កិច្ចការ 28:21-27

កិច្ចការ 28:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ទាំង​នោះ​តប​ថា៖ «យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ស្ដី​អំពី​រឿង​លោក​ឡើយ ក៏​គ្មាន​បង‌ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​អ្វី​អាក្រក់​ពី​លោក​ដែរ។ ប៉ុន្ដែ យើង​ចង់​ស្ដាប់​គំនិត​របស់​លោក ដ្បិត​យើង​ដឹង​ថា មាន​គេ​និយាយ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។ កាល​គេ​បាន​ណាត់​ថ្ងៃ​មួយ​ដើម្បី​ជួបជាមួយ​លោក​រួចហើយ គេ​ក៏នាំ​គ្នា​ច្រើន​ជាង​មុន ចូល​មក​ជួប​នៅ​ផ្ទះ​របស់​លោក។ លោក​វែក​ញែក​ពន្យល់​ប្រាប់​គេ តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ទាំង​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​ព្យាយាម​ពន្យល់​គេ​អំពី​ព្រះ‌យេស៊ូវ​ឲ្យ​គេ​បាន​ជឿ ចេញ​ពីគម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ហោរា។ អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែលលោកមាន​ប្រសាសន៍ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។ ដូច្នេះ គេ​ក៏​ចាក​ចេញ​ទៅ​ទាំង​ទាស់​ទែង​គ្នា ក្រោយ​ពី​លោក​ប៉ុល​មាន​ប្រាសន៍​មួយ​ឃ្លា​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ​បុរស​របស់​យើង តាម​រយៈ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា "ចូរ​ទៅ​រក​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​អ្នក​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​អ្នក​រាល់​គ្នា​ឃើញ នោះ​ឃើញ​មែន តែ​មិន​យល់​សោះ។ ដ្បិត​ចិត្ត​របស់​ប្រ‌ជាជន​នេះ​រឹង​ណាស់ គេ​បាន​ឮដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក យល់​បាននៅ​ក្នុង​ចិត្ត រួច​វិល​មកវិញ ហើយ​យើង​ប្រោស​ឲ្យ​គេ​ជា" ។

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដា​ស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បងប្អូន​ណា​ម្នាក់​មក​រាយ‌ការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។ យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។ គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការី*​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះ‌យេស៊ូ។ មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។ ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ទៅ​រក​ប្រជា‌រាស្ត្រ​នោះ ហើយ​ប្រាប់​ពួក​គេ​ថា: អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ ដ្បិត​ចិត្ត​របស់​ប្រជា‌រាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក ដើម្បី​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ស្ដាប់​ឮ និង​ដើម្បី​កុំ​ឲ្យ​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា» ។

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្ដី​អ្វី​អាក្រក់​ពី​អ្នក​ដែរ តែ​យើង​ចូល​ចិត្ត​ចង់​ដឹង​គំនិត​របស់​អ្នក ដែល​អ្នក​គិត​ដូច​ម្តេច ព្រោះ​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង‌តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់។ គេ​ក៏​ណាត់​ថ្ងៃ​កំណត់ រួច​មាន​គ្នា​ជា​ច្រើន​មក​ឯ​គាត់ ក្នុង​ទី​លំនៅ​របស់​គាត់ ហើយ​គាត់​អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ ក៏​បញ្ចុះ‌បញ្ចូល​ឲ្យ​គេ​ជឿ​អស់​ទាំង​សេចក្ដី ដែល​ដំរូវ​ពី​ព្រះ‌យេស៊ូវ​ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ហើយ​ក្នុង​គម្ពីរ​ពួក​ហោរា អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ នោះ​គេ​ចេញ​ទៅ​ទាំង​ទាស់‌ទែង​គ្នា ក្រោយ​ដែល​ប៉ុល​បាន​និយាយ​១​ម៉ាត់​នេះ​ទៅ​គេ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​នឹង​ពួក​ព្ធយុ‌កោ​យើង ដោយ‌សារ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា «ចូរ​ទៅ​ឯ​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​ឯង​រាល់​គ្នា​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​សាសន៍​នេះ​បាន​ត្រឡប់​ជា​ស្ពឹក គេ​បាន​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​ចិត្ត​បាន​យល់ រួច​គេ​វិល​មក ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​គេ​ជា»

ចែក​រំលែក
អាន កិច្ចការ 28