កិច្ចការ 3:15-18

កិច្ចការ 3:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់​នៃ​ជីវិត តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍នេះ។ ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។ ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា និង​ពួក​នាម៉ឺន​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​ដឹង​ខ្លួន។ ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ​សារ​មាត់​ហោរា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ថា ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ត្រូវ​តែ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌អង្គ​ក៏​បាន​សម្រេច​ដូច្នោះ​មែន។

ចែក​រំលែក
អាន កិច្ចការ 3

កិច្ចការ 3:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។ ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះអង្គ​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​បងប្អូន​ឃើញ និង​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បងប្អូន​ឃើញ​ស្រាប់។ បងប្អូន​អើយ ខ្ញុំ​ដឹង​ថា​បងប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បងប្អូន បាន​ប្រព្រឹត្ត​ដូច្នោះ​ទាំង​មិន​ដឹង​ខ្លួន។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី ដែល​ព្រះអង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។

ចែក​រំលែក
អាន កិច្ចការ 3

កិច្ចការ 3:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ‌សារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះ‌គ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌ទ្រង់​ក៏​បាន​សំរេច​តាម​យ៉ាង​ដូច្នោះ​ឯង

ចែក​រំលែក
អាន កិច្ចការ 3