កិច្ចការ 6:1-15

កិច្ចការ 6:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ កាល​ពួក​សិស្ស​មាន​ចំនួនកើន​ឡើង នោះ​ពួក​ហេលេន ចាប់​តាំង​រអ៊ូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ ព្រោះ​គេ​ធ្វេស​ក្នុង​ការ​ចែក​ចាយ​អាហារ​ប្រចាំ​ថ្ងៃ ដល់​ពួក​ស្ត្រី​មេម៉ាយ​របស់​ខ្លួន។ សាវក​ទាំង​ដប់​ពីរ​រូប​ក៏​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ទុក​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ ទៅ​បម្រើ​តុ​ឡើយ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​រើស​ប្រាំពី​រនាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​បំពេញ​ការ‌ងារ​នេះ។ ឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​ខំ​ព្យាយាម​ក្នុងការ​អធិស្ឋាន និង​ការបម្រើ​ព្រះ‌បន្ទូល​វិញ»។ ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។ គេ​នាំ​អ្នក​ទាំង​នេះ​មក​ឈរ​នៅ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ហើយ​ដាក់​ដៃ​លើ​គេ។ ព្រះ‌បន្ទូល​របស់​ព្រះ​ក៏​កាន់​តែ​ចម្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្សកើន​ឡើងយ៉ាង​ច្រើន​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ​យ៉ាង​ច្រើន​លើស​លុប​ក៏​បាន​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។ លោក​ស្ទេផាន ដែល​ពេញ​ដោយ​ជំនឿ និង​ព្រះ‌ចេស្តា បាន​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​ធំ​ៗ នៅ​ក្នុង​ចំណោមប្រ‌ជាជន។ ពេល​នោះ មាន​អ្នក​ខ្លះ​មក​ពី​សាលា​ប្រជុំ ដែល​គេ​ហៅថា ក្រុម​សេរីភាព មក​ពី​ស្រុក​គីរេន មក​ពី​ស្រុក​អ័លេ‌ក្សានទ្រា មក​ពី​ស្រុក​គី‌លីគា និង​ស្រុក​អាស៊ី គេ​លើក​គ្នា​ជជែក​ជាមួយ​លោក​ស្ទេផាន។ ប៉ុន្ដែ គេ​មិន​អាច​ទប់​ទល់​នឹង​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​ដោយ​ប្រាជ្ញា និង​ព្រះ‌វិញ្ញាណ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​អូស​ទាញ​អ្នក​ខ្លះ​ដោយ​សម្ងាត់ ឲ្យ​និយាយ​ថា៖ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និងប្រមាថ​ព្រះ»។ អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ប្រជា‌ជន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ហើយ​គេ​នាំ​គ្នា​ចូល​មក​ចាប់​គាត់ បញ្ជូន​ទៅ​ក្រុម‌ប្រឹក្សា។ ពួក​គេបាន​រៀប​ចំ​សាក្សី​ក្លែង​ឲ្យ​និយាយ​ថា៖ «ជន​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រឆាំង​នឹង​ទី​បរិសុទ្ធ និង​ក្រឹត្យ‌វិន័យ ដ្បិត​យើង​ខ្ញុំ​បាន​ឮគាត់​និយាយ​ថា ឈ្មោះ​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​នេះ នឹង​បំផ្លាញ​កន្លែង​នេះ​ចោល ហើយ​បំផ្លាស់​បំប្រែ​ទំនៀម​ទម្លាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ទៀត​ផង!» អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ទាំង​ប៉ុន្មាន សម្លឹង​មើល​មុខ​លោក​ស្ទេផាន​គ្រប់​គ្នា ហើយ​គេ​ឃើញ​មុខ​របស់​លោក ដូច​ជា​មុខ​ទេវតា។

ចែក​រំលែក
អាន កិច្ចការ 6

កិច្ចការ 6:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។ សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ទៅ​បម្រើ​តុ​ឡើយ។ ហេតុ​នេះ បងប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ‌ពីរ​រូប ក្នុង​ចំណោម​បងប្អូន ដែល​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើ​ព្រះ‌បន្ទូល»។ ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរ‌ពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូ‌រ៉ុស លោក​នីកា‌ន័រ លោក​ទីម៉ូន លោក​ប៉ាមេ‌ណា និង​លោក​នីកូ‌ឡាស ជា​អ្នក​ស្រុក​អន់‌ទី‌យ៉ូក ដែល​ចូល​សាសនា​យូដា។ គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ឮ​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជា‌ចារ្យ*​ដ៏​ច្រើន​លើស‌លុប​សុខ​ចិត្ត​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។ លោក​ស្ទេផាន​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌គុណ និង​ឫទ្ធា‌នុភាព ដែល​ធ្វើ​ឲ្យ​លោក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជា‌ជន។ មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំ*​ដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលី‌គា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែក​ជា​មួយ​លោក​ស្ទេផាន ប៉ុន្តែ គេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះ‌វិញ្ញាណ។ ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះ‌ជាម្ចាស់»។ គេ​បាន​បំបះ‌បំបោរ​ប្រជា‌ជន បំបះ‌បំបោរ​ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*។ គេ​នាំ​សាក្សី​ក្លែងក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះ‌វិហារ* ប្រឆាំង​នឹង​ក្រឹត្យ‌វិន័យ* ឥត​ឈប់​ឈរ។ យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នោះ​នឹង​រុះ​ព្រះ‌វិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃ‌ណី​ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។ អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់‌ទ្រាយ​ដូច​មុខ​របស់​ទេវតា*។

