កិច្ចការ 3:1-11
កិច្ចការ 3:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃមួយ នៅពេលម៉ោងបីរសៀល ជាពេលដែលត្រូវអធិស្ឋាន លោកពេត្រុស និងលោកយ៉ូហាន បានឡើងទៅព្រះវិហារជាមួយគ្នា។ នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលទៅក្នុងព្រះវិហារ គាត់ក៏សុំទាន។ លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលគាត់ រួចពោលថា៖ «ចូរមើលមកយើង!»។ គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីមួយពីពួកលោក។ ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។ លោកក៏ចាប់ដៃស្តាំគាត់ ហើយលើកឡើង។ រំពេចនោះ ប្រអប់ជើង និងភ្នែកគោរបស់គាត់ក៏មានកម្លាំងឡើងភ្លាម។ គាត់ក៏ស្ទុះក្រោកឈរឡើង ហើយចាប់ផ្ដើមដើរបាន។ គាត់ក៏ចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង ហើយសរសើរតម្កើងព្រះ។ ប្រជាជនទាំងអស់បានឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះ គេស្គាល់គាត់ ថាជាអ្នកដែលតែងអង្គុយសុំទាន នៅត្រង់មាត់ទ្វារលម្អរបស់ព្រះវិហារ។ គេមានសេចក្តីអស្ចារ្យ ហើយងឿងឆ្ងល់ពីការដែលកើតមានដល់គាត់។ កាលគាត់កំពុងនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់ក៏រត់មកចោមរោមពួកគេ នៅត្រង់ថែវ មួយ ដែលហៅថា ថែវព្រះបាទសាឡូម៉ូន ទាំងអស្ចារ្យក្នុងចិត្ត។
កិច្ចការ 3:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលអធិស្ឋាន*ម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះវិហារ*ជាមួយគ្នា។ រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ កាលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហាន កំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។ លោកពេត្រុស និងលោកយ៉ូហាន សម្លឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះ ជើងរបស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។ ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់ គេស្គាល់ជាក់ថា អ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ*ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។ បុរសនោះនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។
កិច្ចការ 3:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅពេលអធិស្ឋាន ជាពេលម៉ោង៣រសៀល នោះពេត្រុស នឹងយ៉ូហាន ឡើងទៅក្នុងព្រះវិហារ ជាមួយគ្នា រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ កាលគាត់ឃើញពេត្រុស នឹងយ៉ូហាន កំពុងតែដើរចូលទៅក្នុងព្រះវិហារ នោះគាត់សូមទាន តែពេត្រុស ព្រមទាំងយ៉ូហាន ក៏សំឡឹងមើលទៅគាត់ ប្រាប់ថា ចូរមើលមកយើងឯណេះ គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីខ្លះ តែពេត្រុសនិយាយថា ឯប្រាក់ ហើយនឹងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ រួចក៏ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង នឹងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរដល់ព្រះផង បណ្តាជនទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ ហើយគេស្គាល់គាត់ ថាជាអ្នកដែលតែងតែអង្គុយសូមទានគេ នៅត្រង់មាត់ទ្វារលំអររបស់ព្រះវិហារ នោះគេក៏មានពេញជាសេចក្ដីអស្ចារ្យ ហើយមមិងមមាំងពីការដែលកើតមកនោះ ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស នឹងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្ដីអស្ចារ្យក្នុងចិត្តណាស់។