កិច្ចការ 27:1-12
កិច្ចការ 27:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។ យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។ នៅថ្ងៃបន្ទាប់ យើងបានចូលទៅចតនៅក្រុងស៊ីដូន។ លោកយូលាសបានព្រឹត្តចំពោះលោកប៉ុលដោយសប្បុរស ហើយអនុញ្ញាតឲ្យលោកចេញទៅជួបមិត្តសម្លាញ់ និងទទួលអ្វីដែលគេជួយឧបត្ថម្ភលោក។ បន្ទាប់មក យើងបានចេញសំពៅពីទីនោះ សសៀរតាមកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ កាលយើងបានឆ្លងកាត់លំហសមុទ្រ តាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលាផុតហើយ យើងបានមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ នៅទីនោះ មេទ័ពរងបានឃើញសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលត្រូវចេញទៅស្រុកអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។ យើងធ្វើដំណើរសន្សឹមៗអស់ជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដុសទាំងពិបាក។ ដោយខ្យល់ខ្លាំងមិនអាចទៅមុខបាន យើងក៏បើកសសៀរចូលទៅតាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន។ ក្រោយពីបានធ្វើដំណើរតាមបណ្ដោយកោះនោះដោយពិបាក យើងបានមកដល់កន្លែងមួយហៅថា ទ្វារសមុទ្រលម្អ ដែលនៅជិតក្រុងឡាសេ។ លុះបានកន្លងមកជាយូរថ្ងៃ ហើយដំណើរសំពៅស្ថិតក្នុងសភាពគ្រោះថ្នាក់ ព្រោះពិធីបុណ្យតមបានកន្លងផុតទៅហើយ លោកប៉ុលទូន្មានគេថា៖ «បងប្អូនអើយ ខ្ញុំយល់ឃើញថា ដំណើរទៅមុខនឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតយើងទៀតផង»។ ប៉ុន្តែ មេទ័ពរងទុកចិត្តនឹងអ្នកកាន់ចង្កូត និងម្ចាស់សំពៅ ជាងពាក្យដែលលោកប៉ុលមានប្រសាសន៍។ ដោយព្រោះកំពង់ផែនោះពិបាកសំណាក់ក្នុងរដូវរងា អ្នកសំពៅភាគច្រើនក៏សម្រេចចិត្តចេញសំពៅពីទីនោះ ដើម្បីខំស្រូតឲ្យដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយ័ព្យ ហើយស្នាក់នៅទីនោះក្នុងរដូវរងា។
កិច្ចការ 27:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។ យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនិក ក៏បានរួមដំណើរជាមួយយើងដែរ។ នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្តសប្បុរសចំពោះលោកប៉ូលណាស់ គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្តភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភលោក។ បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ យើងបានឆ្លងសមុទ្រ ជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី គាត់ក៏នាំយើងចុះសំពៅនោះ។ សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។ យើងបន្តដំណើរយ៉ាងលំបាក តាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ “កំពង់ស្អាត” ដែលនៅជិតក្រុងឡាសេ។ យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖ «ខ្ញុំយល់ថា បើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។ ប៉ុន្តែ លោកនាយទាហានបានទុកចិត្តអ្នកបើកសំពៅ និងនាយសំពៅជាងពាក្យរបស់លោកប៉ូល។ ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
កិច្ចការ 27:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់ ក្រោយដែលបានឆ្លងកាត់សមុទ្រក្បែរស្រុកគីលីគា នឹងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា នៅទីនោះ មេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលី ក៏ឲ្យយើងជិះទៅ កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។ លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ នឹងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតីនឹងទិសពាយព្យ