កិច្ចការ 3:11-26

កិច្ចការ 3:11-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គាត់​កំពុង​នៅ​ជាប់​ជា‌មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន ប្រជា‌ជន​ទាំង​អស់​ក៏​រត់​មកចោម​រោម​ពួក​គេ នៅ​ត្រង់​ថែវ មួយ ដែល​ហៅ​ថា ថែវ​ព្រះបាទ​សាឡូ‌ម៉ូន ទាំង​អស្ចារ្យ​ក្នុង​ចិត្ត។ ពេល​លោក​ពេត្រុស​ឃើញ​ដូច្នោះ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​ថា៖ «ឱ​បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ងឿង​ឆ្ងល់​នឹង​ការ​នេះ? ហេតុអ្វី​បាន​ជា​សម្លឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​ចេស្ដា ឬ​គុណានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ដូច្នេះ? ព្រះ​របស់​លោក​អ័ប្រា‌ហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើងព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​កាល​លោក​ពីឡាត់​សម្រេច​ថា​នឹង​លែង​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ព្រះ‌អង្គ​ទៀត​ផង។ គឺ​អ្នក​រាល់​គ្នា​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត ក៏សុំ​ឲ្យ​លោកដោះ​លែង​ឃាតក ឲ្យ​អ្នក​រាល់​គ្នា​ទៅ​វិញ។ អ្នក​រាល់​គ្នា​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់​នៃ​ជីវិត តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍នេះ។ ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។ ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា និង​ពួក​នាម៉ឺន​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​ដឹង​ខ្លួន។ ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ​សារ​មាត់​ហោរា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ថា ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ត្រូវ​តែ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌អង្គ​ក៏​បាន​សម្រេច​ដូច្នោះ​មែន។ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មករក​ព្រះ​វិញ​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ហើយ​ឲ្យ​មាន​ពេល​លំ​ហើយមក​ពី​ព្រះ​វត្តមាន​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ព្រះ‌យេស៊ូវ ដែល​ត្រូវ​គង់​នៅ​ស្ថាន‌សួគ៌ រហូត​ដល់​គ្រប់​ទាំង​អស់​បាន​រៀប​ចំ​ឡើង​វិញ ដូច​សេចក្ដីដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដើម​មក។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា "ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លើក​ឲ្យ​មាន​ហោរា​ម្នាក់​ដូច​ខ្ញុំ ពី​ចំណោម​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ស្តាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ប្រាប់​អ្នក​រាល់​គ្នា​ចុះ។ ចំណែក​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​តាម​ហោ​រានោះ នឹង​ត្រូវ​វិនាស​បាត់​ពី​ចំណោម​ប្រជារាស្ត្រ​នេះ" ។ អស់​ទាំង​ហោរា​ដែល​បាន​ថ្លែង​ទុក​មក ចាប់​តាំង​ពី​លោក​សាំយូ‌អែល ព្រម​ទាំង​អ្នក​ក្រោយៗ​មក​ទៀត ក៏​បាន​ប្រកាស​ប្រាប់​ពី​គ្រា​នេះ​ដែរ។ អ្នក​រាល់​គ្នា​ជាកូន​ចៅ​របស់​ពួក​ហោរា និង​ជា​កូន​ចៅ​របស់​សេចក្ដីសញ្ញា ដែល​ព្រះ​បាន​តាំង​ជាមួយ​បុព្វ‌បុរស​អ្នករាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា "អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ពង្ស​របស់​អ្នក" ។ ក្រោយ​ពី​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើង​ហើយ នោះ​ក៏​ចាត់​ព្រះ‌អង្គ​មកឯ​អ្នក​រាល់​គ្នា​ជាមុន ដើម្បី​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន»។

