កិច្ចការ 28:1-16
កិច្ចការ 28:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្មោះកោះមេលីត។ អ្នកស្រុកនោះបានទទួលយើងដោយចិត្តសប្បុរសលើសជាងធម្មតា ដ្បិតគេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ព្រោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។ លោកប៉ុលបានប្រមូលរំកាច់មែកឈើមួយកង យកមកដាក់លើភ្លើង ហើយដោយត្រូវនឹងកម្ដៅភ្លើង ពស់វែកមួយបានចេញមកចឹកដៃលោកជាប់។ កាលពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃលោកដូច្នេះ គេក៏និយាយគ្នាថា៖ «អ្នកនេះប្រាកដជាបានសម្លាប់គេហើយ ទោះបើបានរួចពីសមុទ្រក៏ដោយ គង់តែព្រះយុត្តិធម៌ មិនព្រមឲ្យនៅរស់ដែរ»។ ក៏ប៉ុន្ដែ លោកប៉ុលរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ។ គេរង់ចាំមើលលោកប៉ុលហើម ឬក៏ត្រូវដួលស្លាប់ តែកាលគេបានរង់ចាំមើលអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញមានហេតុអាក្រក់កើតឡើងដល់លោកសោះ គេក៏ដូរគំនិត ហើយគិតថាលោកជាព្រះវិញ។ នៅជិតកន្លែងនោះ មានដីដែលជាកម្មសិទ្ធិរបស់មេកោះ ឈ្មោះពូញ្លស គាត់ទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់អស់រយៈពេលបីថ្ងៃ។ គាប់ជួនជាឪពុករបស់ពូញ្លសដេកគ្រុន ហើយមួលផង នោះលោកប៉ុលក៏ចូលទៅផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃលើ ដើម្បីឲ្យគាត់បានជា។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រជាជនឯទៀតនៅលើកោះនោះដែលមានជំងឺ ក៏បាននាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ គេគោរពរាប់អានយើងយ៉ាងខ្លាំង ហើយពេលយើងបម្រុងនឹងចេញដំណើរ គេបានជួយឧបត្ថម្ភគ្រប់ទាំងរបស់ដែលយើងត្រូវការ។ បីខែក្រោយមក យើងចេញដំណើរតាមសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលមានរូបចម្លាក់ព្រះកូនភ្លោះ ចតនៅកោះនោះក្នុងរដូវរងា។ កាលបានចូលចតនៅក្រុងស៊ីរ៉ាគូស យើងស្នាក់នៅទីនោះបីថ្ងៃ។ បន្ទាប់មក យើងចេញពីទីនោះ វាងទៅដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់បក់ពីទិសខាងត្បូង ហើយនៅថ្ងៃទីពីរ យើងមកដល់ក្រុងពូទីយ៉ូលី។ នៅទីនោះ យើងបានជួបពួកបងប្អូន ហើយគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយគេ អស់រយៈពេលប្រាំពីរថ្ងៃ។ យើងបានមកដល់ក្រុងរ៉ូម គឺដូច្នេះឯង។ ពួកបងប្អូនដែលនៅទីនោះ កាលគេបានឮដំណឹងអំពីយើង គេក៏ចេញមកជួបយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី។ កាលលោកប៉ុលឃើញគេ លោកក៏អរព្រះគុណព្រះ ហើយមានចិត្តក្លាហានឡើងវិញ។ ពេលយើងមកដល់ក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅម្នាក់ឯង ជាមួយទាហានម្នាក់ដែលនៅយាមលោក។
កិច្ចការ 28:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។ អ្នកកោះនោះបានទទួលយើង ដោយចិត្តសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំ ដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។ លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកម្ដៅភ្លើង ហើយចឹកដៃលោកជាប់។ កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។ អ្នកកោះនោះរង់ចាំមើលលោកប៉ូលហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្តែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិត ហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។ នៅជិតនោះ មានដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់ ចំនួនបីថ្ងៃ។ ឪពុករបស់លោកពូព្លាសសម្រាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ*ពីលើ និងប្រោសគាត់ឲ្យបានជា។ អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ ពួកគេបានសម្តែងការគោរពគ្រប់យ៉ាងចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។ បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។ លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។ បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។ នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូមបានប្រព្រឹត្តដូចតទៅ: ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។ លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោក តែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក។
កិច្ចការ 28:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានរួចជីវិតហើយ នោះទើបស្គាល់កោះនោះ ថាជាកោះមេលីត មនុស្សស្រុកនោះក៏ប្រព្រឹត្តនឹងយើង ដោយចិត្តសប្បុរសលើសជាងធម្មតា គេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ពីព្រោះធ្លាក់ភ្លៀង ហើយរងាផង ឯប៉ុល ក៏ប្រមូលរំកាច់មែកឈើ១កង យកមកដាក់លើភ្លើង នោះមានពស់វែក១ត្រូវកំដៅភ្លើង បានចេញមកចឹកជាប់នៅដៃគាត់ លុះពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃគាត់មកដូច្នោះ នោះក៏និយាយគ្នាថា ប្រាកដជាមនុស្សនេះបានសំឡាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្ដីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ តែគាត់រលាស់ពស់នោះទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ គេរង់ចាំមើលគាត់ជាហើម ឬដួលស្លាប់ភ្លាមទៅ តែកាលគេបានចាំជាយូរ ហើយឥតឃើញមានឈឺអ្វីសោះ នោះគេប្រែគំនិតទៅជាថា គាត់ជាព្រះវិញ។ នៅព័ទ្ធជុំវិញទីនោះ មានដីរបស់អ្នកមេកោះ ឈ្មោះពូញ្លស ដែលទទួលយើងឲ្យស្នាក់នៅផ្ទះគាត់៣ថ្ងៃដោយសប្បុរស គាប់ចួនជាឪពុកពូញ្លសដេកគ្រុន ហើយមួលផង ប៉ុលក៏ចូលទៅអធិស្ឋាន ដាក់ដៃលើគាត់ ឲ្យបានជា ដូច្នេះ អស់អ្នកឯទៀត ដែលឈឺនៅកោះនោះ ក៏មក ហើយបានជាដែរ គេក៏រាប់អានយើងជាខ្លាំង ហើយដល់វេលាដែលយើងចេញទៅ នោះគេបានឲ្យគ្រប់ទាំងរបស់ដែលយើងត្រូវការដែរ។ លុះ៣ខែក្រោយមក យើងចុះសំពៅ១ទៅ ជាសំពៅដែលមកពីក្រុងអ័លេក្សានទ្រា ឈ្មោះឌីអូស្គួរ ដែលនៅនឹងកោះនោះក្នុងរដូវរងា កាលបានចូលចតនៅស៊ីរ៉ាគូស ក៏នៅក្រុងនោះ៣ថ្ងៃ ពីទីនោះយើងបើកវាងទៅដល់រេគាម ហើយ១ថ្ងៃក្រោយមក កើតមានខ្យល់ពីខាងត្បូង ដល់ថ្ងៃទី២យើងទៅដល់ពូទីយ៉ូលី នៅទីនោះ យើងរកឃើញពួកជំនុំខ្លះ គេក៏សូមឲ្យយើងនៅជាមួយអស់៧ថ្ងៃ គឺដូច្នោះឯង ដែលយើងបានទៅឯក្រុងរ៉ូម រីឯពួកជំនុំនៅក្រុងរ៉ូម កាលបានឮនិយាយពីយើង នោះគេក៏ចេញមកជួបនឹងយើងត្រឹមផ្សារអាប់ភាស នឹងផ្ទះសំណាក់បី លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង។ គ្រាដល់ក្រុងរ៉ូមហើយ នោះមេទ័ពក៏ប្រគល់ពួកអ្នកទោសទៅលោកមេបន្ទាយ ប៉ុន្តែគេបើកឲ្យប៉ុលនៅដោយខ្លួន មានតែទាហាន១ដែលរក្សាប៉ុណ្ណោះ