កិច្ចការ 5:1-42

កិច្ចការ 5:1-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ មាន​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ប្រពន្ធ​ឈ្មោះ​សា‌ភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ ហើយ​គាត់​បាន​លាក់​ប្រាក់​នោះ​ទុក​ខ្លះសម្រាប់​ខ្លួន​ឯង ដោយ​ប្រពន្ធ​របស់​គាត់​ក៏​ដឹង​ឮដែរ រួច​នាំ​យក​មួយ​ចំណែក​មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។ លោក​ពេត្រុស​សួរ​ថា៖ «អាណា‌នាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​កុហក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង​ដូច្នេះ? កាល​ដី​នោះ​មិន​ទាន់​លក់​នៅ​ឡើយ តើ​ដីនោះ​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? ហើយ​ក្រោយ​ពី​លក់​ទៅ តើ​ប្រាក់​នោះមិន​នៅ​ក្នុង​អំណាច​របស់​អ្នក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ? នេះ​មិន​មែន​កុហក​មនុស្ស​ទេ គឺ​កុហក​ព្រះ​ទេតើ!»។ កាល​អាណា‌នាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​មាន​ការ​ស្ញែង​ខ្លាច។ ពួក​យុវជន​ក្រោក​ឡើង រុំ​សព​របស់​គាត់ ហើយ​សែង​ចេញ​យក​ទៅ​កប់។ ប្រហែល​ជា​បី​ម៉ោង​ក្រោយ​មក ប្រពន្ធ​របស់​គាត់​ក៏​ចូល​មក ដោយ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​ដែល​កើតឡើង​ទេ។ លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំមើល៍ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?» នាង​ឆ្លើយ​តប​ថា៖ «ចាស៎ បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។ ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍ទៅ​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ព្រម​ព្រៀង​គ្នា​ល្បង​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល​ហ្ន៎ ជើង​អស់​អ្នក​ដែល​បញ្ចុះ​សព​ប្តី​របស់​នាង នៅនឹង​មាត់​ទ្វារ​ស្រាប់​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់​ដូច្នេះ គេ​ក៏​សែង​យក​សព​នាង​ទៅកប់ នៅ​ក្បែរ​សព​ប្តី​របស់នាង។ ក្រុម​ជំនុំ​ទាំង​មូល និង​អស់​អ្នក​ដែល​ឮ​ពី​ហេតុ‌ការណ៍​នេះ មាន​ការ​ស្ញែង​ខ្លាច​ជា​ខ្លាំង។ មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង​ក្នុង​ចំណោម​ប្រ‌ជាជន តាម​រយៈ​ពួក​សាវក ហើយ​គេ​ទាំង​អស់​មូល​ចិត្ត​គ្នាតែ​មួយ នៅ​ក្នុង​ថែវ​ព្រះបាទ​សាឡូ‌ម៉ូន អ្នក​ឯ​ទៀតៗ មិន​ហ៊ាន​ចូល​រួម​ជាមួយ​ពួក​គេ​ឡើយ តែ​ប្រជា‌ជន​កោត​សរសើរពួក​គេជា​ខ្លាំង។ អស់​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ បាន​កើន​ឡើងជា​លំដាប់ គឺ​មាន​មនុស្ស​ជាច្រើន ទាំង​ប្រុស​ទាំង​ស្រី ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្សដែល​មាន​ជំងឺ​ផ្សេងៗ មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែស្នែង លើកន្ទេល ដើម្បី​កាល​ណា​លោក​ពេត្រុស​ដើរ​កាត់ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​លោក បាំង​ទៅ​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម បាន​នាំ​គ្នា​យក​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូលមក​ជាមួយ ហើយ​គេ​បាន​ជាទាំងអស់​គ្នា។ ពេល​នោះ សម្តេច​សង្ឃ និង​អស់​អ្នក​នៅ​ជា‌មួយ​លោក ដែល​ជា​ពួក​សាឌូ‌ស៊ី បាន​លើក​គ្នា​ប្រឆាំង ហើយ​ដោយ​ព្រោះ​មាន​ពេញ​ដោយ​ចិត្ត​ច្រណែន គេ​ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​គុក​សាធារណៈ។ ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​មក​បើក​ទ្វារ​គុក នាំ​ពួក​លោក​ចេញ ហើយ​ប្រាប់​ថា៖ «ចូរ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ ហើយ​ប្រកាស​ឲ្យ​ប្រជា‌ជនស្ដាប់ គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ជីវិត​នេះ​ទៅ»។ កាល​បាន​ឮ​ដូច្នេះ ពួក​លោក​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​តាំង​ពីព្រលឹម ហើយ​ចាប់​ផ្ដើម​បង្រៀន។ ពេល​សម្តេច​សង្ឃ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​មក​ដល់ គេ​ហៅ​ក្រុម‌ប្រឹក្សា និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់មក​ជួប​ជុំ​គ្នា រួច​ចាត់​គេឲ្យ​ទៅ​ឯ​គុក ដើម្បី​នាំ​ពួក​សាវក​មក។ ប៉ុន្ដែ កាល​ពួក​កង​រក្សា​ព្រះ​វិហារ​បាន​ទៅ​ដល់​ទីនោះ គេ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ ដូច្នេះ គេ​ក៏​ត្រឡប់​មក​វិញ ហើយ​រាយការណ៍​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ហើយ​អ្នក​យាម​ក៏​ឈរ​នៅ​មាត់​ទ្វារ​ដែរ តែ​ពេល​បើក​ទ្វារ​ទៅ យើង​មិន​ឃើញ​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​នោះ​សោះ»។ ពេល​មេទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​ឮ​ដូច្នេះ ពួកគេ​ក៏​វិល​វល់​ក្នុង​ចិត្តអំពីពួកសាវក ដោយ​ឆ្ងល់​ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ ពេល​នោះ មាន​ម្នាក់​ចូល​មកប្រាប់​ពួក​គេ​ថា៖ «មើល៍! ពួកអ្នក​ដែល​លោក​បាន​ដាក់​គុក​នោះ កំពុង​តែ​ឈរ​បង្រៀន​ប្រ‌ជាជន នៅ​ក្នុង​ព្រះ‌វិហារ​ឯណោះ!»។ ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។ កាល​គេ​បាន​នាំ​ពួក​សាវក​មក គេ​ឲ្យ​ពួក​លោកឈរ​នៅ​មុខ​ក្រុម‌ប្រឹក្សា។ សម្តេច​សង្ឃ​សួរ​ពួក​លោក​ថា៖ «យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូ‌សាឡិម ហើយ​អ្នក​រាល់​គ្នាចង់ទម្លាក់​ឈាម​បុរស​នោះ មក​លើ​យើង​ទៀត​ផង»។ ប៉ុន្ដែ លោក​ពេត្រុស និង​សាវក​ឯ​ទៀតឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ ព្រះ​នៃបុព្វ​បុរស​របស់​យើង ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើនោះ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌បាន​តម្កើង​ព្រះ​យេស៊ូវ​ឡើង ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ប្រទាន​ការ​ប្រែ​ចិត្តដល់​សាសន៍​អ៊ីស្រា‌អែល និងការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំងនេះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ ក៏​ជា​បន្ទាល់​ពី​ហេតុការ​ណ៍​ទាំង​នេះ​ដែរ»។ កាល​ក្រុម‌ប្រឹក្សា​បាន​ឮដូច្នេះ គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ពួក​សាវក​ទៀត​ផង។ ប៉ុន្តែ មាន​បុរស​ខាង​ផារិ‌ស៊ី​ម្នាក់នៅ​ក្នុង​ក្រុម​ប្រឹក្សា ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ប្រជាជន​គោរព​គ្រប់​គ្នា ក្រោក​ឈរ​ឡើង ហើយ​បង្គាប់​ឲ្យ​នាំ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅគេ​ថា៖ «បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ចូរ​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​បង‌ប្អូនប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។ ដ្បិត​ពេល​ថ្មីៗ​នេះ មាន​ឈ្មោះ​ធើដាស បាន​តាំង​ខ្លួន​ឡើង ដោយ​ប្រកាស​ថា​ខ្លួន​ជា​វីរជន មាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់​បាន​ចូល​រួម​ជាមួយ​គាត់ តែគាត់​ត្រូវ​គេ​សម្លាប់ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មានដែល​ចូល​ដៃ​ជាមួយ​គាត់ ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​គ្មាន​សល់។ បន្ទាប់​មក នៅ​គ្រា​ជំរឿន​ប្រជា‌ជន មាន​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ បាន​តាំង​ខ្លួន​ឡើង​ម្នាក់​ទៀត ហើយ​បាន​បញ្ចុះ​បញ្ចូល​មនុស្ស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់។ គាត់​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជាមួយគាត់​ទាំង​ប៉ុន្មាន ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​អស់។ ដូច្នេះ ក្នុង​ករណី​នេះ ខ្ញុំសូម​ទូន្មាន​បង‌ប្អូន​ថា ចូរ​ដក​ខ្លួន​ចេញ​ពី​អ្នក​ទាំង​នេះ​ទៅ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​ប្រសិន‌បើ​គម្រោង‌ការ​នេះ ឬ​ការ​ដែល​គេ​ធ្វើ​នេះ​មក​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន តែ​ប្រសិន‌បើ​មក​ពី​ព្រះ​វិញ នោះ​បង‌ប្អូន​ពុំ​អាច​នឹង​បំផ្លាញ​គេ​បាន​ទេ ក្រែង​បង‌ប្អូន​ជាប់​ទោស​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ!» ដូច្នេះ គេ​ក៏​យល់​ព្រម​តាម​គំនិត​របស់​លោក ហើយ​កាល​គេ​បាន​ហៅ​ពួក​សាវក​មក​វិញ គេ​ក៏​បញ្ជា​ឲ្យ​វាយ​ពួក​លោក​នឹង​រំពាត់ ហើយ​ហាម​មិន​ឲ្យ​និយាយ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​ក៏​ដោះ​លែង​ពួកលោក​ឲ្យ​ចេញ​ទៅ។ ពេល​នោះ ពួក​សាវក​ក៏​ចេញ​ពី​ក្រុម​ប្រឹក្សា​ដោយ​អរ​សប្បាយ ព្រោះ​ព្រះ​បាន​រាប់គេ​ជា​អ្នក​ស័ក្តិ‌សម​នឹង​រង​ដំនៀល ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេស៊ូវ។ រាល់​ថ្ងៃ អ្នក​ទាំង​នោះ​តែង​បង្រៀន និង​ប្រកាស​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌គ្រីស្ទ នៅ​ក្នុង​ព្រះ‌វិហារ និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ។

ចែក​រំលែក
អាន កិច្ចការ 5

កិច្ចការ 5:1-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់​ឈ្មោះ អាណា‌ណាស ភរិយា​ឈ្មោះ សាភី‌រ៉ា។ គាត់​ក៏​បាន​លក់​ដី​របស់​គាត់​ដែរ ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក*។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណា‌ណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ? កាល​ដើម​ឡើយ ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក លុះ​ដល់​អ្នក​លក់​ផុត​ទៅ ប្រាក់​ដែល​បាន​មក​នោះ​អ្នក​អាច​ប្រើ‌ប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង? អ្នក​បាន​កុហក​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​កុហក​មនុស្ស​ទេ»។ កាល​អាណា‌ណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។ ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណា‌ណាស ហើយ​សែង​យក​ទៅ​កប់។ ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អាណា‌ណាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​ឡើយ។ លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចាស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។ លោក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បង‌ល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល៍‌ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាង​មក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ ក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះ នៅ​ក្បែរ​សព​ប្ដី​របស់​នាង។ ក្រុម‌ជំនុំ*​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។ សាវ័ក​បាន​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។ រីឯ​អ្នក​ឯ​ទៀតៗ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​គេ​ឡើយ តែ​ប្រជា‌ជន​កោត​សរសើរ​គេ​គ្រប់ៗ​គ្នា។ បណ្ដា‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។ មនុស្ស‌ម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់​គ្រាន់​តែ​ឲ្យ​ស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ ក៏​បាន​ដែរ។ មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវ័ក* យក​ទៅ​ឃុំ‌ឃាំង​នៅ​ពន្ធ‌នាគារ​សាធារណៈ។ លុះ​ដល់​យប់ មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​បើក​ទ្វារ​ពន្ធ‌នាគារ​ឲ្យ​ក្រុម​សាវ័ក​ចេញ ទាំង​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ* ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់ ដែល​ផ្ដល់​ជីវិត​នេះ ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។ កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។ លោក​មហា​បូជា‌ចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​មក​ជួប‌ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌នាគារ​មក។ ពេល​ទៅ​ដល់​ទី​ឃុំ‌ឃាំង គេ​ពុំ​ឃើញ​ក្រុម​សាវ័ក​ទេ គេ​នាំ​គ្នា​វិល​មក​វិញ រាយ‌ការណ៍​ជម្រាប​អង្គ​ប្រជុំ​ថា៖ «យើង​ខ្ញុំ​ឃើញ​ទី​ឃុំ‌ឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។ កាល​មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​នាយក​បូជា‌ចារ្យ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវ័ក និង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។ ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជា‌ជន ក្នុង​ព្រះ‌វិហារ​ឯ‌ណោះ!»