កិច្ចការ 27:13-26
កិច្ចការ 27:13-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថា គេបានសម្រេចតាមបំណងរបស់គេ រួចគេក៏ស្រាវយុថ្កាឡើង ហើយចេញសំពៅតាមបណ្ដោយកោះក្រេត។ ប៉ុន្ដែ បន្តិចក្រោយមក មានខ្យល់ព្យុះកំណាចមួយ ឈ្មោះខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន បក់គំហុកចេញពីកោះមក។ ដោយសំពៅទៅមុខមិនរួច ហើយមិនអាចបើកបញ្រ្ចាសខ្យល់បាន យើងក៏បណ្តោយឲ្យសំពៅរសាត់តាមខ្យល់។ កាលបានសសៀរតាមកោះតូចមួយ ឈ្មោះកោះក្លូដេ យើងអាចលើកសំប៉ាន ឡើងបានទាំងពិបាក។ ក្រោយពីបានលើកសំប៉ានរួចហើយ គេក៏យកខ្សែពួរចងព័ទ្ធជុំវិញសំពៅ។ បន្ទាប់មក ដោយខ្លាចក្រែងសំពៅកឿងនឹងផ្នូកខ្សាច់នៅឈូងសមុទ្រសៀរទីស គេក៏ទម្លាក់យុថ្កាទប់ ឲ្យសំពៅរសាត់តាមខ្យល់។ នៅថ្ងៃបន្ទាប់ យើងបានទម្លាក់ទំនិញចោល ព្រោះខ្យល់ព្យុះសង្ឃរាបក់បោកមកលើយើងជាខ្លាំង។ នៅថ្ងៃទីបី គេក៏គ្រវែងគ្រឿងប្រដាប់សំពៅចោលទៀត ដោយដៃរបស់គេផ្ទាល់។ កាលមើលមិនឃើញថ្ងៃ ឬផ្កាយអស់រយៈពេលជាច្រើនថ្ងៃ ហើយខ្យល់ព្យុះនៅតែបក់គំហុកខ្លាំង ទីបំផុតយើងក៏អស់សង្ឃឹមថានឹងបានរួចជីវិត។ ដោយគេមិនបានទទួលទានអាហារជាយូរថ្ងៃ លោកប៉ុលក៏ឈរឡើងនៅកណ្តាលចំណោមពួកគេ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាគួរតែបានស្តាប់តាមខ្ញុំ ហើយកុំចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ។ តែឥឡូវនេះ ខ្ញុំសុំដាស់តឿនអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ដ្បិតក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ គឺខូចខាតតែសំពៅប៉ុណ្ណោះ។ ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។ ដូច្នេះ បងប្អូនអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំមានជំនឿដល់ព្រះថា ដែលទ្រង់មានព្រះបន្ទូលមកខ្ញុំ នោះនឹងកើតមកដូច្នោះមែន។ ប៉ុន្តែ យើងត្រូវកឿងសំពៅនៅលើកោះណាមួយមិនខាន»។
កិច្ចការ 27:13-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថា ជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ ប៉ុន្តែ បន្តិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើឲ្យសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយឲ្យសំពៅរសាត់ទៅតាមខ្យល់ទៅ។ ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ានឡើង ទាំងពិបាក បន្ទាប់មក យើងយកខ្សែពួរសម្រាប់ប្រើនៅគ្រាមានអាសន្ន មកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។ នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។ នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។ យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។ យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។ ប៉ុន្តែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្តរាយ។ ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។ ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថានឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។
កិច្ចការ 27:13-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់ កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់ ដល់ថ្ងៃស្អែកឡើង យើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅ ដោយដៃខ្លួនយើងទៀត រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។ កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។