កិច្ចការ 28:11-20

កិច្ចការ 28:11-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បី​ខែ​ក្រោយ​មក យើង​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​មាន​រូប​ចម្លាក់​ព្រះ​កូន​ភ្លោះ ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា។ កាល​បាន​ចូល​ចត​នៅ​ក្រុង​ស៊ីរ៉ា‌គូស យើងស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ បន្ទាប់​មក យើង​ចេញ​ពី​ទី​នោះ វាង​ទៅ​ដល់​ក្រុង​រេ‌គាម។ មួយ​ថ្ងៃ​ក្រោយ​មក មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ថ្ងៃ​ទី​ពីរ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។ នៅ​ទី​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន ហើយ​គេ​អញ្ជើញ​យើងឲ្យ​ស្នាក់​នៅ​ជា‌មួយ​គេ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើង​បាន​មក​ដល់​ក្រុង​រ៉ូម គឺ​ដូច្នេះ​ឯង។ ពួក​បង‌ប្អូន​ដែល​នៅ​ទីនោះ កាល​គេ​បាន​ឮ​ដំណឹង​អំពី​យើង គេ​ក៏​ចេញ​មក​ជួប​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី។ កាល​លោក​ប៉ុល​ឃើញ​គេ លោក​ក៏​អរ​ព្រះ‌គុណ​ព្រះ ហើយ​មាន​ចិត្ត​ក្លា​ហាន​ឡើង​វិញ។ ពេល​យើង​មក​ដល់​ក្រុង​រ៉ូម គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ុល​ស្នាក់​នៅ​ម្នាក់​ឯង ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​លោក។ បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ុល​អញ្ជើញ​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា មក​ជួប​ជុំ​គ្នា។ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​របស់​យើង ឬ​ទាស់​នឹង​ទំនៀម​ទម្លាប់​របស់​បុព្វ‌បុរស​យើង​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​សាសន៍​រ៉ូម។ ពេល​គេ​បាន​សួរ​ចម្លើយ​ខ្ញុំ​រួច​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​សម​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ដោយ​ព្រោះសាសន៍​យូដា​ប្រកែក​មិន​ព្រម ខ្ញុំ​ក៏​សូម​រើ​ក្តី​ឡើង​មក​សេ‌សារ មិន​មែន​ដោយ​ខ្ញុំ​មានបំណង​នឹង​ចោទ​ប្រកាន់​សាសន៍​របស់​ខ្ញុំ​ទេ។ ហេតុ​នេះហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​បង‌ប្អូន​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​និយាយ​ជាមួយ​បង‌ប្អូន ដ្បិត​ខ្ញុំ​ជាប់​ច្រវាក់នេះ គឺ​ដោយ​សារ​តែ​សេចក្តី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រា‌អែល»។

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:11-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូ‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេ‌ក្សាន‌ទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។ លុះ​មក​ដល់​ក្រុង​ស៊ីរ៉ា‌គូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។ នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បងប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: ពួក​បងប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បងប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ចិត្ត​ក្លា‌ហាន​ឡើង​វិញ។ លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញា‌ធរ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក។ បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បងប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃ‌ណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​រ៉ូម៉ាំង។ កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។ ប៉ុន្តែ ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​ឲ្យ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះចៅ​អធិ‌រាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជា‌ជាតិ​របស់​ខ្ញុំ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បងប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល»។

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:11-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា កាល​បាន​ចូល​ចត​នៅ​ស៊ីរ៉ា‌គូស ក៏​នៅ​ក្រុង​នោះ​៣​ថ្ងៃ ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទី‌យ៉ូលី នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់‌ភាស នឹង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។ គ្រា​ដល់​ក្រុង​រ៉ូម​ហើយ នោះ​មេ​ទ័ព​ក៏​ប្រគល់​ពួក​អ្នក​ទោស​ទៅ​លោក​មេ​បន្ទាយ ប៉ុន្តែ​គេ​បើក​ឲ្យ​ប៉ុល​នៅ​ដោយ​ខ្លួន មាន​តែ​ទាហាន​១​ដែល​រក្សា​ប៉ុណ្ណោះ ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេ‌សារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​នឹង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រាអែល​ហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ

ចែក​រំលែក
អាន កិច្ចការ 28