កិច្ចការ 28:1-9

កិច្ចការ 28:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​បាន​រួច​ជីវិត​ហើយ នោះ​ទើប​យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ​កោះ​មេលីត។ អ្នក​ស្រុក​នោះបាន​ទទួល​យើងដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា ដ្បិត​គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ព្រោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។ លោក​ប៉ុលបាន​ប្រមូល​រំកាច់មែក​ឈើ​មួយ​កង យក​មក​ដាក់​លើ​ភ្លើង ហើយ​ដោយ​ត្រូវ​នឹង​កម្ដៅ​ភ្លើង ពស់​វែក​មួយ​បាន​ចេញ​មក​ចឹកដៃ​លោក​ជាប់។ កាល​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពីដៃ​លោកដូច្នេះ គេ​ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បើ​បាន​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​ព្រះ‌យុត្តិធម៌ មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ»។ ក៏ប៉ុន្ដែ លោក​ប៉ុល​រលាស់​ពស់​នោះទម្លាក់​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ​ចាប់​អ្វី​ឡើយ។ គេ​រង់​ចាំ​មើល​លោក​ប៉ុល​ហើម ឬ​ក៏​ត្រូវ​ដួល​ស្លាប់ តែ​កាល​គេ​បាន​រង់​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​មិន​ឃើញ​មាន​ហេតុ​អាក្រក់​កើត​ឡើង​ដល់​លោកសោះ គេ​ក៏​ដូរ​គំនិត ហើយគិត​ថាលោក​ជា​ព្រះ​វិញ។ នៅ​ជិត​កន្លែង​នោះ មាន​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​មេ​កោះ ឈ្មោះ​ពូ‌ញ្លស គាត់​ទទួល​យើងឲ្យ​ស្នាក់​នៅ​យ៉ាង​រាក់​ទាក់អស់​រយៈ​ពេល​បី​ថ្ងៃ។ គាប់​ជួនជា​ឪពុក​របស់​ពូ‌ញ្លស​ដេក​គ្រុន ហើយ​មួល​ផង នោះ​លោក​ប៉ុល​ក៏​ចូល​ទៅ​ផ្ទះ​គាត់ ហើយ​អធិស្ឋានដាក់​ដៃ​លើ ដើម្បីឲ្យ​គាត់​បាន​ជា។ បន្ទាប់​ពី​ហេតុ‌ការណ៍​នេះ​បាន​កើត​ឡើង ប្រជា​ជនឯ​ទៀត​នៅ​លើកោះ​នោះដែល​មាន​ជំងឺ ក៏​បាន​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង‌អស់​គ្នា។

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។ អ្នក​កោះ​នោះ​បាន​ទទួល​យើង ដោយ​ចិត្ត​សប្បុរស រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ គេ​អញ្ជើញ​យើង​ទាំង​អស់​គ្នា​មក​ជុំ‌វិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។ លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កម្ដៅ​ភ្លើង ហើយ​ចឹក​ដៃ​លោក​ជាប់។ កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌ មិន​ទុក​ឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។ លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។ អ្នក​កោះ​នោះ​រង់‌ចាំ​មើល​លោក​ប៉ូល​ហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ គេ​ក៏​ដូរ​គំនិត ហើយ​បែរ​ជា​ពោល​ថា​លោក​ប៉ូល​ជា​ព្រះ​វិញ។ នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​មេ‌កន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​យ៉ាង​រាក់‌ទាក់ ចំនួន​បី​ថ្ងៃ។ ឪពុក​របស់​លោក​ពូព្លាស​សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង មួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ*​ពី​លើ និង​ប្រោស​គាត់​ឲ្យ​បាន​ជា។ អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​បាន​រួច​ជីវិត​ហើយ នោះ​ទើប​ស្គាល់​កោះ​នោះ ថា​ជា​កោះ​មេលីត មនុស្ស​ស្រុក​នោះ​ក៏​ប្រព្រឹត្ត​នឹង​យើង ដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ពី​ព្រោះ​ធ្លាក់​ភ្លៀង ហើយ​រងា​ផង ឯ​ប៉ុល ក៏​ប្រមូល​រំកាច់​មែក​ឈើ​១​កង យក​មក​ដាក់​លើ​ភ្លើង នោះ​មាន​ពស់‌វែក​១​ត្រូវ​កំដៅ​ភ្លើង បាន​ចេញ​មក​ចឹក​ជាប់​នៅ​ដៃ​គាត់ លុះ​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពី​ដៃ​គាត់​មក​ដូច្នោះ នោះ​ក៏​និយាយ​គ្នា​ថា ប្រាកដ​ជា​មនុស្ស​នេះ​បាន​សំឡាប់​គេ​ហើយ បាន​ជា​ទោះ​បើ​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​សេចក្ដី​យុត្តិ‌ធម៌​មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ តែ​គាត់​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ‌ចាប់​អ្វី​ឡើយ គេ​រង់​ចាំ​មើល​គាត់​ជា​ហើម ឬ​ដួល​ស្លាប់​ភ្លាម​ទៅ តែ​កាល​គេ​បាន​ចាំ​ជា​យូរ ហើយ​ឥត​ឃើញ​មាន​ឈឺ​អ្វី​សោះ នោះ​គេ​ប្រែ​គំនិត​ទៅ​ជា​ថា គាត់​ជា​ព្រះ​វិញ។ នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​នោះ មាន​ដី​របស់​អ្នក​មេ​កោះ ឈ្មោះ​ពូញ្លស ដែល​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់​៣​ថ្ងៃ​ដោយ​សប្បុរស គាប់​ចួន​ជា​ឪពុក​ពូញ្លស​ដេក​គ្រុន ហើយ​មួល​ផង ប៉ុល​ក៏​ចូល​ទៅ​អធិស្ឋាន ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ជា ដូច្នេះ អស់​អ្នក​ឯ​ទៀត ដែល​ឈឺ​នៅ​កោះ​នោះ ក៏​មក ហើយ​បាន​ជា​ដែរ

ចែក​រំលែក
អាន កិច្ចការ 28