កិច្ចការ 3:17-26
កិច្ចការ 3:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា និងពួកនាម៉ឺនរបស់អ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនដឹងខ្លួន។ ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់ហោរាទាំងប៉ុន្មានរបស់ព្រះអង្គថា ព្រះគ្រីស្ទរបស់ព្រះអង្គ ត្រូវតែរងទុក្ខលំបាក នោះព្រះអង្គក៏បានសម្រេចដូច្នោះមែន។ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ហើយឲ្យមានពេលលំហើយមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ និងឲ្យព្រះអង្គបានចាត់ព្រះគ្រីស្ទ ដែលទ្រង់បានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺព្រះយេស៊ូវ ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។ លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។ ចំណែកអស់អ្នកដែលមិនព្រមស្តាប់តាមហោរានោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជារាស្ត្រនេះ" ។ អស់ទាំងហោរាដែលបានថ្លែងទុកមក ចាប់តាំងពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗមកទៀត ក៏បានប្រកាសប្រាប់ពីគ្រានេះដែរ។ អ្នករាល់គ្នាជាកូនចៅរបស់ពួកហោរា និងជាកូនចៅរបស់សេចក្ដីសញ្ញា ដែលព្រះបានតាំងជាមួយបុព្វបុរសអ្នករាល់គ្នា ដោយមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា "អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក" ។ ក្រោយពីព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើរបស់ព្រះអង្គឡើងហើយ នោះក៏ចាត់ព្រះអង្គមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីផ្លូវអាក្រក់របស់ខ្លួន»។
កិច្ចការ 3:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូន បានប្រព្រឹត្តដូច្នោះទាំងមិនដឹងខ្លួន។ ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដី ដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្តរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។ ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រិស្តយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។ ឥឡូវនេះ ព្រះយេស៊ូគ្រិស្តគង់នៅឯស្ថានបរមសុខ* រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ*របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។ លោកម៉ូសេមានប្រសាសន៍ថា: “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។ រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ” ។ ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី*ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស*ដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក” ។ ព្រះជាម្ចាស់បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
កិច្ចការ 3:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាម៉ឺននៃអ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានដំរូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ» ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក ក៏បានប្រាប់ជាមុនពីគ្រានេះដែរ អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង» រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបំរើទ្រង់ឡើង នោះគឺសំរាប់អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្ដីអាក្រក់របស់ខ្លួនចេញ។