយៈ​ពេល​បួនរយ​ឆ្នាំ"។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា "យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​យក​ពួកគេ​ទៅ​បម្រើ ហើយ​ក្រោយ​មក គេ​នឹង​ចេញ​មក​គោរព​ថ្វាយ​បង្គំ​យើង​នៅ​កន្លែង​នេះ" ។ ព្រះ‌អង្គបាន​តាំង​សញ្ញា​ខាង​ការ​កាត់​ស្បែក​ដល់​លោក។ ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី។ លោក​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​លោក​យ៉ាកុប​បង្កើត​បុព្វ​បុរស​ទាំង​ដប់ពីរ​រូប។ បុព្វ‌បុរស​ទាំង​នោះ​ក៏​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​គង់​ជា‌មួយ​លោក ហើយ​ប្រោស​ឲ្យ​លោក​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង​វៃ និង​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ផារ៉ាន​ក៏​តាំង​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​នោះ និង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល។ ពេល​នោះ មាន​អំណត់​កើត​ឡើង​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កា‌ណាន ហើយ​មានទុក្ខ​វេទនា​ជា​ខ្លាំង បុព្វ‌បុរស​របស់​យើង​រក​អ្វី​បរិ‌ភោគ​មិន​បាន​ឡើយ។ ប៉ុន្ដែ កាល​លោក​យ៉ាកុប​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ លោក​ក៏​ចាត់​បុព្វ‌បុរស​របស់​យើងឲ្យ​ទៅ​ជា​លើក​ទី​មួយ។ លុះ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​របស់​លោក​យ៉ូសែប​ដែរ។ ពេល​នោះ លោក​យ៉ូសែបក៏​ចាត់​គេឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​អស់ មាន​ចំនួន​ចិតសិប​ប្រាំ​នាក់​នោះ​មក។ ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​លោក និងបុព្វ‌បុរស​របស់​យើងក៏​បាន​ស្លាប់​នៅ​ទី​នោះ។ គេ​បាន​ដង្ហែ​សព​លោកទៅ​ក្រុង​ស៊ីគែម ហើយ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញពី​កូន​ចៅ​ហេម័រ នៅក្រុង​ស៊ីគែម​នោះ។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​មហា‌បូជា‌ចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?» លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បងប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង បាន​មក​បង្ហាញ​ព្រះអង្គ​ឲ្យ​លោក​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!” ។ លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។ នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះអង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ពូជ‌ពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ” ។ បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។ ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែន‌ឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក ព្រះអង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះអង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​ព្រះ‌រាជ​វាំង​ទាំង​មូល​ផង។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។ ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា​នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។ នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បងប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។ បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណ‌ភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ​ដែរ។ គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែម ក្នុង​ផ្នូរ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ីគែម​នោះ។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សំដេច​សង្ឃ​សួរ​ថា សេចក្ដី​ទាំង​នេះ​ត្រូវ​ឬ​ទេ ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា «ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្តាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ» នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង ហើយ​ព្រះ‌ទ្រង់​មាន​បន្ទូល​បែប​ដូច្នេះ គឺ​ពូជ​លោក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​ចាប់​គេ​ធ្វើ​ជា​ខ្ញុំ​កំដរ ព្រម​ទាំង​ធ្វើ​ទុក្ខ​គេ​គ្រប់​៤០០​ឆ្នាំ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ» ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។ ឯ​ពួក​ឰយុកោ​ទាំង​នោះ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ នឹង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង រីឯ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កា‌ណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​ពួក​ឰយុកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​ឰយុកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក នឹង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ឰយុកោ​យើង​ដែរ គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។

ចែក​រំលែក
អាន កិច្ចការ 7