កិច្ចការ 28:1-5
កិច្ចការ 28:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្មោះកោះមេលីត។ អ្នកស្រុកនោះបានទទួលយើងដោយចិត្តសប្បុរសលើសជាងធម្មតា ដ្បិតគេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ព្រោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។ លោកប៉ុលបានប្រមូលរំកាច់មែកឈើមួយកង យកមកដាក់លើភ្លើង ហើយដោយត្រូវនឹងកម្ដៅភ្លើង ពស់វែកមួយបានចេញមកចឹកដៃលោកជាប់។ កាលពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃលោកដូច្នេះ គេក៏និយាយគ្នាថា៖ «អ្នកនេះប្រាកដជាបានសម្លាប់គេហើយ ទោះបើបានរួចពីសមុទ្រក៏ដោយ គង់តែព្រះយុត្តិធម៌ មិនព្រមឲ្យនៅរស់ដែរ»។ ក៏ប៉ុន្ដែ លោកប៉ុលរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ។
កិច្ចការ 28:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។ អ្នកកោះនោះបានទទួលយើង ដោយចិត្តសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំ ដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។ លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកម្ដៅភ្លើង ហើយចឹកដៃលោកជាប់។ កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។
កិច្ចការ 28:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានរួចជីវិតហើយ នោះទើបស្គាល់កោះនោះ ថាជាកោះមេលីត មនុស្សស្រុកនោះក៏ប្រព្រឹត្តនឹងយើង ដោយចិត្តសប្បុរសលើសជាងធម្មតា គេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ពីព្រោះធ្លាក់ភ្លៀង ហើយរងាផង ឯប៉ុល ក៏ប្រមូលរំកាច់មែកឈើ១កង យកមកដាក់លើភ្លើង នោះមានពស់វែក១ត្រូវកំដៅភ្លើង បានចេញមកចឹកជាប់នៅដៃគាត់ លុះពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃគាត់មកដូច្នោះ នោះក៏និយាយគ្នាថា ប្រាកដជាមនុស្សនេះបានសំឡាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្ដីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ តែគាត់រលាស់ពស់នោះទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