។ មេ​កង​រក្សា​ព្រះ‌វិហារ​ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។ លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហា‌បូជា‌ចារ្យ​សួរ​ក្រុម​សាវ័ក​ថា៖ «យើង​បាន​ហាម‌ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។ លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទ្រង់​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប*។ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះអង្គ​ទ្រង់​ក៏​ជា​សាក្សី​ដែរ»។ កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នេះ គេ​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ក្រុម​សាវ័ក​ថែម​ទៀត​ផង។ ប៉ុន្តែ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ ដែល​ប្រជា‌ជន​គោរព​គ្រប់ៗ​គ្នា ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សុំ​ឲ្យ​គេ​នាំ​ក្រុម​សាវ័ក​ចេញ​ពី​ទី​នោះ​មួយ​ស្របក់ រួច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុន‌ប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។ ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស​បាន​តាំង​ខ្លួន​ឡើង​ជា​វីរ‌ជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ ក៏​ត្រូវ​បែក‌ខ្ញែក​គ្នា​អស់​គ្មាន​សល់។ បន្ទាប់​មក នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជា‌ជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលី‌ឡេ បាន​លើក​ខ្លួន​ឡើង បញ្ចុះ‌បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែក‌ខ្ញែក​គ្នា​អស់​ទៅ។ ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវី‌រវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​ឲ្យ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោង‌ការ និង​កិច្ចការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប‌សូន្យ​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់ អស់​លោក​ពុំ​អាច​រំលាយ​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​ព្រះ‌ជាម្ចាស់​ទៅ​វិញ»។ គេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ា‌លាល​ទាំង​អស់​គ្នា គេ​ក៏​ហៅ​ក្រុម​សាវ័ក​មក​វិញ ហើយ​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់ ទាំង​ហាម‌ប្រាម​មិន​ឲ្យ​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ទៀត រួច​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ។ ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះ‌នាម​ព្រះ‌យេស៊ូ។ ជា​រៀង​រាល់​ថ្ងៃ គេ​តែងតែ​បង្រៀន​ប្រជា‌ជន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* អំពី​ព្រះ‌យេស៊ូ​គ្រិស្ត* នៅ​ក្នុង​ព្រះ‌វិហារ* និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ឡើយ។

ចែក​រំលែក
អាន កិច្ចការ 5

កិច្ចការ 5:1-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​អាន៉្នានាស ប្រពន្ធ​ឈ្មោះ​សាភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ ហើយ​បាន​គៃ​ដំឡៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដី​១​ចំណែក​ដូច្នេះ កាល​នៅៗ​ឡើយ តើ​មិន​មែន​ជា​របស់​ផង​អ្នក​ទេ​ឬ​អី ហើយ​ដែល​លក់​ទៅ តើ​ប្រាក់​មិន​នៅ​ក្នុង​អំណាច​អ្នក​ដែរ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហក​ដល់​មនុស្ស​ទេ គឺ​ឈ្មោះ​ថា​កុហក​ដល់​ព្រះ​វិញ កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់ នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា