កិច្ចការ 27:39-44

កិច្ចការ 27:39-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ភ្លឺ​ឡើង គេ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ តែ​គេ​ឃើញ​ឆក​សមុទ្រដែល​មាន​វាល​ខ្សាច់ ហើយ​គេ​ចង់​តម្រង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ ប្រសិន‌បើ​អាច។ ដូច្នេះ គេ​ក៏​កាត់​ផ្ដាច់​ខ្សែ​យុថ្កា​ចោលទៅ​ក្នុង​សមុទ្រ ស្រាយ​ខ្សែ​ដែល​ចង​ចង្កូត​ចេញ ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ តម្រង់​សំពៅ​ទៅ​រក​ឆ្នេរ។ ប៉ុន្ដែ សំពៅ​បាន​ចូល​ទៅ​កឿង​នៅ​ចន្លោះ​ខ្សែ​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ដោយ​ទឹក​រលក​បោក​ផ្ទប់​ខ្លាំង។ ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ចោល ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ហែល​គេច​ខ្លួន​បាន។ ប៉ុន្ដែ ដោយ​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ុល មេទ័ពរងក៏​ឃាត់​គេមិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ។ លោក​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែលលោត​ចុះ ហើយ​ហែល​ទៅ​រក​គោក​មុន ឯ​អ្នក​ដែល​នៅ​សល់ តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​ទៅតាម​ក្រោយ។ ដូច្នេះ គេ​ទាំង​អស់​គ្នា​ក៏​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។

ចែក​រំលែក
អាន កិច្ចការ 27

កិច្ចការ 27:39-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។ គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើង ឲ្យ​សំពៅ​ចូល​ទៅ​រក​ច្រាំង ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។ ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក ដោយ​សុខ‌សាន្ត​គ្រប់ៗ​គ្នា។

ចែក​រំលែក
អាន កិច្ចការ 27

កិច្ចការ 27:39-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ភ្លឺ​ច្បាស់​ហើយ នោះ​គេ​មិន​បាន​ស្គាល់​ស្រុក​នោះ​ទេ តែ​គេ​ឃើញ​ញោច​១​មាន​ជំរាល រួច​គេ​គិត​ដំរង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ បើ​សិន​ជា​បាន គេ​ក៏​កាត់​ពួរ​យុថ្កា​ចោល​នៅ​សមុទ្រ រួច​ស្រាយ​ចង្កូត ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ ដំរង់​សំពៅ​ទៅ​ឯ​ទី​ជំរាល​នោះ សំពៅ​ក៏​ចូល​ទៅ​កឿង​នៅ​កន្លែង​ដែល​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ទៅ​ដោយ​អំណាច​រលក ឯ​ពួក​ទាហាន គេ​ចង់​សំឡាប់​អ្នក​ទោស​ទាំង​ប៉ុន្មាន​ចោល​ចេញ ដោយ​ខ្លាច​ក្រែង​ហែល​រត់​រួច​ខ្លះ តែ​មេ​ទ័ព​ចង់​ជួយ​ប៉ុល​ឲ្យ​រួច បាន​ជា​ឃាត់​គេ មិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ ក៏​បង្គាប់​អ្នក​ណា​ដែល​ចេះ​ហែល ឲ្យ​លោត​ហែល​ទៅ​ដល់​គោក​ជា​មុន ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ‌សាន្ត​ត្រាណ។

ចែក​រំលែក
អាន កិច្ចការ 27