កិច្ចការ 6:1-4
កិច្ចការ 6:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ កាលពួកសិស្សមានចំនួនកើនឡើង នោះពួកហេលេន ចាប់តាំងរអ៊ូរទាំទាស់នឹងពួកហេព្រើរ ព្រោះគេធ្វេសក្នុងការចែកចាយអាហារប្រចាំថ្ងៃ ដល់ពួកស្ត្រីមេម៉ាយរបស់ខ្លួន។ សាវកទាំងដប់ពីររូបក៏ហៅសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំទុកចោលការប្រកាសព្រះបន្ទូលរបស់ព្រះ ទៅបម្រើតុឡើយ។ ដូច្នេះ បងប្អូនអើយ ចូររើសប្រាំពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យបំពេញការងារនេះ។ ឯយើងខ្ញុំវិញ យើងខ្ញុំនឹងខំព្យាយាមក្នុងការអធិស្ឋាន និងការបម្រើព្រះបន្ទូលវិញ»។
កិច្ចការ 6:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូរទាំទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ សាវ័ក*ទាំងដប់ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីររូប ក្នុងចំណោមបងប្អូន ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។ រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល»។
កិច្ចការ 6:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយរបស់ពួកហេលេននោះ ពួកសាវក១២នាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា មិនគួរគប្បីឲ្យយើងខ្ញុំទុកព្រះបន្ទូលចោល ដើម្បីនឹងទៅបំរើតុទេ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