កិច្ចការ 26:1-23
កិច្ចការ 26:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួនបាន»។ ពេលនោះ លោកប៉ុលក៏លាតដៃឡើង ហើយមានប្រសាសន៍ការពារខ្លួនថា៖ «បពិត្រព្រះករុណាអ័គ្រីប៉ា នៅថ្ងៃនេះ ទូលបង្គំរាប់ថាជាសំណាងណាស់ ដោយមានសិទ្ធិឆ្លើយការពារខ្លួននៅចំពោះព្រះករុណា អំពីអស់ទាំងការដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ ព្រោះព្រះករុណាជ្រាបហើយពីទំនៀមទម្លាប់ និងការជជែកវែកញែករបស់សាសន៍យូដា។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ទូលបង្គំ ដោយអនុគ្រោះផង។ សាសន៍យូដាទាំងអស់ស្គាល់ដំណើរជីវិតទូលបង្គំតាំងពីក្មេង គឺទូលបង្គំបាននៅរស់នៅក្នុងចំណោមសាសន៍របស់ទូលបង្គំ និងនៅក្រុងយេរូសាឡិមតាំងពីដំបូង។ ពួកគេបានស្គាល់ទូលបង្គំយូរមកហើយ ប្រសិនគេព្រមធ្វើបន្ទាល់ គេអាចធ្វើបានថា ទូលបង្គំបានរស់នៅក្នុងពួកផារិស៊ី ស្របតាមគណៈមួយតឹងរ៉ឹងជាងគេនៅក្នុងសាសន៍ទូលបង្គំ ហើយឥឡូវ ទូលបង្គំជាប់ជំនុំជម្រះនេះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំចំពោះសេចក្ដីសន្យា ដែលព្រះបានតាំងជាមួយបុព្វបុរសរបស់យើង កុលសម្ព័ន្ធទាំងដប់ពីររបស់យើង ខំប្រឹងគោរពប្រតិបត្តិតាមទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ បពិត្រព្រះរាជា គឺដោយព្រោះសេចក្តីសង្ឃឹមនេះហើយ បានជាពួកសាសន៍យូដាចោទប្រកាន់ទូលបង្គំ។ ហេតុអ្វីបានជាអស់លោកយល់ថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ? ទូលបង្គំផ្ទាល់ធ្លាប់គិតថា ទូលបង្គំត្រូវតែខំប្រឹងជាច្រើនទាស់ប្រឆាំងនឹងព្រះនាមព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ហើយទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម ទាំងបានចាប់ពួកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជ ហើយកាលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ។ ទូលបង្គំបានធ្វើទោសគេជាញឹកញាប់ នៅអស់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថព្រះ ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលទាស់នឹងគេ ទូលបង្គំក៏បៀតបៀនគេ រហូតដល់ក្រុងនានារបស់សាសន៍ដទៃទៀតផង»។ «ក្នុងគោលបំណងនេះ ទូលបង្គំបានធ្វើដំណើរទៅក្រុងដាម៉ាស ទាំងទទួលអំណាច និងការអនុញ្ញាតពីពួកសង្គ្រាជ។ បពិត្រព្រះករុណា នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរ ទូលបង្គំឃើញពន្លឺមួយភ្លឺជាងថ្ងៃ ចាំងពីលើមេឃមកជុំវិញទូលបង្គំ និងអស់អ្នកដែលរួមដំណើរជាមួយទូលបង្គំ។ កាលយើងទាំងអស់គ្នាដួលទៅលើដី ទូលបង្គំបានឮសំឡេងមួយ ពោលមកកាន់ទូលបង្គំជាភាសាហេព្រើរថា៖ "សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ? ដ្បិតដែលអ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់"។ ទូលបង្គំទូលសួរថា "ឱព្រះអម្ចាស់អើយ តើព្រះអង្គជានរណា?"។ ព្រះអម្ចាស់មានព្រះបន្ទូលថា "ខ្ញុំជាយេស៊ូវ ដែលអ្នកកំពុងបៀតបៀន ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចឲ្យអ្នកឃើញសម្រាប់គោលបំណងនេះឯង គឺដើម្បីតាំងអ្នកឲ្យបម្រើ ហើយធ្វើបន្ទាល់អំពីអស់ទាំងហេតុការណ៍ដែលអ្នកបានឃើញខ្ញុំ និងអំពីហេតុការណ៍ទាំងប៉ុន្មានដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ ដោយញែកអ្នកចេញពីសាសន៍របស់អ្នក និងពីពួកសាសន៍ដទៃ ដែលខ្ញុំនឹងចាត់អ្នកឲ្យទៅ ដើម្បីបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មករកពន្លឺ និងពីអំណាចរបស់អារក្សសាតាំង បែរមករកព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមត៌ករួមជាមួយអស់អ្នកដែលបានញែកជាបរិសុទ្ធ ដោយសារមានជំនឿដល់ខ្ញុំ"។ ដូច្នេះ បពិត្រព្រះករុណាអ័គ្រីប៉ា ទូលបង្គំមិនបានចចេសនឹងនិមិត្តពីស្ថានសួគ៌នោះទេ គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។ ហេតុនេះហើយបានជាសាសន៍យូដាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ទូលបង្គំ។ ព្រះបានជួយទូលបង្គំរហូតមកដល់ថ្ងៃនេះ ដូច្នេះហើយបានជាទូលបង្គំឈរនៅទីនេះ ទាំងធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូច ទាំងអ្នកធំ ដោយមិននិយាយអ្វីក្រៅតែពីសេចក្តីដែលពួកហោរា និងលោកម៉ូសេបានថ្លែងថានឹងត្រូវកើតមកនោះឡើយ គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រកាសប្រាប់អំពីពន្លឺដល់ប្រជាជនរបស់យើង និងដល់សាសន៍ដទៃ»។