ចែក​រំលែក
អាន កិច្ចការ 6

កិច្ចការ 6:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ កាល​ពួក​សិស្ស​បាន​ចំរើន​ច្រើន​ឡើង នោះ​ពួក​ហេលេន​ចាប់​តាំង​រទូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ​នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ ពួក​សាវក​១២​នាក់​ក៏​ហៅ​សិស្ស​ទាំង​អស់​មក​និយាយ​ថា មិន​គួរ​គប្បី​ឲ្យ​យើង​ខ្ញុំ​ទុក​ព្រះ‌បន្ទូល​ចោល ដើម្បី​នឹង​ទៅ​បំរើ​តុ​ទេ ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត‌ត្រា​លើ​ការ‌ងារ​នេះ ឯ​យើង​ខ្ញុំ នឹង​ខំ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន នឹង​ការ​ផ្សាយ​ព្រះ‌បន្ទូល​វិញ សេចក្ដី​នោះ​ក៏​ពេញ​ចិត្ត​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​គេ​រើស​យក​ស្ទេផាន​១ ជា​មនុស្ស​ពេញ​ដោយ​សេចក្ដី​ជំនឿ នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព​១ ប្រូខូរ៉ុស​១ នីកាន័រ​១ ទីម៉ូន​១ ប៉ាមេណា​១ នឹង​នីកូឡាស ជា​អ្នក​ស្រុក​អាន់‌ទី‌យ៉ូក ដែល​ចូល​សាសន៍​១ ក៏​នាំ​អ្នក​ទាំង​នោះ​មក​នៅ​ចំពោះ​មុខ​ពួក​សាវក កាល​ពួក​សាវក​បាន​អធិស្ឋាន​រួច​ហើយ នោះ​ក៏​ដាក់​ដៃ​លើ​អ្នក​ទាំង​៧​នាក់​នោះ ព្រះ‌បន្ទូល​ក៏​បាន​ផ្សាយ​ទៅ​កាន់​តែ​ច្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្ស បាន​ចំរើន​ឡើង​ក្រៃ‌លែង នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ ក៏​មាន​សន្ធឹក​ចុះ​ចូល​ជឿ​ដែរ។ ឯ​ស្ទេផាន ដែល​ពេញ​ដោយ​សេចក្ដី​ជំនឿ នឹង​ព្រះ‌ចេស្តា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ នឹង​ទី​សំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន គ្រា​នោះ មាន​អ្នក​ខ្លះ​ក្នុង​ពួក​ដែល​ហៅ​ថា ពួក​អ្នក​បំរោស នឹង​ពួក​ស្រុក​គីរេន ពួក​ស្រុក​អ័លេ‌ក្សានទ្រា ពួក​អ្នក​មក​ពី​ស្រុក​គីលីគា ហើយ​ស្រុក​អាស៊ី គេ​លើក​គ្នា​មក​ជជែក​នឹង​ស្ទេផាន តែ​គេ​ពុំ​អាច​ដើម្បី​ទប់​ទល់​នឹង​ប្រាជ្ញា ហើយ​នឹង​ព្រះ‌វិញ្ញាណ ដែល​គាត់​អាង​នឹង​និយាយ​នោះ​បាន​ទេ នោះ​គេ​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​បង្កាច់​ថា យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ដល់​បណ្តាជន ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ រួច​នាំ​គ្នា​ទៅ​ចាប់​គាត់ យក​ទៅ​ដល់​ពួក​ក្រុម‌ជំនុំ គេ​តាំង​ឲ្យ​មាន​សាក្សី​ក្លែង​និយាយ​ថា មនុស្ស​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រមាថ​ដល់​ទី​បរិសុទ្ធ​នឹង​ក្រិត្យ‌វិន័យ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​វា​ថា ឈ្មោះ​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​នោះ នឹង​បំផ្លាញ​ទី​នេះ​បង់ ព្រម​ទាំង​បំផ្លាស់​បំប្រែ​ទំនៀម‌ទំលាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​រាល់​គ្នា​ចេញ តែ​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម‌ជំនុំ ក៏​ជាប់​ភ្នែក​មើល​មុខ​គាត់ ឃើញ​ដូច​ជា​មុខ​ទេវតា។

ចែក​រំលែក
អាន កិច្ចការ 6