កិច្ចការ 28:2-31
កិច្ចការ 28:2-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកស្រុកនោះបានទទួលយើងដោយចិត្តសប្បុរសលើសជាងធម្មតា ដ្បិតគេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ព្រោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។ លោកប៉ុលបានប្រមូលរំកាច់មែកឈើមួយកង យកមកដាក់លើភ្លើង ហើយដោយត្រូវនឹងកម្ដៅភ្លើង ពស់វែកមួយបានចេញមកចឹកដៃលោកជាប់។ កាលពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃលោកដូច្នេះ គេក៏និយាយគ្នាថា៖ «អ្នកនេះប្រាកដជាបានសម្លាប់គេហើយ ទោះបើបានរួចពីសមុទ្រក៏ដោយ គង់តែព្រះយុត្តិធម៌ មិនព្រមឲ្យនៅរស់ដែរ»។ ក៏ប៉ុន្ដែ លោកប៉ុលរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ។ គេរង់ចាំមើលលោកប៉ុលហើម ឬក៏ត្រូវដួលស្លាប់ តែកាលគេបានរង់ចាំមើលអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញមានហេតុអាក្រក់កើតឡើងដល់លោកសោះ គេក៏ដូរគំនិត ហើយគិតថាលោកជាព្រះវិញ។ នៅជិតកន្លែងនោះ មានដីដែលជាកម្មសិទ្ធិរបស់មេកោះ ឈ្មោះពូញ្លស គាត់ទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់អស់រយៈពេលបីថ្ងៃ។ គាប់ជួនជាឪពុករបស់ពូញ្លសដេកគ្រុន ហើយមួលផង នោះលោកប៉ុលក៏ចូលទៅផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃលើ ដើម្បីឲ្យគាត់បានជា។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រជាជនឯទៀតនៅលើកោះនោះដែលមានជំងឺ ក៏បាននាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ គេគោរពរាប់អានយើងយ៉ាងខ្លាំង ហើយពេលយើងបម្រុងនឹងចេញដំណើរ គេបានជួយឧបត្ថម្ភគ្រប់ទាំងរបស់ដែលយើងត្រូវការ។ បីខែក្រោយមក យើងចេញដំណើរតាមសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលមានរូបចម្លាក់ព្រះកូនភ្លោះ ចតនៅកោះនោះក្នុងរដូវរងា។ កាលបានចូលចតនៅក្រុងស៊ីរ៉ាគូស យើងស្នាក់នៅទីនោះបីថ្ងៃ។ បន្ទាប់មក យើងចេញពីទីនោះ វាងទៅដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់បក់ពីទិសខាងត្បូង ហើយនៅថ្ងៃទីពីរ យើងមកដល់ក្រុងពូទីយ៉ូលី។ នៅទីនោះ យើងបានជួបពួកបងប្អូន ហើយគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយគេ អស់រយៈពេលប្រាំពីរថ្ងៃ។ យើងបានមកដល់ក្រុងរ៉ូម គឺដូច្នេះឯង។ ពួកបងប្អូនដែលនៅទីនោះ កាលគេបានឮដំណឹងអំពីយើង គេក៏ចេញមកជួបយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី។ កាលលោកប៉ុលឃើញគេ លោកក៏អរព្រះគុណព្រះ ហើយមានចិត្តក្លាហានឡើងវិញ។ ពេលយើងមកដល់ក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅម្នាក់ឯង ជាមួយទាហានម្នាក់ដែលនៅយាមលោក។ បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។ ពេលគេបានសួរចម្លើយខ្ញុំរួចហើយ គេចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសអ្វីសមនឹងស្លាប់ទេ។ ប៉ុន្តែ ដោយព្រោះសាសន៍យូដាប្រកែកមិនព្រម ខ្ញុំក៏សូមរើក្តីឡើងមកសេសារ មិនមែនដោយខ្ញុំមានបំណងនឹងចោទប្រកាន់សាសន៍របស់ខ្ញុំទេ។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីឲ្យបានឃើញមុខ ហើយនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ច្រវាក់នេះ គឺដោយសារតែសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល»។ អ្នកទាំងនោះតបថា៖ «យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ស្ដីអំពីរឿងលោកឡើយ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីលោកដែរ។ ប៉ុន្ដែ យើងចង់ស្ដាប់គំនិតរបស់លោក ដ្បិតយើងដឹងថា មានគេនិយាយជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។ កាលគេបានណាត់ថ្ងៃមួយដើម្បីជួបជាមួយលោករួចហើយ គេក៏នាំគ្នាច្រើនជាងមុន ចូលមកជួបនៅផ្ទះរបស់លោក។ លោកវែកញែកពន្យល់ប្រាប់គេ តាំងពីព្រឹករហូតដល់ល្ងាច ទាំងធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះ ហើយព្យាយាមពន្យល់គេអំពីព្រះយេស៊ូវឲ្យគេបានជឿ ចេញពីគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ និងគម្ពីរហោរា។ អ្នកខ្លះក៏ជឿសេចក្ដីដែលលោកមានប្រសាសន៍ តែអ្នកខ្លះទៀតមិនព្រមជឿទេ។ ដូច្នេះ គេក៏ចាកចេញទៅទាំងទាស់ទែងគ្នា ក្រោយពីលោកប៉ុលមានប្រាសន៍មួយឃ្លាថា៖ «ព្រះវិញ្ញាណបរិសុទ្ធ មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង តាមរយៈហោរាអេសាយត្រូវណាស់ថា "ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ ដ្បិតចិត្តរបស់ប្រជាជននេះរឹងណាស់ គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក យល់បាននៅក្នុងចិត្ត រួចវិលមកវិញ ហើយយើងប្រោសឲ្យគេជា" ។ ដូច្នេះ សូមបងប្អូនដឹងថា ព្រះប្រទានការសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញ ព្រោះគេនឹងស្តាប់»។ [ពេលលោកប៉ុលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ ពួកសាសន៍យូដាក៏ចេញទៅ ទាំងជជែកគ្នាជាខ្លាំង]។ លោកប៉ុលរស់នៅក្នុងផ្ទះដែលលោកជួលពេញពីរឆ្នាំ ហើយលោកបានទទួលអស់អ្នកដែលមកជួបលោក ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ និងបង្រៀនអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយក្លាហាន ហើយគ្មានអ្វីរាំងរាឡើយ។:៚
កិច្ចការ 28:2-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកកោះនោះបានទទួលយើង ដោយចិត្តសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំ ដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។ លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកម្ដៅភ្លើង ហើយចឹកដៃលោកជាប់។ កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។ អ្នកកោះនោះរង់ចាំមើលលោកប៉ូលហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្តែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិត ហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។ នៅជិតនោះ មានដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់ ចំនួនបីថ្ងៃ។ ឪពុករបស់លោកពូព្លាសសម្រាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ*ពីលើ និងប្រោសគាត់ឲ្យបានជា។ អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ ពួកគេបានសម្តែងការគោរពគ្រប់យ៉ាងចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។ បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។ លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។ បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។ នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូមបានប្រព្រឹត្តដូចតទៅ: ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។ លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោក តែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក។ បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាឲ្យមកជួបលោក។ លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរស*យើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វី គួរនឹងមានទោសដល់ជីវិតនោះឡើយ។ ប៉ុន្តែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»។ អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដាស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីលោកដែរ។ យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។ គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។ មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។ ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖ ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ ដ្បិតចិត្តរបស់ប្រជារាស្ត្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក ដើម្បីកុំឲ្យមើលឃើញ កុំឲ្យស្ដាប់ឮ និងដើម្បីកុំឲ្យយល់ ហើយក៏មិនចង់កែប្រែចិត្តគំនិតដែរ ក្រែងលោយើងប្រោសគេឲ្យបានជា» ។ ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។ [កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង]។ លោកប៉ូលបានស្នាក់នៅផ្ទះដែលលោកបានជួលនោះ អស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។ លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រិស្តដោយចិត្តអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។