កិច្ចការ 27:27-44
កិច្ចការ 27:27-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលចូលដល់យប់ទីដប់បួន ពេលយើងរសាត់លើផ្ទៃសមុទ្រអាឌ្រា នោះប្រមាណជាពាក់កណ្តាលអធ្រាត្រ អ្នកសំពៅស្មានថាជិតដល់ដីគោកហើយ។ ដូច្នេះ គេក៏បោះសំណស្ទង់ចុះទៅក្នុងទឹក ឃើញមានជម្រៅម្ភៃព្យាម ។ លុះទៅមុខបន្តិចទៀត គេស្ទង់មើលម្ដងទៀត ឃើញមានជម្រៅដប់ប្រាំព្យាម។ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។ ប៉ុន្ដែ ពេលពួកអ្នកសំពៅចង់រត់ចោលសំពៅ ហើយសម្រូតសំប៉ានទម្លាក់ចុះទៅក្នុងសមុទ្រ ដោយធ្វើដូចជាចង់ទម្លាក់យុថ្កាពីក្បាលសំពៅ លោកប៉ុលមានប្រសាសន៍ទៅមេទ័ពរង និងពួកទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»។ ពេលនោះ ពួកទាហានក៏កាត់ផ្ដាច់ ឲ្យសំប៉ានធ្លាក់ទៅក្នុងសមុទ្របាត់ទៅ។ លុះពេលទៀបភ្លឺ លោកប៉ុលប្រាប់គេទាំងអស់គ្នាឲ្យបរិភោគ ដោយមានប្រសាសន៍ថា៖ «ថ្ងៃនេះជាថ្ងៃទីដប់បួនហើយ ដែលអ្នករាល់គ្នាបានទ្រាំអត់អាហារ មិនបានបរិភោគអ្វីសោះ។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យពិសាអាហារទៅ ដើម្បីឲ្យមានកម្លាំង ដ្បិតសូម្បីតែសក់មួយសរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង»។ កាលលោកមានប្រសាន៍ដូច្នេះរួចហើយ លោកក៏យកនំបុ័ងមក ហើយអរព្រះគុណដល់ព្រះនៅមុខគេទាំងអស់គ្នា រួចក៏កាច់បរិភោគទៅ។ ពេលនោះ គេទាំងអស់គ្នាក៏មានកម្លាំងចិត្ត ហើយបរិភោគអាហារ។ (យើងទាំងអស់គ្នាដែលនៅក្នុងសំពៅ មានគ្នាពីររយចិតសិបប្រាំមួយនាក់)។ កាលបរិភោគឆ្អែតហើយ គេក៏សម្រាលសំពៅ ដោយទម្លាក់ស្រូវចុះទៅក្នុងសមុទ្រ។ លុះភ្លឺឡើង គេមើលស្រុកនោះមិនស្គាល់ទេ តែគេឃើញឆកសមុទ្រដែលមានវាលខ្សាច់ ហើយគេចង់តម្រង់សំពៅឲ្យទៅកឿងនៅទីនោះ ប្រសិនបើអាច។ ដូច្នេះ គេក៏កាត់ផ្ដាច់ខ្សែយុថ្កាចោលទៅក្នុងសមុទ្រ ស្រាយខ្សែដែលចងចង្កូតចេញ ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ តម្រង់សំពៅទៅរកឆ្នេរ។ ប៉ុន្ដែ សំពៅបានចូលទៅកឿងនៅចន្លោះខ្សែទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកដោយទឹករលកបោកផ្ទប់ខ្លាំង។ ពួកទាហានមានបំណងសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យអ្នកណាម្នាក់ហែលគេចខ្លួនបាន។ ប៉ុន្ដែ ដោយចង់សង្គ្រោះជីវិតលោកប៉ុល មេទ័ពរងក៏ឃាត់គេមិនឲ្យធ្វើតាមគំនិតនោះឡើយ។ លោកបញ្ជាឲ្យអស់អ្នកដែលចេះហែលលោតចុះ ហើយហែលទៅរកគោកមុន ឯអ្នកដែលនៅសល់ តោងបន្ទះក្តារ ឬបំណែកសំពៅទៅតាមក្រោយ។ ដូច្នេះ គេទាំងអស់គ្នាក៏បានទៅដល់គោកដោយសុវត្ថិភាព។
កិច្ចការ 27:27-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថាមានជម្រៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជម្រៅម្ភៃប្រាំបីម៉ែត្រ។ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួននៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសម្រូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថា គេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។ លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និងកូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតឡើយ»។ ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។ លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។ ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូនក៏មិនបាត់ផង»។ លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំប៉័ងមកអរព្រះគុណព្រះជាម្ចាស់ នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។ នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។ កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីឲ្យស្រាលសំពៅ។ លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេ គេឃើញតែឆកសមុទ្រ ដែលមានវាលខ្សាច់។ គេបានសម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។ គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង ឲ្យសំពៅចូលទៅរកច្រាំង ប៉ុន្តែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលឲ្យសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។ ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ ប៉ុន្តែ ដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាឲ្យអស់អ្នកដែលចេះហែលទឹកលោតទៅក្នុងទឹក ហែលទៅរកគោកមុន រីឯអ្នកមិនចេះហែលទឹក ត្រូវតោងបន្ទះក្ដារ ឬតោងបំណែកសំពៅ ហែលទៅតាមក្រោយ។ ធ្វើដូច្នេះ គេបានទៅដល់ដីគោក ដោយសុខសាន្តគ្រប់ៗគ្នា។
កិច្ចការ 27:27-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់គំរប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ នោះប៉ុលនិយាយទៅមេទ័ព នឹងទាហានថា បើពួកនោះមិននៅក្នុងសំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ ពួកទាហានក៏កាត់ខ្សែឲ្យទូកធ្លាក់ទៅ លុះដល់ថ្ងៃជិតរះ ប៉ុលក៏ទូន្មានឲ្យគេបរិភោគទាំងអស់គ្នា ដោយពាក្យថា នេះគំរប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ រីឯយើងទាំងអស់ដែលនៅក្នុងសំពៅ នោះមាន២៧៦នាក់ កាលបរិភោគឆ្អែតហើយ ក៏សំរាលសំពៅចេញ ដោយទំលាក់ស្រូវចុះទៅក្នុងសមុទ្រ។ លុះភ្លឺច្បាស់ហើយ នោះគេមិនបានស្គាល់ស្រុកនោះទេ តែគេឃើញញោច១មានជំរាល រួចគេគិតដំរង់សំពៅឲ្យទៅកឿងនៅទីនោះ បើសិនជាបាន គេក៏កាត់ពួរយុថ្កាចោលនៅសមុទ្រ រួចស្រាយចង្កូត ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ ដំរង់សំពៅទៅឯទីជំរាលនោះ សំពៅក៏ចូលទៅកឿងនៅកន្លែងដែលទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកទៅដោយអំណាចរលក ឯពួកទាហាន គេចង់សំឡាប់អ្នកទោសទាំងប៉ុន្មានចោលចេញ ដោយខ្លាចក្រែងហែលរត់រួចខ្លះ តែមេទ័ពចង់ជួយប៉ុលឲ្យរួច បានជាឃាត់គេ មិនឲ្យធ្វើតាមគំនិតនោះឡើយ ក៏បង្គាប់អ្នកណាដែលចេះហែល ឲ្យលោតហែលទៅដល់គោកជាមុន ហើយឲ្យអ្នកដែលនៅសល់ទាំងប៉ុន្មាន តោងបន្ទះក្តារ ឬបំណែកសំពៅបណ្តែតទៅ ដូច្នេះ អ្នកទាំងអស់គ្នាក៏បានដល់គោកដោយសុខសាន្តត្រាណ។