កិច្ចការ 3:11-16

កិច្ចការ 3:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គាត់​កំពុង​នៅ​ជាប់​ជា‌មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន ប្រជា‌ជន​ទាំង​អស់​ក៏​រត់​មកចោម​រោម​ពួក​គេ នៅ​ត្រង់​ថែវ មួយ ដែល​ហៅ​ថា ថែវ​ព្រះបាទ​សាឡូ‌ម៉ូន ទាំង​អស្ចារ្យ​ក្នុង​ចិត្ត។ ពេល​លោក​ពេត្រុស​ឃើញ​ដូច្នោះ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​ថា៖ «ឱ​បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ងឿង​ឆ្ងល់​នឹង​ការ​នេះ? ហេតុអ្វី​បាន​ជា​សម្លឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​ចេស្ដា ឬ​គុណានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ដូច្នេះ? ព្រះ​របស់​លោក​អ័ប្រា‌ហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើងព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​កាល​លោក​ពីឡាត់​សម្រេច​ថា​នឹង​លែង​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ព្រះ‌អង្គ​ទៀត​ផង។ គឺ​អ្នក​រាល់​គ្នា​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត ក៏សុំ​ឲ្យ​លោកដោះ​លែង​ឃាតក ឲ្យ​អ្នក​រាល់​គ្នា​ទៅ​វិញ។ អ្នក​រាល់​គ្នា​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់​នៃ​ជីវិត តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍នេះ។ ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។

ចែក​រំលែក
អាន កិច្ចការ 3

កិច្ចការ 3:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន​ជានិច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម‌រោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។ លោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «បងប្អូន​អ៊ីស្រា‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បងប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​ឫទ្ធា‌នុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់? ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ព្រះអង្គ​បាន​ប្រទាន​សិរី‌រុងរឿង​មក​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ព្រះអង្គ។ បងប្អូន​បាន​ចាប់​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះអង្គ​ទៀត​ផង។ បងប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម‌ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតករ​ទៅ​វិញ។ បងប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។ ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះអង្គ​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​បងប្អូន​ឃើញ និង​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បងប្អូន​ឃើញ​ស្រាប់។

ចែក​រំលែក
អាន កិច្ចការ 3

កិច្ចការ 3:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កំពុង​ដែល​គាត់​ចាប់​តោង​ឃាត់​ពេត្រុស នឹង​យ៉ូហាន នោះ​បណ្តាជន​ទាំង​អស់​ក៏​រត់​មូល​មក​ឯ​គេ នៅ​ត្រង់​បាំង‌សាច​ដែល​ហៅ​ថា បាំង‌សាច​សាឡូម៉ូន ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់។ កាល​ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​និយាយ​ទៅ​ប្រជា‌ជន​ថា ឱ​សាសន៍​អ៊ីស្រាអែល​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ពី​ការ​នេះ ហើយ​សំឡឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​អាង​អំណាច ឬ​គុណា‌នុភាព​របស់​ខ្លួន​យើង​ខ្ញុំ​ដូច្នេះ ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា​ទ្រង់​បាន​ដំកើង​អ្នក​បំរើ​ទ្រង់​នោះ គឺ​ព្រះ‌យេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សំរេច​សេចក្ដី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ គឺ​ជា​មិន​ព្រម​ទទួល​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត​នោះ​ឯង បែរ​ជា​សូម​ឲ្យ​លោក​លែង​មនុស្ស​ដែល​សំឡាប់​គេ ដល់​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ

ចែក​រំលែក
អាន កិច្ចការ 3