កិច្ចការ 5:27-30
កិច្ចការ 5:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេបាននាំពួកសាវកមក គេឲ្យពួកលោកឈរនៅមុខក្រុមប្រឹក្សា។ សម្តេចសង្ឃសួរពួកលោកថា៖ «យើងបានហាមអ្នករាល់គ្នាមិនឲ្យបង្រៀនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយអ្នករាល់គ្នាចង់ទម្លាក់ឈាមបុរសនោះ មកលើយើងទៀតផង»។ ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើង ទ្រង់បានប្រោសព្រះយេស៊ូវ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានព្រះជន្មរស់ឡើងវិញ។
កិច្ចការ 5:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះនាំក្រុមសាវ័កមកដល់ហើយ គេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ លោកមហាបូជាចារ្យសួរក្រុមសាវ័កថា៖ «យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង!»។ លោកពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។
កិច្ចការ 5:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបាននាំមកដាក់នៅមុខក្រុមជំនុំហើយ នោះសំដេចសង្ឃស្តីថា តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី តែមើល ឯងរាល់គ្នាបានបង្រៀនសេចក្ដីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទំលាក់ទោសពីឈាមមនុស្សនោះមកលើយើងផង តែពេត្រុស នឹងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