នឹង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះៗ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​គេ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នឹង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។ មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​កើត​មក​ក្នុង​ពួក​ជន ដោយ‌សារ​ដៃ​ពួក​សាវក (គេ​បាន​ស្រុះ​ចិត្ត​ទាំង​អស់​គ្នា នឹង​នៅ​ក្នុង​បាំង‌សាច​សាឡូម៉ូន ឯ​អ្នក​ឯ​ទៀត មិន​ហ៊ាន​ចូល​ក្នុង​ពួក​គេ​ឡើយ តែ​ប្រជា‌ជន​សរសើរ​ដល់​គេ ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អម្ចាស់ ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី) ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្ស ដែល​មាន​ជំងឺ​ផ្សេងៗ ចេញ​មក​នៅ​ផ្លូវ ផ្តេក​លើ​គ្រែ​នឹង​ពូក ដើម្បី​កាល​ណា​ពេត្រុស​ដើរ​មក នោះ​សូម្បី​ហោច​ណាស់ ឲ្យ​គ្រាន់​តែ​ស្រមោល​គាត់ ចោល​ទៅ​លើ​ពួក​នោះ​ខ្លះ​ប៉ុណ្ណោះ ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្ស‌អសោចិ៍​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។ រីឯ​សំដេច​សង្ឃ នឹង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ដ៏​ពោរ‌ពេញ ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំ​ទុក ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តាជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ កាល​មេ​ទ័ព​រក្សា​ព្រះ‌វិហារ នឹង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ នោះ​មេ​ទ័ព នឹង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តាជន​ចោល​ខ្លួន​នឹង​ថ្ម កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុម‌ជំនុំ​ហើយ នោះ​សំដេច​សង្ឃ​ស្តី​ថា តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង តែ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស រីឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​លោក​រាល់​គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប យើង​ខ្ញុំ​នេះ ព្រម​ទាំង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ទ្រង់​ដែរ ជា​ស្មរ​បន្ទាល់​របស់​ទ្រង់​ពី​ការ​ទាំង​នោះ។ លុះ​កាល​ពួក​ក្រុម‌ជំនុំ​បាន​ឮ នោះ​គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ពួក​សាវក​ចេញ ប៉ុន្តែ មាន​ពួក​ផារិស៊ី​ម្នាក់ ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន លោក​ឈរ​ឡើង​ក្នុង​ក្រុម‌ជំនុំ បង្គាប់​ឲ្យ​បញ្ចេញ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ក្រុម‌ជំនុំ​ថា ពួក​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​ប្រយ័ត​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ ដ្បិត​ពី​ដើម​មាន​ឈ្មោះ​ធើដាស លើក​ខ្លួន​ឡើង​ថា​ជា​អ្វីៗ ក៏​មាន​មនុស្ស​ចំនួន​ជា​៤​រយ​នាក់​បាន​ចូល​ពួក​វា តែ​វា​ត្រូវ​គេ​សំឡាប់​ទៅ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ចុះ​ចូល​ចំពោះ​វា ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​សូន្យ​អស់​ទៅ​ដែរ ក្រោយ​នោះ​មក នៅ​វេលា​ធ្វើ​បញ្ជី​កត់‌ត្រា​រាស្ត្រ នោះ​មាន​ឈ្មោះ​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ​ទៀត បាន​លើក​ខ្លួន​ឡើង បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​ខ្លួន វា​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​ពួក​អ្នក​ដែល​ចុះ​ចូល​តាម ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទាំង​អស់​គ្នា​ទៅ ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​ត‌យុទ្ធ​នឹង​ព្រះ​ដែរ ពួក​ក្រុម‌ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ ពួក​សាវក​ក៏​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ ដោយ​អរ​សប្បាយ ពី​ព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ ហើយ​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច។

ចែក​រំលែក
អាន កិច្ចការ 5