កិច្ចការ 3:19-23
កិច្ចការ 3:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ហើយឲ្យមានពេលលំហើយមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ និងឲ្យព្រះអង្គបានចាត់ព្រះគ្រីស្ទ ដែលទ្រង់បានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺព្រះយេស៊ូវ ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។ លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។ ចំណែកអស់អ្នកដែលមិនព្រមស្តាប់តាមហោរានោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជារាស្ត្រនេះ" ។
កិច្ចការ 3:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រិស្តយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។ ឥឡូវនេះ ព្រះយេស៊ូគ្រិស្តគង់នៅឯស្ថានបរមសុខ* រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ*របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។ លោកម៉ូសេមានប្រសាសន៍ថា: “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។ រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ” ។
កិច្ចការ 3:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានដំរូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ»