កិច្ចការ 4:5-12
កិច្ចការ 4:5-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ជាមួយលោកអាណ ជាសម្តេចសង្ឃ លោកកៃផា លោកយ៉ូហាន លោកអ័លេក្សានត្រុស និងក្រុមគ្រួសាររបស់សម្តេចសង្ឃទាំងអស់។ កាលគេបាននាំអ្នកទាំងពីរ មកឈរនៅកណ្តាលចំណោមហើយ គេសួរថា៖ «តើអ្នកធ្វើការនេះអាងលើអំណាចអ្វី ឬដោយឈ្មោះអ្នកណា?» ពេលនោះ លោកពេត្រុស ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកនាម៉ឺនរបស់ប្រជាជន និងពួកចាស់ទុំអើយ ប្រសិនបើអស់លោកសួរយើងខ្ញុំនៅថ្ងៃនេះ ពីការល្អដែលបានធ្វើដល់បុរសពិការម្នាក់ ថាគាត់បានជាដោយរបៀបណា នោះសូមអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រាបថា ដែលបុរសនេះបានជា ហើយឈរនៅមុខអស់លោក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ដែលអស់លោកបានឆ្កាង តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះយេស៊ូវនេះជា "ថ្មដែលអស់លោកជាជាងសង់ផ្ទះបានបោះចោល ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ" ។ គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
កិច្ចការ 4:5-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* ប្រជុំគ្នានៅក្រុងយេរូសាឡឹម ជាមួយលោកមហាបូជាចារ្យ*អាណ លោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។ លោកទាំងនោះបានបញ្ជាឲ្យគេនាំលោកពេត្រុស និងលោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។ ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកមានប្រសាសន៍ទៅគេថា៖ «សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំពីអំពើល្អ ដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យជាតាមរបៀបណានោះ។ សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះជា ដោយសារព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” ។ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
កិច្ចការ 4:5-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ នឹងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ព្រមទាំងលោកអាណ ជាសំដេចសង្ឃ លោកកៃផា លោកយ៉ូហាន នឹងលោកអ័លេក្សានត្រុស ហើយអស់អ្នកដែលជាគ្រួសារនៃសំដេចសង្ឃដែរ កាលបាននាំអ្នកទាំង២មក ដាក់នៅកណ្តាលចំណោមហើយ នោះក៏ពិចារណាសួរថា ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា នោះពេត្រុស ដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏ជំរាបថា ឱលោកដ៏ធំលើបណ្តាជន នឹងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។