កិច្ចការ 26:24-32

កិច្ចការ 26:24-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​ប៉ុលកំពុង​មាន​ប្រសាសន៍​ការ​ពារ​ខ្លួន លោក​ភេ‌ស្ទុស​ក៏​ឡើង​សំឡេង​កាត់​ថា៖ «ប៉ុល​អើយ អ្នក​វង្វេង​ស្មារតីហើយ អ្នក​រៀន​ជា​ច្រើន​ពេកបាន​ជា​អ្នក​វង្វេង​ស្មារតី​ដូច្នេះ!» ប៉ុន្ដែ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «សូម​គោរព​ឯក​ឧត្តម​ភេ‌ស្ទុស ខ្ញុំ​បាទ​មិន​មែនវង្វេង​ស្មារតី​ទេ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត ហើយ​ត្រឹម​ត្រូវ។ ដ្បិត​ព្រះ‌រាជា​ជ្រាបអំពីហេតុ‌ការណ៍​ទាំង​នេះ​ហើយ ខ្ញុំ​បាទ​ទូល​ស្ដេច​ដោយ​ក្លា‌ហាន ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ក្នុង​ចំណោម​ការ​ទាំង​នេះ គ្មាន​អ្វី​មួយ​លាក់​កំបាំង​នឹង​ស្ដេច​ទេ ដ្បិត​ហេតុ‌ការណ៍​នេះ​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​មួយ​ណា​ឡើយ។ បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា តើ​ព្រះ‌អង្គ​ជឿ​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ? ទូល​បង្គំ​ដឹង​ថា​ព្រះ‌អង្គ​ជឿ!»។ ព្រះ​បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ុល​ថា៖ «តើ​អ្នក​កំពុង​តែ​បញ្ចុះ​បញ្ចូល​យើង ឲ្យ​ត្រឡប់​ជា​គ្រីស្ទ​បរិស័ទរហ័ស​យ៉ាង​នេះ​ឬ?» លោក​ប៉ុល​ទូល​ថា៖ «ទូល​បង្គំ​សូម​ដល់​ព្រះ មិន​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះទេ គឺ​អស់​អ្នក​ដែល​ស្តាប់​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​តែ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ដើម្បី​ឲ្យ​បាន​ដូច​ទូល​បង្គំដែរ លើក​លែង​តែ​ចំណង​នេះ​ចេញ»។ បន្ទាប់​មក ស្ដេច លោក​ទេសា‌ភិបាល និង​ព្រះ‌នាង​បេរេ‌នីស ព្រម​ទាំង​អស់​អ្នក​ដែល​អង្គុយ​ជា‌មួយ ក៏​ក្រោក​ឡើង។ កាល​អ្នក​ទាំង​អស់ថយ​ចេញ​ទៅ គេ​ក៏​ពិភាក្សា​គ្នា​ថា៖ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ស្លាប់ ឬដាក់​គុក​ឡើយ»។ ព្រះ​បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ភេ‌ស្ទុស​ថា៖ «យើង​អាច​ដោះ​លែង​បុរស​នេះ​បាន ប្រសិន‌បើ​គាត់​មិន​បាន​សូម​រើ​ក្តី​ទៅ​សេ‌សារ»។

ចែក​រំលែក
អាន កិច្ចការ 26

កិច្ចការ 26:24-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក​បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ!»។ លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជម្រាប​ឯក‌ឧត្ដម​ភេស្ទុស ខ្ញុំ​បាទ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។ ព្រះ‌រាជា​ក៏​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​នេះ​រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះ‌រាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុ‌ការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​នោះ​ទេ។ បពិត្រ​ព្រះ‌រាជា តើ​ព្រះអង្គ​ជឿ​ពួក​ព្យាការី​ឬ​ទេ? ទូលបង្គំ​ដឹង​ថា​ព្រះអង្គ​ពិត​ជា​ជឿ​មែន!»។ ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្តិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ត‌បរិស័ទ​ហើយ!»។ លោក​ប៉ូល​ទូល​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្ដិច​ទៀត ឬ​យូរ​ទៀត​ក្ដី ក៏​ទូលបង្គំ​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រោស‌ប្រណី មិន​ត្រឹម​តែ​ដល់​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យ​ព្រះ‌រាជា និង​អស់​លោក​បាន​ដូច​ទូលបង្គំ​ដែរ លើក‌លែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ!»។ ព្រះ‌រាជា លោក​ទេសា‌ភិបាល ព្រម​ទាំង​ម្ចាស់‌ក្សត្រិយ៍​បេរេ‌នីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង ហើយ​ចាក​ចេញ​ទៅ ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។ ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។

ចែក​រំលែក
អាន កិច្ចការ 26

កិច្ចការ 26:24-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កំពុង​ដែល​គាត់​និយាយ​សេចក្ដី​ទាំង​នោះ ដើម្បី​ដោះ‌សា​ខ្លួន នោះ​លោក​ភេស្ទុស​ឡើង​សំឡេង​កាត់​ថា ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀន‌សូត្រ​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​ឆ្កួត​ហើយ តែ​គាត់​ប្រកែក​ថា ព្រះ‌តេជ‌ព្រះ‌គុណ​ភេស្ទុស​អើយ ខ្ញុំ​ប្របាទ​មិន​មែន​ឆ្កួត​ទេ ខ្ញុំ​ប្របាទ​និយាយ​ចំពោះ​ពាក្យ​ពិត ហើយ​ជា​នា​ទេ​តើ ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​ទី​កៀន​កោះ​ឯ​ណា​ឡើយ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ តើ​ទ្រង់​ជឿ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ ទូលបង្គំ​ដឹង​ថា​ទ្រង់​ជឿ​ហើយ ស្តេច​អ័គ្រីប៉ា​ក៏​មាន​បន្ទូល​ទៅ​ប៉ុល​ថា បន្តិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ រួច​ប៉ុល​ទូល​ថា ទូលបង្គំ​សូម​ដល់​ព្រះ មិន​មែន​ឲ្យ​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ឲ្យ​អស់​អ្នក​ដែល​ស្តាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ឲ្យ​តែ​គ្រប់​គ្នា​បាន​ដូច​ទូលបង្គំ លើក​តែ​ចំណង​នេះ​ចេញ។ នោះ​ស្តេច ព្រម​ទាំង​ចៅហ្វាយ​ស្រុក នឹង​ព្រះ‌នាង​បេរេនីស ហើយ​នឹង​អស់​អ្នក​ដែល​អង្គុយ​ជា​មួយ ក៏​ក្រោក​ឡើង កាល​បាន​ថយ​ចេញ​ផុត​ហើយ នោះ​ក៏​ពិភាក្សា​គ្នា​ថា មនុស្ស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ស្លាប់ ឬ​នឹង​ជាប់​ចំណង​សោះ ហើយ​ស្តេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេ‌សារ​ទេ នោះ​នឹង​លែង​បាន។

ចែក​រំលែក
អាន កិច្ចការ 26