កិច្ចការ 5:1-11

កិច្ចការ 5:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ មាន​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ប្រពន្ធ​ឈ្មោះ​សា‌ភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ ហើយ​គាត់​បាន​លាក់​ប្រាក់​នោះ​ទុក​ខ្លះសម្រាប់​ខ្លួន​ឯង ដោយ​ប្រពន្ធ​របស់​គាត់​ក៏​ដឹង​ឮដែរ រួច​នាំ​យក​មួយ​ចំណែក​មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។ លោក​ពេត្រុស​សួរ​ថា៖ «អាណា‌នាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​កុហក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង​ដូច្នេះ? កាល​ដី​នោះ​មិន​ទាន់​លក់​នៅ​ឡើយ តើ​ដីនោះ​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? ហើយ​ក្រោយ​ពី​លក់​ទៅ តើ​ប្រាក់​នោះមិន​នៅ​ក្នុង​អំណាច​របស់​អ្នក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ? នេះ​មិន​មែន​កុហក​មនុស្ស​ទេ គឺ​កុហក​ព្រះ​ទេតើ!»។ កាល​អាណា‌នាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​មាន​ការ​ស្ញែង​ខ្លាច។ ពួក​យុវជន​ក្រោក​ឡើង រុំ​សព​របស់​គាត់ ហើយ​សែង​ចេញ​យក​ទៅ​កប់។ ប្រហែល​ជា​បី​ម៉ោង​ក្រោយ​មក ប្រពន្ធ​របស់​គាត់​ក៏​ចូល​មក ដោយ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​ដែល​កើតឡើង​ទេ។ លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំមើល៍ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?» នាង​ឆ្លើយ​តប​ថា៖ «ចាស៎ បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។ ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍ទៅ​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ព្រម​ព្រៀង​គ្នា​ល្បង​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល​ហ្ន៎ ជើង​អស់​អ្នក​ដែល​បញ្ចុះ​សព​ប្តី​របស់​នាង នៅនឹង​មាត់​ទ្វារ​ស្រាប់​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់​ដូច្នេះ គេ​ក៏​សែង​យក​សព​នាង​ទៅកប់ នៅ​ក្បែរ​សព​ប្តី​របស់នាង។ ក្រុម​ជំនុំ​ទាំង​មូល និង​អស់​អ្នក​ដែល​ឮ​ពី​ហេតុ‌ការណ៍​នេះ មាន​ការ​ស្ញែង​ខ្លាច​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 5

កិច្ចការ 5:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់​ឈ្មោះ អាណា‌ណាស ភរិយា​ឈ្មោះ សាភី‌រ៉ា។ គាត់​ក៏​បាន​លក់​ដី​របស់​គាត់​ដែរ ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក*។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណា‌ណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ? កាល​ដើម​ឡើយ ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក លុះ​ដល់​អ្នក​លក់​ផុត​ទៅ ប្រាក់​ដែល​បាន​មក​នោះ​អ្នក​អាច​ប្រើ‌ប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង? អ្នក​បាន​កុហក​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​កុហក​មនុស្ស​ទេ»។ កាល​អាណា‌ណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។ ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណា‌ណាស ហើយ​សែង​យក​ទៅ​កប់។ ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អាណា‌ណាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​ឡើយ។ លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចាស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។ លោក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បង‌ល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល៍‌ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាង​មក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ ក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះ នៅ​ក្បែរ​សព​ប្ដី​របស់​នាង។ ក្រុម‌ជំនុំ*​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 5

កិច្ចការ 5:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​អាន៉្នានាស ប្រពន្ធ​ឈ្មោះ​សាភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ ហើយ​បាន​គៃ​ដំឡៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដី​១​ចំណែក​ដូច្នេះ កាល​នៅៗ​ឡើយ តើ​មិន​មែន​ជា​របស់​ផង​អ្នក​ទេ​ឬ​អី ហើយ​ដែល​លក់​ទៅ តើ​ប្រាក់​មិន​នៅ​ក្នុង​អំណាច​អ្នក​ដែរ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហក​ដល់​មនុស្ស​ទេ គឺ​ឈ្មោះ​ថា​កុហក​ដល់​ព្រះ​វិញ កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់ នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា នឹង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះៗ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​គេ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នឹង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។

ចែក​រំលែក
អាន កិច្ចការ 5