កិច្ចការ 4:8-13
កិច្ចការ 4:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកពេត្រុស ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកនាម៉ឺនរបស់ប្រជាជន និងពួកចាស់ទុំអើយ ប្រសិនបើអស់លោកសួរយើងខ្ញុំនៅថ្ងៃនេះ ពីការល្អដែលបានធ្វើដល់បុរសពិការម្នាក់ ថាគាត់បានជាដោយរបៀបណា នោះសូមអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រាបថា ដែលបុរសនេះបានជា ហើយឈរនៅមុខអស់លោក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ដែលអស់លោកបានឆ្កាង តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះយេស៊ូវនេះជា "ថ្មដែលអស់លោកជាជាងសង់ផ្ទះបានបោះចោល ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ" ។ គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។
កិច្ចការ 4:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកមានប្រសាសន៍ទៅគេថា៖ «សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំពីអំពើល្អ ដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យជាតាមរបៀបណានោះ។ សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះជា ដោយសារព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” ។ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។ កាលក្រុមប្រឹក្សាជាន់ខ្ពស់*ឃើញលោកពេត្រុស និងលោកយ៉ូហាន មានចិត្តអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។
កិច្ចការ 4:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពេត្រុស ដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏ជំរាបថា ឱលោកដ៏ធំលើបណ្តាជន នឹងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