កិច្ចការ 26:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ «បពិត្រព្រះរាជា ទូលបង្គំមានកិត្តិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមព្រះរាជាមេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។ ជនជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថា តាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និងនៅក្រុងយេរូសាឡឹមរបៀបណាដែរ។ គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈផារីស៊ី* ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។ ប៉ុន្តែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរស*របស់យើង។ កុលសម្ព័ន្ធ*ទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះនឹងបានសម្រេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ! ចំណែកឯទូលបង្គំផ្ទាល់ ពីដើម ទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់ ហើយទូលបង្គំបានប្រព្រឹត្តដូច្នេះនៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ* ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ស្របជាមួយដែរ។ ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។ ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាស ទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។ បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀត ចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។ ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សូល សូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។ ទូលបង្គំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញនៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។ ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យវិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។ បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្តឃើញនោះឡើយ។ ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។ មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ* ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។ ប៉ុន្តែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ ពោលគឺព្រះគ្រិស្ត*បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ»។
កិច្ចការ 26:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅប៉ុលថា ឯងមានច្បាប់និយាយដោយខ្លួនឯងបាន រួចប៉ុលក៏លើកដៃទៅមុខដោះសាខ្លួនថា បពិត្រព្រះករុណាអ័គ្រីប៉ាអើយ នៅថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្ដីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន ដ្បិតពួកសាសន៍យូដាទាំងអស់បានស្គាល់ចរិតដែលទូលបង្គំប្រព្រឹត្ត តាំងពីក្មេងមកហើយ ថាពីដើមទូលបង្គំនៅកណ្តាលសាសន៍នៃទូលបង្គំនៅក្រុងយេរូសាឡិម ហើយបើគេព្រមធ្វើបន្ទាល់ នោះមុខជាគេបានស្គាល់ទូលបង្គំពីដើមមកជាពិតថា ទូលបង្គំបានប្រព្រឹត្តតាមបក្សពួកតឹងរ៉ឹងជាងគេ ក្នុងសាសន៍នៃទូលបង្គំ គឺជាពួកផារិស៊ី ហើយឥឡូវ ទូលបង្គំជាប់ជំនុំជំរះនេះ នោះគឺដោយព្រោះតែមានចិត្តសង្ឃឹមដល់សេចក្ដីសន្យា ដែលព្រះទ្រង់បានតាំងនឹងពួកឰយុកោទូលបង្គំ ដែលពូជអំបូរទាំង១២ខំប្រឹងប្រតិបត្តិតាមព្រះទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមនឹងបានសេចក្ដីសន្យានោះដែរ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ គឺដោយព្រោះសេចក្ដីសង្ឃឹមនោះឯង បានជាពួកសាសន៍យូដា គេចោទប្រកាន់ដល់ទូលបង្គំ ហេតុអ្វីបានជាអស់លោកទាំងឡាយរាប់សេចក្ដី ដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថាជាសេចក្ដីមិនគួរជឿ សូម្បីទូលបង្គំក៏បានគិតស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវ ពីស្រុកណាសារ៉ែតដែរ គឺទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម បានទាំងចាប់ពួកអ្នកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជមក ហើយកាលគេសំឡាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ ទូលបង្គំបានធ្វើទោសគេជាញឹកញយ នៅគ្រប់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថដល់ព្រះផង ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលពេក ទាស់នឹងគេដូច្នេះ បានជាទូលបង្គំធ្វើទុក្ខបៀតបៀនដល់គេ រហូតដល់ក្រុងនៃសាសន៍ដទៃផង នៅគ្រានោះ ទូលបង្គំបានទទួលអំណាច នឹងសេចក្ដីបង្គាប់មកពីពួកសង្គ្រាជ ហើយកំពុងតែដើរដំណើរទៅឯក្រុងដាម៉ាស នោះបពិត្រព្រះករុណាអើយ នៅពេលថ្ងៃត្រង់ហើយ ដែលទូលបង្គំកំពុងដើរ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ នឹងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាងថ្ងៃ ទូលបង្គំទាំងអស់គ្នាក៏ដួលដល់ដី រួចទូលបង្គំឮសំឡេងមានបន្ទូលមក ជាភាសាហេព្រើរថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ដែលធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចមកឲ្យអ្នកឃើញ ដើម្បីនឹងតាំងអ្នក ឲ្យធ្វើជាអ្នកបំរើ ហើយជាទីបន្ទាល់ ពីអស់ទាំងការដែលអ្នកបានឃើញហើយ ព្រមទាំងការ ដែលខ្ញុំនឹងលេចមក ឲ្យអ្នកឃើញទៅមុខទៀត ខ្ញុំបានញែកអ្នកចេញពីបណ្តាជន នឹងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្ដីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរដក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្ដីជំនឿជឿដល់ខ្ញុំ ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង ដោយហេតុនោះបានជាពួកសាសន៍យូដា ចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសំឡាប់ទូលបង្គំចោល តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។