កិច្ចការ 5:26-32

កិច្ចការ 5:26-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។ កាល​គេ​បាន​នាំ​ពួក​សាវក​មក គេ​ឲ្យ​ពួក​លោកឈរ​នៅ​មុខ​ក្រុម‌ប្រឹក្សា។ សម្តេច​សង្ឃ​សួរ​ពួក​លោក​ថា៖ «យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូ‌សាឡិម ហើយ​អ្នក​រាល់​គ្នាចង់ទម្លាក់​ឈាម​បុរស​នោះ មក​លើ​យើង​ទៀត​ផង»។ ប៉ុន្ដែ លោក​ពេត្រុស និង​សាវក​ឯ​ទៀតឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ ព្រះ​នៃបុព្វ​បុរស​របស់​យើង ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើនោះ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌បាន​តម្កើង​ព្រះ​យេស៊ូវ​ឡើង ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ប្រទាន​ការ​ប្រែ​ចិត្តដល់​សាសន៍​អ៊ីស្រា‌អែល និងការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំងនេះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ ក៏​ជា​បន្ទាល់​ពី​ហេតុការ​ណ៍​ទាំង​នេះ​ដែរ»។

ចែក​រំលែក
អាន កិច្ចការ 5

កិច្ចការ 5:26-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មេ​កង​រក្សា​ព្រះ‌វិហារ​ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។ លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហា‌បូជា‌ចារ្យ​សួរ​ក្រុម​សាវ័ក​ថា៖ «យើង​បាន​ហាម‌ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។ លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទ្រង់​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប*។ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះអង្គ​ទ្រង់​ក៏​ជា​សាក្សី​ដែរ»។

ចែក​រំលែក
អាន កិច្ចការ 5

កិច្ចការ 5:26-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មេ​ទ័ព នឹង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តាជន​ចោល​ខ្លួន​នឹង​ថ្ម កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុម‌ជំនុំ​ហើយ នោះ​សំដេច​សង្ឃ​ស្តី​ថា តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង តែ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស រីឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​លោក​រាល់​គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប យើង​ខ្ញុំ​នេះ ព្រម​ទាំង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ទ្រង់​ដែរ ជា​ស្មរ​បន្ទាល់​របស់​ទ្រង់​ពី​ការ​ទាំង​នោះ។

ចែក​រំលែក
អាន កិច្ចការ 5