កិច្ចការ 3:1-26
កិច្ចការ 3:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃមួយ នៅពេលម៉ោងបីរសៀល ជាពេលដែលត្រូវអធិស្ឋាន លោកពេត្រុស និងលោកយ៉ូហាន បានឡើងទៅព្រះវិហារជាមួយគ្នា។ នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលទៅក្នុងព្រះវិហារ គាត់ក៏សុំទាន។ លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលគាត់ រួចពោលថា៖ «ចូរមើលមកយើង!»។ គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីមួយពីពួកលោក។ ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។ លោកក៏ចាប់ដៃស្តាំគាត់ ហើយលើកឡើង។ រំពេចនោះ ប្រអប់ជើង និងភ្នែកគោរបស់គាត់ក៏មានកម្លាំងឡើងភ្លាម។ គាត់ក៏ស្ទុះក្រោកឈរឡើង ហើយចាប់ផ្ដើមដើរបាន។ គាត់ក៏ចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង ហើយសរសើរតម្កើងព្រះ។ ប្រជាជនទាំងអស់បានឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះ គេស្គាល់គាត់ ថាជាអ្នកដែលតែងអង្គុយសុំទាន នៅត្រង់មាត់ទ្វារលម្អរបស់ព្រះវិហារ។ គេមានសេចក្តីអស្ចារ្យ ហើយងឿងឆ្ងល់ពីការដែលកើតមានដល់គាត់។ កាលគាត់កំពុងនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់ក៏រត់មកចោមរោមពួកគេ នៅត្រង់ថែវ មួយ ដែលហៅថា ថែវព្រះបាទសាឡូម៉ូន ទាំងអស្ចារ្យក្នុងចិត្ត។ ពេលលោកពេត្រុសឃើញដូច្នោះ លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាងឿងឆ្ងល់នឹងការនេះ? ហេតុអ្វីបានជាសម្លឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយចេស្ដា ឬគុណានុភាពរបស់យើងខ្ញុំផ្ទាល់ដូច្នេះ? ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។ គឺអ្នករាល់គ្នាបានបដិសេធមិនទទួលស្គាល់ព្រះដ៏បរិសុទ្ធ ហើយសុចរិត ក៏សុំឲ្យលោកដោះលែងឃាតក ឲ្យអ្នករាល់គ្នាទៅវិញ។ អ្នករាល់គ្នាបានធ្វើគុតព្រះអម្ចាស់នៃជីវិត តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍នេះ។ ដោយសារជំនឿដល់ព្រះនាមព្រះអង្គ នោះព្រះនាមព្រះអង្គបានធ្វើឲ្យបុរសនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ មានកម្លាំងឡើងវិញ គឺជាជំនឿដល់ព្រះយេស៊ូវនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុង នៅមុខអ្នករាល់គ្នាដូច្នេះ។ ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា និងពួកនាម៉ឺនរបស់អ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនដឹងខ្លួន។ ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់ហោរាទាំងប៉ុន្មានរបស់ព្រះអង្គថា ព្រះគ្រីស្ទរបស់ព្រះអង្គ ត្រូវតែរងទុក្ខលំបាក នោះព្រះអង្គក៏បានសម្រេចដូច្នោះមែន។ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ហើយឲ្យមានពេលលំហើយមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ និងឲ្យព្រះអង្គបានចាត់ព្រះគ្រីស្ទ ដែលទ្រង់បានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺព្រះយេស៊ូវ ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។ លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។ ចំណែកអស់អ្នកដែលមិនព្រមស្តាប់តាមហោរានោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជារាស្ត្រនេះ" ។ អស់ទាំងហោរាដែលបានថ្លែងទុកមក ចាប់តាំងពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗមកទៀត ក៏បានប្រកាសប្រាប់ពីគ្រានេះដែរ។ អ្នករាល់គ្នាជាកូនចៅរបស់ពួកហោរា និងជាកូនចៅរបស់សេចក្ដីសញ្ញា ដែលព្រះបានតាំងជាមួយបុព្វបុរសអ្នករាល់គ្នា ដោយមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា "អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក" ។ ក្រោយពីព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើរបស់ព្រះអង្គឡើងហើយ នោះក៏ចាត់ព្រះអង្គមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីផ្លូវអាក្រក់របស់ខ្លួន»។
កិច្ចការ 3:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលអធិស្ឋាន*ម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះវិហារ*ជាមួយគ្នា។ រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ កាលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហាន កំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។ លោកពេត្រុស និងលោកយ៉ូហាន សម្លឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះ ជើងរបស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។ ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់ គេស្គាល់ជាក់ថា អ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ*ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។ បុរសនោះនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។ លោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់? ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ព្រះអង្គបានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។ បងប្អូនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ព្រះដ៏សុចរិត ហើយបែរជាទាមទារសុំឲ្យគេដោះលែងឃាតករទៅវិញ។ បងប្អូនបានឲ្យគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយបានធ្វើឲ្យបុរសដែលបងប្អូនឃើញ និងស្គាល់នេះ មានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។ បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូន បានប្រព្រឹត្តដូច្នោះទាំងមិនដឹងខ្លួន។ ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដី ដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្តរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។ ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រិស្តយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។ ឥឡូវនេះ ព្រះយេស៊ូគ្រិស្តគង់នៅឯស្ថានបរមសុខ* រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ*របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។ លោកម៉ូសេមានប្រសាសន៍ថា: “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។ រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ” ។ ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី*ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស*ដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក” ។ ព្រះជាម្ចាស់បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
កិច្ចការ 3:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅពេលអធិស្ឋាន ជាពេលម៉ោង៣រសៀល នោះពេត្រុស នឹងយ៉ូហាន ឡើងទៅក្នុងព្រះវិហារ ជាមួយគ្នា រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ កាលគាត់ឃើញពេត្រុស នឹងយ៉ូហាន កំពុងតែដើរចូលទៅក្នុងព្រះវិហារ នោះគាត់សូមទាន តែពេត្រុស ព្រមទាំងយ៉ូហាន ក៏សំឡឹងមើលទៅគាត់ ប្រាប់ថា ចូរមើលមកយើងឯណេះ គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីខ្លះ តែពេត្រុសនិយាយថា ឯប្រាក់ ហើយនឹងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ រួចក៏ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង នឹងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរដល់ព្រះផង បណ្តាជនទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ ហើយគេស្គាល់គាត់ ថាជាអ្នកដែលតែងតែអង្គុយសូមទានគេ នៅត្រង់មាត់ទ្វារលំអររបស់ព្រះវិហារ នោះគេក៏មានពេញជាសេចក្ដីអស្ចារ្យ ហើយមមិងមមាំងពីការដែលកើតមកនោះ ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស នឹងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្ដីអស្ចារ្យក្នុងចិត្តណាស់។ កាលពេត្រុសបានឃើញដូច្នោះ នោះគាត់និយាយទៅប្រជាជនថា ឱសាសន៍អ៊ីស្រាអែលរាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្ដីប្លែកក្នុងចិត្តពីការនេះ ហើយសំឡឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយអាងអំណាច ឬគុណានុភាពរបស់ខ្លួនយើងខ្ញុំដូច្នេះ ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ជាព្រះនៃពួកឰយុកោយើងរាល់គ្នាទ្រង់បានដំកើងអ្នកបំរើទ្រង់នោះ គឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្ដីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលទ្រង់ទេ គឺជាមិនព្រមទទួលព្រះដ៏បរិសុទ្ធ ហើយសុចរិតនោះឯង បែរជាសូមឲ្យលោកលែងមនុស្សដែលសំឡាប់គេ ដល់អ្នករាល់គ្នាវិញ អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង ហើយគឺដោយសារសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ ឲ្យមានកំឡាំងឡើង គឺជាសេចក្ដីជំនឿដែលកើតមក ដោយសារព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាម៉ឺននៃអ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានដំរូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ» ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក ក៏បានប្រាប់ជាមុនពីគ្រានេះដែរ អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង» រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបំរើទ្រង់ឡើង នោះគឺសំរាប់អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្ដីអាក្រក់របស់ខ្លួនចេញ។