ចែក​រំលែក
អាន កិច្ចការ 3

កិច្ចការ 3:11-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន​ជានិច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម‌រោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។ លោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «បងប្អូន​អ៊ីស្រា‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បងប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​ឫទ្ធា‌នុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់? ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ព្រះអង្គ​បាន​ប្រទាន​សិរី‌រុងរឿង​មក​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ព្រះអង្គ។ បងប្អូន​បាន​ចាប់​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះអង្គ​ទៀត​ផង។ បងប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម‌ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតករ​ទៅ​វិញ។ បងប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។ ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះអង្គ​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​បងប្អូន​ឃើញ និង​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បងប្អូន​ឃើញ​ស្រាប់។ បងប្អូន​អើយ ខ្ញុំ​ដឹង​ថា​បងប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បងប្អូន បាន​ប្រព្រឹត្ត​ដូច្នោះ​ទាំង​មិន​ដឹង​ខ្លួន។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី ដែល​ព្រះអង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។ ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះអង្គ​លុប​បំបាត់​បាប​របស់​បងប្អូន។ ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​បងប្អូន​បាន​ស្គាល់​ពេល​សម្រាក ព្រម​ទាំង​ប្រទាន​ព្រះគ្រិស្ត‌យេស៊ូ​មក​បងប្អូន ដូច​ព្រះអង្គ​គ្រោង​ទុក​ជា​មុន។ ឥឡូវ​នេះ ព្រះ‌យេស៊ូ‌គ្រិស្ត​គង់​នៅ​ឯ​ស្ថាន​បរម‌សុខ* រហូត​ដល់​ព្រះ‌ជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក តាម​រយៈ​ពួក​ព្យាការី​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ នៅ​ជំនាន់​ដើម​ស្រាប់។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បងប្អូន​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។ រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌រាស្ដ្រ” ។ ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល គឺ​ចាប់​តាំង​ពី​លោក​សាំយូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។ បងប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បងប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស*​ដែរ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក” ។ ព្រះ‌ជាម្ចាស់​បាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ងើប​ឡើង ហើយ​ចាត់​លោក​ឲ្យ​មក​រក​បងប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បងប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។

ចែក​រំលែក
អាន កិច្ចការ 3

កិច្ចការ 3:11-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កំពុង​ដែល​គាត់​ចាប់​តោង​ឃាត់​ពេត្រុស នឹង​យ៉ូហាន នោះ​បណ្តាជន​ទាំង​អស់​ក៏​រត់​មូល​មក​ឯ​គេ នៅ​ត្រង់​បាំង‌សាច​ដែល​ហៅ​ថា បាំង‌សាច​សាឡូម៉ូន ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់។ កាល​ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​និយាយ​ទៅ​ប្រជា‌ជន​ថា ឱ​សាសន៍​អ៊ីស្រាអែល​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ពី​ការ​នេះ ហើយ​សំឡឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​អាង​អំណាច ឬ​គុណា‌នុភាព​របស់​ខ្លួន​យើង​ខ្ញុំ​ដូច្នេះ ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា​ទ្រង់​បាន​ដំកើង​អ្នក​បំរើ​ទ្រង់​នោះ គឺ​ព្រះ‌យេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សំរេច​សេចក្ដី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ គឺ​ជា​មិន​ព្រម​ទទួល​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត​នោះ​ឯង បែរ​ជា​សូម​ឲ្យ​លោក​លែង​មនុស្ស​ដែល​សំឡាប់​គេ ដល់​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ‌សារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះ‌គ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌ទ្រង់​ក៏​បាន​សំរេច​តាម​យ៉ាង​ដូច្នោះ​ឯង ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ​មក​ពី​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​ឲ្យ​ទ្រង់​បាន​ចាត់​ព្រះ‌អង្គ​នោះ ដែល​បាន​ដំរូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ស្ថាន‌សួគ៌​ត្រូវ​ទទួល ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយ‌សារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក ដ្បិត​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ដល់​ពួក​ឰយុកោ​ថា «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​មក​ចុះ ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​វិញ នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​សាសន៍​ខ្លួន​ចេញ» ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូ‌អែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង» រីឯ​ដែល​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​ទ្រង់​ឡើង នោះ​គឺ​សំរាប់​អ្នក​រាល់​គ្នា​ជា​ដើម ហើយ​ក៏​ចាត់​ទ្រង់​មក ដើម្បី​នឹង​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន​ចេញ។

ចែក​រំលែក
អាន កិច្ចការ 3