កិច្ចការ 26:19-32
កិច្ចការ 26:19-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បពិត្រព្រះករុណាអ័គ្រីប៉ា ទូលបង្គំមិនបានចចេសនឹងនិមិត្តពីស្ថានសួគ៌នោះទេ គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។ ហេតុនេះហើយបានជាសាសន៍យូដាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ទូលបង្គំ។ ព្រះបានជួយទូលបង្គំរហូតមកដល់ថ្ងៃនេះ ដូច្នេះហើយបានជាទូលបង្គំឈរនៅទីនេះ ទាំងធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូច ទាំងអ្នកធំ ដោយមិននិយាយអ្វីក្រៅតែពីសេចក្តីដែលពួកហោរា និងលោកម៉ូសេបានថ្លែងថានឹងត្រូវកើតមកនោះឡើយ គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រកាសប្រាប់អំពីពន្លឺដល់ប្រជាជនរបស់យើង និងដល់សាសន៍ដទៃ»។ កាលលោកប៉ុលកំពុងមានប្រសាសន៍ការពារខ្លួន លោកភេស្ទុសក៏ឡើងសំឡេងកាត់ថា៖ «ប៉ុលអើយ អ្នកវង្វេងស្មារតីហើយ អ្នករៀនជាច្រើនពេកបានជាអ្នកវង្វេងស្មារតីដូច្នេះ!» ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «សូមគោរពឯកឧត្តមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ខ្ញុំបាទនិយាយតែពាក្យពិត ហើយត្រឹមត្រូវ។ ដ្បិតព្រះរាជាជ្រាបអំពីហេតុការណ៍ទាំងនេះហើយ ខ្ញុំបាទទូលស្ដេចដោយក្លាហាន ដ្បិតខ្ញុំបាទជឿជាក់ថា ក្នុងចំណោមការទាំងនេះ គ្មានអ្វីមួយលាក់កំបាំងនឹងស្ដេចទេ ដ្បិតហេតុការណ៍នេះមិនមែនធ្វើនៅកៀនកោះមួយណាឡើយ។ បពិត្រព្រះករុណាអ័គ្រីប៉ា តើព្រះអង្គជឿទំនាយរបស់ពួកហោរាឬទេ? ទូលបង្គំដឹងថាព្រះអង្គជឿ!»។ ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «តើអ្នកកំពុងតែបញ្ចុះបញ្ចូលយើង ឲ្យត្រឡប់ជាគ្រីស្ទបរិស័ទរហ័សយ៉ាងនេះឬ?» លោកប៉ុលទូលថា៖ «ទូលបង្គំសូមដល់ព្រះ មិនត្រឹមតែព្រះករុណាប៉ុណ្ណោះទេ គឺអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅតែបន្តិចទៀត ឬយូរទៅទៀតក្តី ដើម្បីឲ្យបានដូចទូលបង្គំដែរ លើកលែងតែចំណងនេះចេញ»។ បន្ទាប់មក ស្ដេច លោកទេសាភិបាល និងព្រះនាងបេរេនីស ព្រមទាំងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង។ កាលអ្នកទាំងអស់ថយចេញទៅ គេក៏ពិភាក្សាគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីដែលសមនឹងស្លាប់ ឬដាក់គុកឡើយ»។ ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «យើងអាចដោះលែងបុរសនេះបាន ប្រសិនបើគាត់មិនបានសូមរើក្តីទៅសេសារ»។
កិច្ចការ 26:19-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្តឃើញនោះឡើយ។ ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។ មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ* ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។ ប៉ុន្តែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ ពោលគឺព្រះគ្រិស្ត*បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ»។ កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេកបានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។ លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។ ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះរួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅចំពោះមុខព្រះអង្គ ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថា ព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។ បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។ ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាគ្រិស្តបរិស័ទហើយ!»។ លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ក៏ទូលបង្គំអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមឲ្យព្រះរាជា និងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។ ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រិយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង ហើយចាកចេញទៅ ទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។ ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។
កិច្ចការ 26:19-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង ដោយហេតុនោះបានជាពួកសាសន៍យូដា ចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសំឡាប់ទូលបង្គំចោល តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។ កំពុងដែលគាត់និយាយសេចក្ដីទាំងនោះ ដើម្បីដោះសាខ្លួន នោះលោកភេស្ទុសឡើងសំឡេងកាត់ថា ប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើន ដល់ម៉្លេះបានជាឆ្កួតហើយ តែគាត់ប្រកែកថា ព្រះតេជព្រះគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅទីកៀនកោះឯណាឡើយ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្ដីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ ស្តេចអ័គ្រីប៉ាក៏មានបន្ទូលទៅប៉ុលថា បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ។ នោះស្តេច ព្រមទាំងចៅហ្វាយស្រុក នឹងព្រះនាងបេរេនីស ហើយនឹងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង កាលបានថយចេញផុតហើយ នោះក៏ពិភាក្សាគ្នាថា មនុស្សនេះមិនបានធ្វើអ្វីគួរនឹងស្លាប់ ឬនឹងជាប់ចំណងសោះ ហើយស្តេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា មនុស្សនេះ បើមិនបានសូមរើក្តីដល់សេសារទេ នោះនឹងលែងបាន។