កិច្ចការ 27:1-25

កិច្ចការ 27:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​សម្រេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀតទៅ​មេទ័ព​រង​ម្នាក់ ក្នុង​កង​ទ័ព​អូ‌គូស្ទ ឈ្មោះ​យូលាស។ យើង​ចុះ​សំពៅ​មួយ​ពី​ក្រុង​អា‌ត្រាមីត ដែល​បម្រុង​នឹង​ចេញ​ទៅ​កំពង់​ផែ​នានាតាម​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី។ យើង​ចេញ​ដំណើរ​ទៅ​ទាំង​មានលោក​អើរី‌ស្តាក ជាអ្នក​ស្រុក​ម៉ា‌សេ‌ដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូនីច រួម​ដំណើរ​ជា‌មួយ​ដែរ។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន។ លោក​យូលាស​បាន​ព្រឹត្ត​ចំពោះ​លោក​ប៉ុល​ដោយ​សប្បុរស ហើយ​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​ជួប​មិត្ត​សម្លាញ់ និង​ទទួល​អ្វី​ដែល​គេ​ជួយ​ឧបត្ថម្ភ​លោក។ បន្ទាប់​មក យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ សសៀរ​តាម​កោះ​គី‌ប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។ កាល​យើង​បាន​ឆ្លង​កាត់​លំហ​សមុទ្រ តាម​បណ្ដោយ​ឆ្នេរ​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ យើង​បាន​មក​ដល់ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។ នៅ​ទី​នោះ មេទ័ព​រង​បាន​ឃើញ​សំពៅ​មួយមក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី លោក​ក៏​ឲ្យ​យើង​ចុះ​សំពៅ​នោះ។ យើង​ធ្វើ​ដំណើរ​សន្សឹម​ៗអស់​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដុសទាំង​ពិបាក។ ដោយ​ខ្យល់​ខ្លាំង​មិនអាច​ទៅ​មុខ​បាន យើង​ក៏​បើក​សសៀរ​ចូល​ទៅ​តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​ដោយ​ពិបាក យើង​បានមក​ដល់​កន្លែង​មួយ​ហៅ​ថា ទ្វារ​សមុទ្រ​លម្អ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។ លុះ​បានកន្លងមក​ជា​យូរ​ថ្ងៃ ហើយដំណើរ​សំពៅ​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ ព្រោះ​ពិធី​បុណ្យ​តម​បាន​កន្លង​ផុតទៅ​ហើយ លោក​ប៉ុល​ទូន្មាន​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​យល់​ឃើញ​ថា ដំណើរ​ទៅ​មុខ​នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​យើងទៀត​ផង»។ ប៉ុន្តែ មេ​ទ័ព​រង​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត និង​ម្ចាស់​សំពៅ ជាង​ពាក្យ​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។ ដោយ​ព្រោះ​កំពង់​ផែ​នោះ​ពិបាក​សំណាក់​ក្នុង​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​ក៏​សម្រេច​ចិត្ត​ចេញ​សំពៅ​ពី​ទី​នោះ ដើម្បី​ខំ​ស្រូត​ឲ្យ​ដល់ក្រុង​ភេនីច ជា​កំពង់​ផែ​មួយ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយ័ព្យ ហើយ​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេស្មាន​ថា គេ​បាន​សម្រេច​តាម​បំណង​របស់​គេ រួច​គេ​ក៏​ស្រាវ​យុថ្កា​ឡើង ហើយ​ចេញ​សំពៅ​តាម​បណ្ដោយ​កោះ​ក្រេត។ ប៉ុន្ដែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​កំណាចមួយ ឈ្មោះខ្យល់ព្យុះ​អ៊ើរ៉ា‌គ្លីដូន បក់​គំហុក​ចេញ​ពី​កោះ​មក។ ដោយ​សំពៅ​ទៅ​មុខ​មិន​រួច ហើយ​មិន​អាច​បើក​បញ្រ្ចាសខ្យល់​បាន យើង​ក៏​បណ្តោយ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។ កាល​បាន​សសៀរ​តាម​កោះ​តូច​មួយ ឈ្មោះកោះ​ក្លូដេ យើង​អាច​លើក​សំប៉ាន ឡើង​បាន​ទាំង​ពិបាក។ ក្រោយ​ពី​បាន​លើក​សំប៉ាន​រួច​ហើយ គេ​ក៏​យក​ខ្សែ​ពួរ​ចង​ព័ទ្ធ​ជុំ​វិញ​សំពៅ។ បន្ទាប់​មក ដោយ​ខ្លាច​ក្រែង​សំពៅ​កឿងនឹងផ្នូក​ខ្សាច់​នៅ​ឈូង​សមុទ្រសៀរ​ទីស គេ​ក៏​ទម្លាក់​យុថ្កា​ទប់ ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទម្លាក់​ទំនិញ​ចោល ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​មក​លើ​យើង​ជា​ខ្លាំង។ នៅ​ថ្ងៃ​ទី​បី គេ​ក៏​គ្រវែង​គ្រឿង​ប្រដាប់​សំពៅ​ចោល​ទៀត ដោយ​ដៃ​របស់​គេ​ផ្ទាល់។ កាល​មើល​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ខ្យល់​ព្យុះ​នៅ​តែ​បក់​គំហុក​ខ្លាំង ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។ ដោយ​គេ​មិន​បាន​ទទួល​ទាន​អាហារ​ជា​យូរ​ថ្ងៃ លោក​ប៉ុល​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប​ង​ប្អូន​អើយ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយកុំ​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ។ តែ​ឥឡូវ​នេះ ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យមាន​ទឹក​ចិត្ត​ឡើង ដ្បិត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ។ ដ្បិត​យប់​មិញ​នេះ មាន​ទេវតា​របស់​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ឈរ​ក្បែរ​ខ្ញុំ ហើយ​ប្រាប់​ថា៖ "ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​អ្នក​ត្រូវតែ​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល៍ ព្រះ‌ទ្រង់​ប្រោស​ប្រទាន​អស់​អ្នកដែល​រួម​ដំណើរ​ជា‌មួយ​អ្នក ដល់​អ្នក​ហើយ"។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​មាន​ទឹក​ចិត្ត​ឡើង ដ្បិត​ខ្ញុំ​មាន​ជំនឿ​ដល់​ព្រះថា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​នឹង​កើត​មក​ដូច្នោះ​មែន។

ចែក​រំលែក
អាន កិច្ចការ 27

កិច្ចការ 27:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​គេ​សម្រេច​ឲ្យ​ចុះ​សំពៅ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កង‌ទ័ព​របស់​ព្រះ‌មហា‌ក្សត្រា‌ធិរាជ។ យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រា‌មីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រស់​នៅ​ក្រុង​ថេស្សា‌ឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូលាស​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់ គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្ត‌ភក្ដិ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​លោក។ បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។ យើង​បាន​ឆ្លង​សមុទ្រ ជិត​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។ នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេ‌ក្សាន‌ទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។ សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាល‌ម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។ យើង​បន្ត​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត” ដែល​នៅ​ជិត​ក្រុង​ឡាសេ។ យើង​បាន​ខាត​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​សំពៅ​ទៅ​មុខ​កាន់​តែ​ពិបាក ដ្បិត​ពេល​នោះ​ជា​ពេល​ក្រោយ​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារ។ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖ «ខ្ញុំ​យល់​ថា បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។ ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។ ដោយ​កំពង់‌ផែ​នោះ​មិន​មែន​ជា​កន្លែង​ស្រួល​ស្នាក់​អាស្រ័យ នៅ​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​បាន​សម្រេច​ចិត្ត​ឲ្យ​ចេញ​សំពៅ​ទៅ​មុខ​ទៀត។ ប្រសិន​បើ​អាច​ធ្វើ​បាន គេ​ចង់​ទៅ​ដល់​ក្រុង​ភេនីច ជា​កំពង់‌ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។ ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។ ប៉ុន្តែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំង ឈ្មោះ «ខ្យល់​ព្យុះ​អ៊ើរ៉ា‌គ្លីដូន» បក់​ពី​កោះ​មក នាំ​សំពៅ​ទៅ​តាម​ខ្យល់ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​ឲ្យ​សំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។ ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ាន​ឡើង ទាំង​ពិបាក បន្ទាប់​មក យើង​យក​ខ្សែ‌ពួរ​សម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរ‌ទីស រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។ នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ​ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។ យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។ យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បងប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បងប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ទេ។ ប៉ុន្តែ សូម​បងប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។ ព្រោះ​ពី​យប់‌មិញ មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ បាន​មក​ជិត​ខ្ញុំ ប្រាប់​ថា “ប៉ូល​អើយ កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះ‌ចៅ​អធិ‌រាជ ហើយ​ដោយ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​អ្នក ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។ ហេតុ​នេះ បងប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ថា​នឹង​បាន​សម្រេច​ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មែន

