កិច្ចការ 27:1-44
កិច្ចការ 27:1-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។ យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។ នៅថ្ងៃបន្ទាប់ យើងបានចូលទៅចតនៅក្រុងស៊ីដូន។ លោកយូលាសបានព្រឹត្តចំពោះលោកប៉ុលដោយសប្បុរស ហើយអនុញ្ញាតឲ្យលោកចេញទៅជួបមិត្តសម្លាញ់ និងទទួលអ្វីដែលគេជួយឧបត្ថម្ភលោក។ បន្ទាប់មក យើងបានចេញសំពៅពីទីនោះ សសៀរតាមកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ កាលយើងបានឆ្លងកាត់លំហសមុទ្រ តាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលាផុតហើយ យើងបានមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ នៅទីនោះ មេទ័ពរងបានឃើញសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលត្រូវចេញទៅស្រុកអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។ យើងធ្វើដំណើរសន្សឹមៗអស់ជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដុសទាំងពិបាក។ ដោយខ្យល់ខ្លាំងមិនអាចទៅមុខបាន យើងក៏បើកសសៀរចូលទៅតាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន។ ក្រោយពីបានធ្វើដំណើរតាមបណ្ដោយកោះនោះដោយពិបាក យើងបានមកដល់កន្លែងមួយហៅថា ទ្វារសមុទ្រលម្អ ដែលនៅជិតក្រុងឡាសេ។ លុះបានកន្លងមកជាយូរថ្ងៃ ហើយដំណើរសំពៅស្ថិតក្នុងសភាពគ្រោះថ្នាក់ ព្រោះពិធីបុណ្យតមបានកន្លងផុតទៅហើយ លោកប៉ុលទូន្មានគេថា៖ «បងប្អូនអើយ ខ្ញុំយល់ឃើញថា ដំណើរទៅមុខនឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតយើងទៀតផង»។ ប៉ុន្តែ មេទ័ពរងទុកចិត្តនឹងអ្នកកាន់ចង្កូត និងម្ចាស់សំពៅ ជាងពាក្យដែលលោកប៉ុលមានប្រសាសន៍។ ដោយព្រោះកំពង់ផែនោះពិបាកសំណាក់ក្នុងរដូវរងា អ្នកសំពៅភាគច្រើនក៏សម្រេចចិត្តចេញសំពៅពីទីនោះ ដើម្បីខំស្រូតឲ្យដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយ័ព្យ ហើយស្នាក់នៅទីនោះក្នុងរដូវរងា។ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថា គេបានសម្រេចតាមបំណងរបស់គេ រួចគេក៏ស្រាវយុថ្កាឡើង ហើយចេញសំពៅតាមបណ្ដោយកោះក្រេត។ ប៉ុន្ដែ បន្តិចក្រោយមក មានខ្យល់ព្យុះកំណាចមួយ ឈ្មោះខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន បក់គំហុកចេញពីកោះមក។ ដោយសំពៅទៅមុខមិនរួច ហើយមិនអាចបើកបញ្រ្ចាសខ្យល់បាន យើងក៏បណ្តោយឲ្យសំពៅរសាត់តាមខ្យល់។ កាលបានសសៀរតាមកោះតូចមួយ ឈ្មោះកោះក្លូដេ យើងអាចលើកសំប៉ាន ឡើងបានទាំងពិបាក។ ក្រោយពីបានលើកសំប៉ានរួចហើយ គេក៏យកខ្សែពួរចងព័ទ្ធជុំវិញសំពៅ។ បន្ទាប់មក ដោយខ្លាចក្រែងសំពៅកឿងនឹងផ្នូកខ្សាច់នៅឈូងសមុទ្រសៀរទីស គេក៏ទម្លាក់យុថ្កាទប់ ឲ្យសំពៅរសាត់តាមខ្យល់។ នៅថ្ងៃបន្ទាប់ យើងបានទម្លាក់ទំនិញចោល ព្រោះខ្យល់ព្យុះសង្ឃរាបក់បោកមកលើយើងជាខ្លាំង។ នៅថ្ងៃទីបី គេក៏គ្រវែងគ្រឿងប្រដាប់សំពៅចោលទៀត ដោយដៃរបស់គេផ្ទាល់។ កាលមើលមិនឃើញថ្ងៃ ឬផ្កាយអស់រយៈពេលជាច្រើនថ្ងៃ ហើយខ្យល់ព្យុះនៅតែបក់គំហុកខ្លាំង ទីបំផុតយើងក៏អស់សង្ឃឹមថានឹងបានរួចជីវិត។ ដោយគេមិនបានទទួលទានអាហារជាយូរថ្ងៃ លោកប៉ុលក៏ឈរឡើងនៅកណ្តាលចំណោមពួកគេ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាគួរតែបានស្តាប់តាមខ្ញុំ ហើយកុំចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ។ តែឥឡូវនេះ ខ្ញុំសុំដាស់តឿនអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ដ្បិតក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ គឺខូចខាតតែសំពៅប៉ុណ្ណោះ។ ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។ ដូច្នេះ បងប្អូនអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំមានជំនឿដល់ព្រះថា ដែលទ្រង់មានព្រះបន្ទូលមកខ្ញុំ នោះនឹងកើតមកដូច្នោះមែន។ ប៉ុន្តែ យើងត្រូវកឿងសំពៅនៅលើកោះណាមួយមិនខាន»។ កាលចូលដល់យប់ទីដប់បួន ពេលយើងរសាត់លើផ្ទៃសមុទ្រអាឌ្រា នោះប្រមាណជាពាក់កណ្តាលអធ្រាត្រ អ្នកសំពៅស្មានថាជិតដល់ដីគោកហើយ។ ដូច្នេះ គេក៏បោះសំណស្ទង់ចុះទៅក្នុងទឹក ឃើញមានជម្រៅម្ភៃព្យាម ។ លុះទៅមុខបន្តិចទៀត គេស្ទង់មើលម្ដងទៀត ឃើញមានជម្រៅដប់ប្រាំព្យាម។ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។ ប៉ុន្ដែ ពេលពួកអ្នកសំពៅចង់រត់ចោលសំពៅ ហើយសម្រូតសំប៉ានទម្លាក់ចុះទៅក្នុងសមុទ្រ ដោយធ្វើដូចជាចង់ទម្លាក់យុថ្កាពីក្បាលសំពៅ លោកប៉ុលមានប្រសាសន៍ទៅមេទ័ពរង និងពួកទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»។ ពេលនោះ ពួកទាហានក៏កាត់ផ្ដាច់ ឲ្យសំប៉ានធ្លាក់ទៅក្នុងសមុទ្របាត់ទៅ។ លុះពេលទៀបភ្លឺ លោកប៉ុលប្រាប់គេទាំងអស់គ្នាឲ្យបរិភោគ ដោយមានប្រសាសន៍ថា៖ «ថ្ងៃនេះជាថ្ងៃទីដប់បួនហើយ ដែលអ្នករាល់គ្នាបានទ្រាំអត់អាហារ មិនបានបរិភោគអ្វីសោះ។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យពិសាអាហារទៅ ដើម្បីឲ្យមានកម្លាំង ដ្បិតសូម្បីតែសក់មួយសរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង»។ កាលលោកមានប្រសាន៍ដូច្នេះរួចហើយ លោកក៏យកនំបុ័ងមក ហើយអរព្រះគុណដល់ព្រះនៅមុខគេទាំងអស់គ្នា រួចក៏កាច់បរិភោគទៅ។ ពេលនោះ គេទាំងអស់គ្នាក៏មានកម្លាំងចិត្ត ហើយបរិភោគអាហារ។ (យើងទាំងអស់គ្នាដែលនៅក្នុងសំពៅ មានគ្នាពីររយចិតសិបប្រាំមួយនាក់)។ កាលបរិភោគឆ្អែតហើយ គេក៏សម្រាលសំពៅ ដោយទម្លាក់ស្រូវចុះទៅក្នុងសមុទ្រ។ លុះភ្លឺឡើង គេមើលស្រុកនោះមិនស្គាល់ទេ តែគេឃើញឆកសមុទ្រដែលមានវាលខ្សាច់ ហើយគេចង់តម្រង់សំពៅឲ្យទៅកឿងនៅទីនោះ ប្រសិនបើអាច។ ដូច្នេះ គេក៏កាត់ផ្ដាច់ខ្សែយុថ្កាចោលទៅក្នុងសមុទ្រ ស្រាយខ្សែដែលចងចង្កូតចេញ ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ តម្រង់សំពៅទៅរកឆ្នេរ។ ប៉ុន្ដែ សំពៅបានចូលទៅកឿងនៅចន្លោះខ្សែទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកដោយទឹករលកបោកផ្ទប់ខ្លាំង។ ពួកទាហានមានបំណងសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យអ្នកណាម្នាក់ហែលគេចខ្លួនបាន។ ប៉ុន្ដែ ដោយចង់សង្គ្រោះជីវិតលោកប៉ុល មេទ័ពរងក៏ឃាត់គេមិនឲ្យធ្វើតាមគំនិតនោះឡើយ។ លោកបញ្ជាឲ្យអស់អ្នកដែលចេះហែលលោតចុះ ហើយហែលទៅរកគោកមុន ឯអ្នកដែលនៅសល់ តោងបន្ទះក្តារ ឬបំណែកសំពៅទៅតាមក្រោយ។ ដូច្នេះ គេទាំងអស់គ្នាក៏បានទៅដល់គោកដោយសុវត្ថិភាព។
កិច្ចការ 27:1-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។ យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនិក ក៏បានរួមដំណើរជាមួយយើងដែរ។ នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្តសប្បុរសចំពោះលោកប៉ូលណាស់ គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្តភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភលោក។ បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ យើងបានឆ្លងសមុទ្រ ជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី គាត់ក៏នាំយើងចុះសំពៅនោះ។ សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។ យើងបន្តដំណើរយ៉ាងលំបាក តាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ “កំពង់ស្អាត” ដែលនៅជិតក្រុងឡាសេ។ យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖ «ខ្ញុំយល់ថា បើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។ ប៉ុន្តែ លោកនាយទាហានបានទុកចិត្តអ្នកបើកសំពៅ និងនាយសំពៅជាងពាក្យរបស់លោកប៉ូល។ ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។ ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថា ជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ ប៉ុន្តែ បន្តិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើឲ្យសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយឲ្យសំពៅរសាត់ទៅតាមខ្យល់ទៅ។ ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ានឡើង ទាំងពិបាក បន្ទាប់មក យើងយកខ្សែពួរសម្រាប់ប្រើនៅគ្រាមានអាសន្ន មកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។ នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។ នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។ យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។ យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។ ប៉ុន្តែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្តរាយ។ ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។ ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថានឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។ សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថាមានជម្រៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជម្រៅម្ភៃប្រាំបីម៉ែត្រ។ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួននៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសម្រូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថា គេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។ លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និងកូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតឡើយ»។ ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។ លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។ ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូនក៏មិនបាត់ផង»។ លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំប៉័ងមកអរព្រះគុណព្រះជាម្ចាស់ នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។ នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។ កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីឲ្យស្រាលសំពៅ។ លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេ គេឃើញតែឆកសមុទ្រ ដែលមានវាលខ្សាច់។ គេបានសម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។ គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង ឲ្យសំពៅចូលទៅរកច្រាំង ប៉ុន្តែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលឲ្យសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។ ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ ប៉ុន្តែ ដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាឲ្យអស់អ្នកដែលចេះហែលទឹកលោតទៅក្នុងទឹក ហែលទៅរកគោកមុន រីឯអ្នកមិនចេះហែលទឹក ត្រូវតោងបន្ទះក្ដារ ឬតោងបំណែកសំពៅ ហែលទៅតាមក្រោយ។ ធ្វើដូច្នេះ គេបានទៅដល់ដីគោក ដោយសុខសាន្តគ្រប់ៗគ្នា។
កិច្ចការ 27:1-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់ ក្រោយដែលបានឆ្លងកាត់សមុទ្រក្បែរស្រុកគីលីគា នឹងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា នៅទីនោះ មេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលី ក៏ឲ្យយើងជិះទៅ កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។ លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ នឹងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតីនឹងទិសពាយព្យ ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់ កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់ ដល់ថ្ងៃស្អែកឡើង យើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅ ដោយដៃខ្លួនយើងទៀត រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។ កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។ ដល់គំរប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ នោះប៉ុលនិយាយទៅមេទ័ព នឹងទាហានថា បើពួកនោះមិននៅក្នុងសំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ ពួកទាហានក៏កាត់ខ្សែឲ្យទូកធ្លាក់ទៅ លុះដល់ថ្ងៃជិតរះ ប៉ុលក៏ទូន្មានឲ្យគេបរិភោគទាំងអស់គ្នា ដោយពាក្យថា នេះគំរប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ រីឯយើងទាំងអស់ដែលនៅក្នុងសំពៅ នោះមាន២៧៦នាក់ កាលបរិភោគឆ្អែតហើយ ក៏សំរាលសំពៅចេញ ដោយទំលាក់ស្រូវចុះទៅក្នុងសមុទ្រ។ លុះភ្លឺច្បាស់ហើយ នោះគេមិនបានស្គាល់ស្រុកនោះទេ តែគេឃើញញោច១មានជំរាល រួចគេគិតដំរង់សំពៅឲ្យទៅកឿងនៅទីនោះ បើសិនជាបាន គេក៏កាត់ពួរយុថ្កាចោលនៅសមុទ្រ រួចស្រាយចង្កូត ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ ដំរង់សំពៅទៅឯទីជំរាលនោះ សំពៅក៏ចូលទៅកឿងនៅកន្លែងដែលទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកទៅដោយអំណាចរលក ឯពួកទាហាន គេចង់សំឡាប់អ្នកទោសទាំងប៉ុន្មានចោលចេញ ដោយខ្លាចក្រែងហែលរត់រួចខ្លះ តែមេទ័ពចង់ជួយប៉ុលឲ្យរួច បានជាឃាត់គេ មិនឲ្យធ្វើតាមគំនិតនោះឡើយ ក៏បង្គាប់អ្នកណាដែលចេះហែល ឲ្យលោតហែលទៅដល់គោកជាមុន ហើយឲ្យអ្នកដែលនៅសល់ទាំងប៉ុន្មាន តោងបន្ទះក្តារ ឬបំណែកសំពៅបណ្តែតទៅ ដូច្នេះ អ្នកទាំងអស់គ្នាក៏បានដល់គោកដោយសុខសាន្តត្រាណ។