កិច្ចការ 4:24-30
កិច្ចការ 4:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ ព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា "ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ? ពួកស្ដេចនៅលើផែនដីបានប្រុងប្រៀបខ្លួន ឯពួកមេគ្រប់គ្រងបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទ របស់ព្រះអង្គ "។ ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង ដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
កិច្ចការ 4:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ? ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ត*របស់ព្រះអង្គ” ។ ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។ គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធិបារមី និងតាមព្រះតម្រិះរបស់ព្រះអង្គ។ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើព្រះអង្គ ថ្លែងព្រះបន្ទូលដោយចិត្តអង់អាចមោះមុតផង សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសម្គាល់ និងឫទ្ធិបាដិហារិយ៍កើតឡើង ក្នុងព្រះនាមព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ»។
កិច្ចការ 4:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកជំនុំបានឮដូច្នោះ នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង ទ្រង់បានមានបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់» ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ នឹងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ នឹងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ នឹងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ ដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនឹងធ្វើទីសំគាល់ នឹងការអស្ចារ្យ ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់