ចែក​រំលែក
អាន កិច្ចការ 27

កិច្ចការ 27:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​សំរេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​ស្រុក​អ៊ីតាលី នោះ​គេ​ក៏​ប្រគល់​ប៉ុល នឹង​អ្នក​ទោស​ខ្លះ​ទៀត ដល់​មេ​ទ័ព​រង​ម្នាក់ ឈ្មោះ​យូលាស ក្នុង​កង‌ទ័ព​អូគូស្ទ យើង​ចុះ​សំពៅ​១​ពី​ស្រុក​អាត្រាមីត ដែល​រៀប​នឹង​បើក​ទៅ​តាម​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី ហើយ​ក៏​បើក​ទៅ​មាន​ទាំង​អើរី‌ស្តាក ជា​សាសន៍​ម៉ាសេដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូនីច ទៅ​ជា​មួយ​ផង ដល់​ថ្ងៃ​ស្អែក យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន នោះ​យូលាស​បាន​ប្រព្រឹត្ត​នឹង​ប៉ុល​ដោយ​សប្បុរស បាន​បើក​ឲ្យ​គាត់​ទៅ​សួរ​ពួក​សំឡាញ់ នឹង​ទទួល​របស់​អ្វី​ដែល​គេ​ជូន​ដល់​គាត់​ដែរ យើង​បើក​ពី​ទី​នោះ សសៀរ​តាម​កោះ​គីប្រុស​ទៅ ដោយ​ព្រោះ​ច្រាស​ខ្យល់ ក្រោយ​ដែល​បាន​ឆ្លង​កាត់​សមុទ្រ​ក្បែរ​ស្រុក​គីលីគា នឹង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ ក៏​មក​ដល់​មីរ៉ា នៅ​ក្នុង​ស្រុក​លូគា នៅ​ទី​នោះ មេ​ទ័ព​រក​បាន​សំពៅ​១ មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ទៅ​ស្រុក​អ៊ីតាលី ក៏​ឲ្យ​យើង​ជិះ​ទៅ កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។ លុះ​បាន​កន្លង​មក​ជា​យូរ​ថ្ងៃ កាល​សំពៅ​ណា​បើក​ទៅ​នឹង​មាន​អន្តរាយ ពី​ព្រោះ​បុណ្យ​តម​បាន​កន្លង​ហើយ នោះ​ប៉ុល​ទូន្មាន​គេ​ថា អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ នឹង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​នឹង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ ហើយ​ដោយ​ព្រោះ​ទ្វារ​សមុទ្រ​នោះ​មិន​ស្រួល​នឹង​សំណាក់​នៅ​ក្នុង​រដូវ​រងា​ផង បាន​ជា​ច្រើន​គ្នា​គេ​ទូន្មាន​ឲ្យ​បើក​ចេញ​ពី​ទី​នោះ​ទៅ ដើម្បី​នឹង​ស្រូត​ទៅ​ឯ​ភេនីច ហើយ​ឲ្យ​ស្នាក់​នៅ​ក្នុង​រដូវ​រងា​វិញ បើ​សិន​ជា​បាន នោះ​ជា​ទ្វារ​សមុទ្រ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី​នឹង​ទិស​ពាយព្យ ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត តែ​ក្រោយ​មក​បន្តិច នោះ​មាន​ធ្លាក់​ខ្យល់​ព្យុះ​កំណាច ដែល​ហៅ​ថា ខ្យល់​អ៊ើរ៉ា‌គ្លីដូន មក​ប៉ះ​នឹង​សំពៅ ហើយ​យើង​បំបែរ​ក្បាល​សំពៅ​ទៅ​ចំ​ខ្យល់​ពុំ​បាន នោះ​ក៏​ទុក​ឲ្យ​បណ្តោយ​តាម​ខ្យល់​ទៅ បាន​សសៀរ​ទៅ​តាម​កោះ​១​តូច ឈ្មោះ​ក្លូដេ ហើយ​លើក​ទូក​ចង​ដោយ​ពិបាក​ណាស់ កាល​លើក​ចង​ស្រេច​ហើយ គេ​ក៏​យក​ខ្សែ‌ពួរ​ចង​ព័ទ្ធ​សំពៅ រួច​ទំលាក់​ក្តោង​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់ ខ្លាច​ក្រែង​កឿង​នឹង​ផ្នូក​ខ្សាច់ ដល់​ថ្ងៃ​ស្អែក​ឡើង យើង​ទំលាក់​ទំនិញ​ចោល​ចេញ ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បោក​ប៉ះ​យើង​ជា​ខ្លាំង ហើយ​ដល់​ថ្ងៃ​ទី​៣ ក៏​ចោល​គ្រឿង​ប្រដាប់​សំពៅ ដោយ​ដៃ​ខ្លួន​យើង​ទៀត រួច​ដោយ​ព្រោះ​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​ជា​យូរ​ថ្ងៃ ហើយ​ព្យុះ​សង្ឃរា​មិន​ចេះ​អន់​ស្រាក​សោះ បាន​ជា​យើង​លែង​សង្ឃឹម​នឹង​រួច​ជីវិត​បាន។ កាល​គេ​បាន​តម​អាហារ​ជា​យូរ​ថ្ងៃ នោះ​ប៉ុល​ឈរ​ឡើង​នៅ​កណ្តាល​គេ​និយាយ​ថា អ្នក​រាល់​គ្នា​អើយ គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយ​មិន​ចេញ​ពី​កោះ​ក្រេត​មក នោះ​យើង​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ តែ​ឥឡូវ​នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​សង្ឃឹម​ឡើង ដ្បិត​គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​១​នឹង​បាត់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល ព្រះ‌ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ នឹង​កើត​មក​ដូច្នោះ​មែន

ចែក​រំលែក
អាន កិច្ចការ 27