កិច្ចការ 3:22-26
កិច្ចការ 3:22-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។ ចំណែកអស់អ្នកដែលមិនព្រមស្តាប់តាមហោរានោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជារាស្ត្រនេះ" ។ អស់ទាំងហោរាដែលបានថ្លែងទុកមក ចាប់តាំងពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗមកទៀត ក៏បានប្រកាសប្រាប់ពីគ្រានេះដែរ។ អ្នករាល់គ្នាជាកូនចៅរបស់ពួកហោរា និងជាកូនចៅរបស់សេចក្ដីសញ្ញា ដែលព្រះបានតាំងជាមួយបុព្វបុរសអ្នករាល់គ្នា ដោយមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា "អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក" ។ ក្រោយពីព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើរបស់ព្រះអង្គឡើងហើយ នោះក៏ចាត់ព្រះអង្គមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីផ្លូវអាក្រក់របស់ខ្លួន»។
កិច្ចការ 3:22-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេមានប្រសាសន៍ថា: “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។ រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ” ។ ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី*ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស*ដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក” ។ ព្រះជាម្ចាស់បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
កិច្ចការ 3:22-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ» ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក ក៏បានប្រាប់ជាមុនពីគ្រានេះដែរ អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង» រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបំរើទ្រង់ឡើង នោះគឺសំរាប់អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្ដីអាក្រក់របស់ខ្លួនចេញ។