កិច្ចការ 28:1-30

កិច្ចការ 28:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​បាន​រួច​ជីវិត​ហើយ នោះ​ទើប​យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ​កោះ​មេលីត។ អ្នក​ស្រុក​នោះបាន​ទទួល​យើងដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា ដ្បិត​គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ព្រោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។ លោក​ប៉ុលបាន​ប្រមូល​រំកាច់មែក​ឈើ​មួយ​កង យក​មក​ដាក់​លើ​ភ្លើង ហើយ​ដោយ​ត្រូវ​នឹង​កម្ដៅ​ភ្លើង ពស់​វែក​មួយ​បាន​ចេញ​មក​ចឹកដៃ​លោក​ជាប់។ កាល​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពីដៃ​លោកដូច្នេះ គេ​ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បើ​បាន​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​ព្រះ‌យុត្តិធម៌ មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ»។ ក៏ប៉ុន្ដែ លោក​ប៉ុល​រលាស់​ពស់​នោះទម្លាក់​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ​ចាប់​អ្វី​ឡើយ។ គេ​រង់​ចាំ​មើល​លោក​ប៉ុល​ហើម ឬ​ក៏​ត្រូវ​ដួល​ស្លាប់ តែ​កាល​គេ​បាន​រង់​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​មិន​ឃើញ​មាន​ហេតុ​អាក្រក់​កើត​ឡើង​ដល់​លោកសោះ គេ​ក៏​ដូរ​គំនិត ហើយគិត​ថាលោក​ជា​ព្រះ​វិញ។ នៅ​ជិត​កន្លែង​នោះ មាន​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​មេ​កោះ ឈ្មោះ​ពូ‌ញ្លស គាត់​ទទួល​យើងឲ្យ​ស្នាក់​នៅ​យ៉ាង​រាក់​ទាក់អស់​រយៈ​ពេល​បី​ថ្ងៃ។ គាប់​ជួនជា​ឪពុក​របស់​ពូ‌ញ្លស​ដេក​គ្រុន ហើយ​មួល​ផង នោះ​លោក​ប៉ុល​ក៏​ចូល​ទៅ​ផ្ទះ​គាត់ ហើយ​អធិស្ឋានដាក់​ដៃ​លើ ដើម្បីឲ្យ​គាត់​បាន​ជា។ បន្ទាប់​ពី​ហេតុ‌ការណ៍​នេះ​បាន​កើត​ឡើង ប្រជា​ជនឯ​ទៀត​នៅ​លើកោះ​នោះដែល​មាន​ជំងឺ ក៏​បាន​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង‌អស់​គ្នា។ គេ​គោរព​រាប់​អាន​យើង​យ៉ាង​ខ្លាំង ហើយ​ពេល​យើងបម្រុង​នឹង​ចេញ​ដំណើរ គេ​បាន​ជួយ​ឧបត្ថម្ភ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ។ បី​ខែ​ក្រោយ​មក យើង​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​មាន​រូប​ចម្លាក់​ព្រះ​កូន​ភ្លោះ ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា។ កាល​បាន​ចូល​ចត​នៅ​ក្រុង​ស៊ីរ៉ា‌គូស យើងស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ បន្ទាប់​មក យើង​ចេញ​ពី​ទី​នោះ វាង​ទៅ​ដល់​ក្រុង​រេ‌គាម។ មួយ​ថ្ងៃ​ក្រោយ​មក មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ថ្ងៃ​ទី​ពីរ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។ នៅ​ទី​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន ហើយ​គេ​អញ្ជើញ​យើងឲ្យ​ស្នាក់​នៅ​ជា‌មួយ​គេ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើង​បាន​មក​ដល់​ក្រុង​រ៉ូម គឺ​ដូច្នេះ​ឯង។ ពួក​បង‌ប្អូន​ដែល​នៅ​ទីនោះ កាល​គេ​បាន​ឮ​ដំណឹង​អំពី​យើង គេ​ក៏​ចេញ​មក​ជួប​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី។ កាល​លោក​ប៉ុល​ឃើញ​គេ លោក​ក៏​អរ​ព្រះ‌គុណ​ព្រះ ហើយ​មាន​ចិត្ត​ក្លា​ហាន​ឡើង​វិញ។ ពេល​យើង​មក​ដល់​ក្រុង​រ៉ូម គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ុល​ស្នាក់​នៅ​ម្នាក់​ឯង ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​លោក។ បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ុល​អញ្ជើញ​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា មក​ជួប​ជុំ​គ្នា។ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​របស់​យើង ឬ​ទាស់​នឹង​ទំនៀម​ទម្លាប់​របស់​បុព្វ‌បុរស​យើង​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​សាសន៍​រ៉ូម។ ពេល​គេ​បាន​សួរ​ចម្លើយ​ខ្ញុំ​រួច​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​សម​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ដោយ​ព្រោះសាសន៍​យូដា​ប្រកែក​មិន​ព្រម ខ្ញុំ​ក៏​សូម​រើ​ក្តី​ឡើង​មក​សេ‌សារ មិន​មែន​ដោយ​ខ្ញុំ​មានបំណង​នឹង​ចោទ​ប្រកាន់​សាសន៍​របស់​ខ្ញុំ​ទេ។ ហេតុ​នេះហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​បង‌ប្អូន​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​និយាយ​ជាមួយ​បង‌ប្អូន ដ្បិត​ខ្ញុំ​ជាប់​ច្រវាក់នេះ គឺ​ដោយ​សារ​តែ​សេចក្តី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រា‌អែល»។ អ្នក​ទាំង​នោះ​តប​ថា៖ «យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ស្ដី​អំពី​រឿង​លោក​ឡើយ ក៏​គ្មាន​បង‌ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​អ្វី​អាក្រក់​ពី​លោក​ដែរ។ ប៉ុន្ដែ យើង​ចង់​ស្ដាប់​គំនិត​របស់​លោក ដ្បិត​យើង​ដឹង​ថា មាន​គេ​និយាយ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។ កាល​គេ​បាន​ណាត់​ថ្ងៃ​មួយ​ដើម្បី​ជួបជាមួយ​លោក​រួចហើយ គេ​ក៏នាំ​គ្នា​ច្រើន​ជាង​មុន ចូល​មក​ជួប​នៅ​ផ្ទះ​របស់​លោក។ លោក​វែក​ញែក​ពន្យល់​ប្រាប់​គេ តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ទាំង​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​ព្យាយាម​ពន្យល់​គេ​អំពី​ព្រះ‌យេស៊ូវ​ឲ្យ​គេ​បាន​ជឿ ចេញ​ពីគម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ហោរា។ អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែលលោកមាន​ប្រសាសន៍ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។ ដូច្នេះ គេ​ក៏​ចាក​ចេញ​ទៅ​ទាំង​ទាស់​ទែង​គ្នា ក្រោយ​ពី​លោក​ប៉ុល​មាន​ប្រាសន៍​មួយ​ឃ្លា​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ​បុរស​របស់​យើង តាម​រយៈ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា "ចូរ​ទៅ​រក​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​អ្នក​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​អ្នក​រាល់​គ្នា​ឃើញ នោះ​ឃើញ​មែន តែ​មិន​យល់​សោះ។ ដ្បិត​ចិត្ត​របស់​ប្រ‌ជាជន​នេះ​រឹង​ណាស់ គេ​បាន​ឮដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក យល់​បាននៅ​ក្នុង​ចិត្ត រួច​វិល​មកវិញ ហើយ​យើង​ប្រោស​ឲ្យ​គេ​ជា" ។ ដូច្នេះ សូម​បង‌ប្អូន​ដឹង​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ព្រោះ​គេ​នឹង​ស្តាប់»។ [ពេល​លោក​ប៉ុល​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ​រួច​ហើយ ពួក​សាសន៍​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​ជា​ខ្លាំង]។ លោក​ប៉ុល​រស់​នៅ​ក្នុង​ផ្ទះ​ដែល​លោក​ជួល​ពេញ​ពីរ​ឆ្នាំ ហើយ​លោក​បាន​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។ អ្នក​កោះ​នោះ​បាន​ទទួល​យើង ដោយ​ចិត្ត​សប្បុរស រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ គេ​អញ្ជើញ​យើង​ទាំង​អស់​គ្នា​មក​ជុំ‌វិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។ លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កម្ដៅ​ភ្លើង ហើយ​ចឹក​ដៃ​លោក​ជាប់។ កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌ មិន​ទុក​ឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។ លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។ អ្នក​កោះ​នោះ​រង់‌ចាំ​មើល​លោក​ប៉ូល​ហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ គេ​ក៏​ដូរ​គំនិត ហើយ​បែរ​ជា​ពោល​ថា​លោក​ប៉ូល​ជា​ព្រះ​វិញ។ នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​មេ‌កន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​យ៉ាង​រាក់‌ទាក់ ចំនួន​បី​ថ្ងៃ។ ឪពុក​របស់​លោក​ពូព្លាស​សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង មួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ*​ពី​លើ និង​ប្រោស​គាត់​ឲ្យ​បាន​ជា។ អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។ ពួក​គេ​បាន​សម្តែង​ការ​គោរព​គ្រប់​យ៉ាង​ចំពោះ​យើង។ នៅ​ពេល​យើង​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។ បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូ‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេ‌ក្សាន‌ទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។ លុះ​មក​ដល់​ក្រុង​ស៊ីរ៉ា‌គូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។ នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បងប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: ពួក​បងប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បងប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ចិត្ត​ក្លា‌ហាន​ឡើង​វិញ។ លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញា‌ធរ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក។ បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បងប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃ‌ណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​រ៉ូម៉ាំង។ កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។ ប៉ុន្តែ ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​ឲ្យ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះចៅ​អធិ‌រាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជា‌ជាតិ​របស់​ខ្ញុំ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បងប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល»។ អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដា​ស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បងប្អូន​ណា​ម្នាក់​មក​រាយ‌ការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។ យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។ គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការី*​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះ‌យេស៊ូ។ មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។ ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ទៅ​រក​ប្រជា‌រាស្ត្រ​នោះ ហើយ​ប្រាប់​ពួក​គេ​ថា: អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ ដ្បិត​ចិត្ត​របស់​ប្រជា‌រាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក ដើម្បី​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ស្ដាប់​ឮ និង​ដើម្បី​កុំ​ឲ្យ​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា» ។ ហេតុ​នេះ សូម​បងប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ​ឲ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។ [កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន‌ជាតិ​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង]។ លោក​ប៉ូល​បាន​ស្នាក់​នៅ​ផ្ទះ​ដែល​លោក​បាន​ជួល​នោះ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។

ចែក​រំលែក
អាន កិច្ចការ 28

កិច្ចការ 28:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​បាន​រួច​ជីវិត​ហើយ នោះ​ទើប​ស្គាល់​កោះ​នោះ ថា​ជា​កោះ​មេលីត មនុស្ស​ស្រុក​នោះ​ក៏​ប្រព្រឹត្ត​នឹង​យើង ដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ពី​ព្រោះ​ធ្លាក់​ភ្លៀង ហើយ​រងា​ផង ឯ​ប៉ុល ក៏​ប្រមូល​រំកាច់​មែក​ឈើ​១​កង យក​មក​ដាក់​លើ​ភ្លើង នោះ​មាន​ពស់‌វែក​១​ត្រូវ​កំដៅ​ភ្លើង បាន​ចេញ​មក​ចឹក​ជាប់​នៅ​ដៃ​គាត់ លុះ​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពី​ដៃ​គាត់​មក​ដូច្នោះ នោះ​ក៏​និយាយ​គ្នា​ថា ប្រាកដ​ជា​មនុស្ស​នេះ​បាន​សំឡាប់​គេ​ហើយ បាន​ជា​ទោះ​បើ​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​សេចក្ដី​យុត្តិ‌ធម៌​មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ តែ​គាត់​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ‌ចាប់​អ្វី​ឡើយ គេ​រង់​ចាំ​មើល​គាត់​ជា​ហើម ឬ​ដួល​ស្លាប់​ភ្លាម​ទៅ តែ​កាល​គេ​បាន​ចាំ​ជា​យូរ ហើយ​ឥត​ឃើញ​មាន​ឈឺ​អ្វី​សោះ នោះ​គេ​ប្រែ​គំនិត​ទៅ​ជា​ថា គាត់​ជា​ព្រះ​វិញ។ នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​នោះ មាន​ដី​របស់​អ្នក​មេ​កោះ ឈ្មោះ​ពូញ្លស ដែល​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់​៣​ថ្ងៃ​ដោយ​សប្បុរស គាប់​ចួន​ជា​ឪពុក​ពូញ្លស​ដេក​គ្រុន ហើយ​មួល​ផង ប៉ុល​ក៏​ចូល​ទៅ​អធិស្ឋាន ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ជា ដូច្នេះ អស់​អ្នក​ឯ​ទៀត ដែល​ឈឺ​នៅ​កោះ​នោះ ក៏​មក ហើយ​បាន​ជា​ដែរ គេ​ក៏​រាប់​អាន​យើង​ជា​ខ្លាំង ហើយ​ដល់​វេលា​ដែល​យើង​ចេញ​ទៅ នោះ​គេ​បាន​ឲ្យ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ​ដែរ។ លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា កាល​បាន​ចូល​ចត​នៅ​ស៊ីរ៉ា‌គូស ក៏​នៅ​ក្រុង​នោះ​៣​ថ្ងៃ ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទី‌យ៉ូលី នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់‌ភាស នឹង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។ គ្រា​ដល់​ក្រុង​រ៉ូម​ហើយ នោះ​មេ​ទ័ព​ក៏​ប្រគល់​ពួក​អ្នក​ទោស​ទៅ​លោក​មេ​បន្ទាយ ប៉ុន្តែ​គេ​បើក​ឲ្យ​ប៉ុល​នៅ​ដោយ​ខ្លួន មាន​តែ​ទាហាន​១​ដែល​រក្សា​ប៉ុណ្ណោះ ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេ‌សារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​នឹង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រាអែល​ហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្ដី​អ្វី​អាក្រក់​ពី​អ្នក​ដែរ តែ​យើង​ចូល​ចិត្ត​ចង់​ដឹង​គំនិត​របស់​អ្នក ដែល​អ្នក​គិត​ដូច​ម្តេច ព្រោះ​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង‌តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់។ គេ​ក៏​ណាត់​ថ្ងៃ​កំណត់ រួច​មាន​គ្នា​ជា​ច្រើន​មក​ឯ​គាត់ ក្នុង​ទី​លំនៅ​របស់​គាត់ ហើយ​គាត់​អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ ក៏​បញ្ចុះ‌បញ្ចូល​ឲ្យ​គេ​ជឿ​អស់​ទាំង​សេចក្ដី ដែល​ដំរូវ​ពី​ព្រះ‌យេស៊ូវ​ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ហើយ​ក្នុង​គម្ពីរ​ពួក​ហោរា អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ នោះ​គេ​ចេញ​ទៅ​ទាំង​ទាស់‌ទែង​គ្នា ក្រោយ​ដែល​ប៉ុល​បាន​និយាយ​១​ម៉ាត់​នេះ​ទៅ​គេ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​នឹង​ពួក​ព្ធយុ‌កោ​យើង ដោយ‌សារ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា «ចូរ​ទៅ​ឯ​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​ឯង​រាល់​គ្នា​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​សាសន៍​នេះ​បាន​ត្រឡប់​ជា​ស្ពឹក គេ​បាន​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​ចិត្ត​បាន​យល់ រួច​គេ​វិល​មក ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​គេ​ជា» ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត លុះ​កាល​គាត់​បាន​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ពួក​សាសន៍​យូដា​ក៏​ចេញ​ទៅ​ទាំង​ជជែក​គ្នា​ជា​ខ្លាំង។ រីឯ​ប៉ុល គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ពេញ​២​ឆ្នាំ គាត់​បាន​ទទួល​អស់​អ្នក​ណា​ដែល​មក​ឯ​គាត់ ទាំង​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្ដី ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ។:៚

ចែក​រំលែក
អាន កិច្ចការ 28