កិច្ចការ 6:3-7
កិច្ចការ 6:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បងប្អូនអើយ ចូររើសប្រាំពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យបំពេញការងារនេះ។ ឯយើងខ្ញុំវិញ យើងខ្ញុំនឹងខំព្យាយាមក្នុងការអធិស្ឋាន និងការបម្រើព្រះបន្ទូលវិញ»។ ក្រុមជំនុំទាំងមូលពេញចិត្តនឹងសេចក្ដីដែលពួកសាវកមានប្រសាសន៍ ហើយគេក៏រើសយកស្ទេផាន ជាមនុស្សពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍។ គេនាំអ្នកទាំងនេះមកឈរនៅមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋាន ហើយដាក់ដៃលើគេ។ ព្រះបន្ទូលរបស់ព្រះក៏កាន់តែចម្រើនឡើង ហើយចំនួនពួកសិស្សកើនឡើងយ៉ាងច្រើននៅក្រុងយេរូសាឡិម ឯពួកសង្ឃយ៉ាងច្រើនលើសលុបក៏បានប្រតិបត្តិតាមជំនឿដែរ។
កិច្ចការ 6:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីររូប ក្នុងចំណោមបងប្អូន ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។ រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល»។ ពួកសិស្សទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ*ពីលើអ្នកទាំងនោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលុបសុខចិត្តប្រតិបត្តិតាមជំនឿដែរ។
កិច្ចការ 6:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ សេចក្ដីនោះក៏ពេញចិត្តដល់ពួកជំនុំទាំងអស់គ្នា ហើយគេរើសយកស្ទេផាន១ ជាមនុស្សពេញដោយសេចក្ដីជំនឿ នឹងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព១ ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ នឹងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍១ ក៏នាំអ្នកទាំងនោះមកនៅចំពោះមុខពួកសាវក កាលពួកសាវកបានអធិស្ឋានរួចហើយ នោះក៏ដាក់ដៃលើអ្នកទាំង៧នាក់នោះ ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។