កិច្ចការ 28:23-30 - Compare All Versions
កិច្ចការ 28:23-30 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កាលគេបានណាត់ថ្ងៃមួយដើម្បីជួបជាមួយលោករួចហើយ គេក៏នាំគ្នាច្រើនជាងមុន ចូលមកជួបនៅផ្ទះរបស់លោក។ លោកវែកញែកពន្យល់ប្រាប់គេ តាំងពីព្រឹករហូតដល់ល្ងាច ទាំងធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះ ហើយព្យាយាមពន្យល់គេអំពីព្រះយេស៊ូវឲ្យគេបានជឿ ចេញពីគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ និងគម្ពីរហោរា។ អ្នកខ្លះក៏ជឿសេចក្ដីដែលលោកមានប្រសាសន៍ តែអ្នកខ្លះទៀតមិនព្រមជឿទេ។ ដូច្នេះ គេក៏ចាកចេញទៅទាំងទាស់ទែងគ្នា ក្រោយពីលោកប៉ុលមានប្រាសន៍មួយឃ្លាថា៖ «ព្រះវិញ្ញាណបរិសុទ្ធ មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង តាមរយៈហោរាអេសាយត្រូវណាស់ថា "ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ ដ្បិតចិត្តរបស់ប្រជាជននេះរឹងណាស់ គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក យល់បាននៅក្នុងចិត្ត រួចវិលមកវិញ ហើយយើងប្រោសឲ្យគេជា" ។ ដូច្នេះ សូមបងប្អូនដឹងថា ព្រះប្រទានការសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញ ព្រោះគេនឹងស្តាប់»។ [ពេលលោកប៉ុលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ ពួកសាសន៍យូដាក៏ចេញទៅ ទាំងជជែកគ្នាជាខ្លាំង]។ លោកប៉ុលរស់នៅក្នុងផ្ទះដែលលោកជួលពេញពីរឆ្នាំ ហើយលោកបានទទួលអស់អ្នកដែលមកជួបលោក
កិច្ចការ 28:23-30 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។ មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។ ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖ ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ ដ្បិតចិត្តរបស់ប្រជារាស្ត្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក ដើម្បីកុំឲ្យមើលឃើញ កុំឲ្យស្ដាប់ឮ និងដើម្បីកុំឲ្យយល់ ហើយក៏មិនចង់កែប្រែចិត្តគំនិតដែរ ក្រែងលោយើងប្រោសគេឲ្យបានជា» ។ ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។ [កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង]។ លោកប៉ូលបានស្នាក់នៅផ្ទះដែលលោកបានជួលនោះ អស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។
កិច្ចការ 28:23-30 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
គេក៏ណាត់ថ្ងៃកំណត់ រួចមានគ្នាជាច្រើនមកឯគាត់ ក្នុងទីលំនៅរបស់គាត់ ហើយគាត់អធិប្បាយ ទាំងធ្វើបន្ទាល់សព្វគ្រប់ តាំងពីព្រឹកដល់ល្ងាច ពីនគរព្រះឲ្យគេស្តាប់ ក៏បញ្ចុះបញ្ចូលឲ្យគេជឿអស់ទាំងសេចក្ដី ដែលដំរូវពីព្រះយេស៊ូវក្នុងក្រិត្យវិន័យលោកម៉ូសេ ហើយក្នុងគម្ពីរពួកហោរា អ្នកខ្លះក៏ទទួលជឿសេចក្ដីដែលគាត់អធិប្បាយ តែអ្នកខ្លះមិនព្រមជឿទេ នោះគេចេញទៅទាំងទាស់ទែងគ្នា ក្រោយដែលប៉ុលបាននិយាយ១ម៉ាត់នេះទៅគេថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលនឹងពួកព្ធយុកោយើង ដោយសារហោរាអេសាយត្រូវណាស់ថា «ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ព្រោះចិត្តសាសន៍នេះបានត្រឡប់ជាស្ពឹក គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយចិត្តបានយល់ រួចគេវិលមក ដើម្បីឲ្យអញបានប្រោសឲ្យគេជា» ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា ព្រះទ្រង់ផ្សាយសេចក្ដីសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញ ហើយគេនឹងស្តាប់ជាពិត លុះកាលគាត់បាននិយាយសេចក្ដីទាំងនេះរួចហើយ នោះពួកសាសន៍យូដាក៏ចេញទៅទាំងជជែកគ្នាជាខ្លាំង។ រីឯប៉ុល គាត់នៅក្នុងផ្ទះដែលគាត់ជួល ពេញ២ឆ្នាំ គាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្ដី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ។:៚