កិច្ចការ 26:1-11

កិច្ចការ 26:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ុល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ​ពារ​ខ្លួន​បាន»។ ពេល​នោះ លោក​ប៉ុល​ក៏​លាត​ដៃ​ឡើង ហើយ​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖ «បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា នៅ​ថ្ងៃ​នេះ ទូល​បង្គំ​រាប់​ថា​ជា​សំណាង​ណាស់ ដោយ​មាន​សិទ្ធិ​ឆ្លើយ​ការ​ពារ​ខ្លួន​នៅ​ចំពោះ​ព្រះ​ករុណា អំពី​អស់​ទាំង​ការ​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល​បង្គំ ព្រោះ​ព្រះ​ករុណា​ជ្រាប​ហើយ​ពីទំនៀម​ទម្លាប់ និង​ការ​ជជែក​វែក​ញែក​របស់​សាសន៍​យូដា។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្តាប់​ទូល​បង្គំ ដោយ​អនុគ្រោះ​ផង។ សាសន៍​យូដា​ទាំង​អស់​ស្គាល់​ដំណើរជីវិត​ទូល​បង្គំតាំង​ពី​ក្មេង គឺ​ទូល​បង្គំ​បាន​នៅ​រស់​នៅ​ក្នុង​ចំណោម​សាសន៍​របស់​ទូល​បង្គំ និង​នៅ​ក្រុង​យេរូ‌សាឡិម​តាំង​ពីដំបូង។ ពួក​គេ​បាន​ស្គាល់​ទូល​បង្គំ​យូរ​មក​ហើយ ប្រសិន​គេ​ព្រម​ធ្វើ​បន្ទាល់ គេអាច​ធ្វើ​បាន​ថា ទូល​បង្គំ​បាន​រស់​នៅ​ក្នុង​ពួក​ផារិស៊ី ស្រប​តាមគណៈ​មួយ​តឹង​រ៉ឹង​ជាង​គេ​នៅ​ក្នុង​សាសន៍​ទូល​បង្គំ ហើយ​ឥឡូវ ទូល​បង្គំ​ជាប់​ជំនុំ‌ជម្រះ​នេះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ទូល​បង្គំ​ចំពោះ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​តាំង​ជាមួយ​បុព្វ‌បុរស​រប​ស់​យើង កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​យើង ខំ​ប្រឹង​គោរព​ប្រតិបត្តិ​តាម​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹមថា​នឹង​ទទួល​បាន។ បពិត្រ​ព្រះ‌រាជា គឺ​ដោយ​ព្រោះ​សេចក្តី​សង្ឃឹម​នេះ​ហើយ បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល​បង្គំ។ ហេតុ​អ្វី​បាន​ជា​អស់​លោក​យល់​ថា ការដែល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ? ទូល​បង្គំ​ផ្ទាល់​ធ្លាប់​គិត​ថា ទូល​បង្គំ​ត្រូវ​តែ​ខំ​ប្រឹង​ជា​ច្រើនទាស់​ប្រឆាំង​នឹង​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ហើយ​ទូល​បង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូ‌សាឡិម ទាំង​បាន​ចាប់​ពួក​បរិសុទ្ធ​ជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ ហើយ​កាល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូល​បង្គំ​ក៏​យល់​ព្រម​ដែរ។ ទូល​បង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញាប់ នៅ​អស់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ ហើយ​ដោយ​ព្រោះ​ទូល​បង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុលទាស់​នឹង​គេ ទូល​បង្គំ​ក៏​បៀត​បៀន​គេ រហូត​ដល់​ក្រុង​នានា​របស់​សាសន៍​ដទៃ​ទៀត​ផង»។

ចែក​រំលែក
អាន កិច្ចការ 26

កិច្ចការ 26:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះ‌រាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ដោយ​អាច​ឆ្លើយ​ការពារ​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ ដ្បិត​ព្រះ‌ករុណា​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ព្រះរាជា​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ដោយ​អនុ‌គ្រោះ​ផង។ ជន‌ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន‌ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។ គេ​បាន​ស្គាល់​ទូលបង្គំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ទូលបង្គំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី* ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។ ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌បន្ទូល ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង។ កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​របស់​យើង​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះ‌បន្ទូល​សន្យា​នោះ​នឹង​បាន​សម្រេច។ បពិត្រ​ព្រះ‌រាជា ជន‌ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​យល់​ថា ការ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ! ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​គ្រប់​យ៉ាង​ទាំង​អស់ ហើយ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ​នៅ​ក្រុង​យេរូ‌សាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជា‌ចារ្យ* ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​ជា​ច្រើន​នាក់​យក​ទៅ​ឃុំ‌ឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។ ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។

ចែក​រំលែក
អាន កិច្ចការ 26

កិច្ចការ 26:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌រាជា​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​ប៉ុល​ថា ឯង​មាន​ច្បាប់​និយាយ​ដោយ​ខ្លួន​ឯង​បាន រួច​ប៉ុល​ក៏​លើក​ដៃ​ទៅ​មុខ​ដោះ‌សា​ខ្លួន​ថា បពិត្រ​ព្រះ‌ករុណា​អ័គ្រីប៉ា​អើយ នៅ​ថ្ងៃ​នេះ ទូលបង្គំ​មាន​ចិត្ត​អំណរ​ណាស់ ដោយ​មាន​ច្បាប់​នឹង​ដោះ‌សា​ខ្លួន​នៅ​ចំពោះ​ទ្រង់ ពី​អស់​ទាំង​សេចក្ដី​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូលបង្គំ គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទំលាប់ នឹង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូលបង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូលបង្គំ ដោយ​អំណត់​សិន ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូលបង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូលបង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូលបង្គំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូលបង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​តាម​បក្ស‌ពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូលបង្គំ គឺ​ជា​ពួក​ផារិស៊ី ហើយ​ឥឡូវ ទូលបង្គំ​ជាប់​ជំនុំ‌ជំរះ​នេះ នោះ​គឺ​ដោយ​ព្រោះ​តែ​មាន​ចិត្ត​សង្ឃឹម​ដល់​សេចក្ដី​សន្យា ដែល​ព្រះ‌ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​ទូលបង្គំ ដែល​ពូជ​អំបូរ​ទាំង​១២​ខំ​ប្រឹង​ប្រតិ‌បត្តិ​តាម​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹម​នឹង​បាន​សេចក្ដី​សន្យា​នោះ​ដែរ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​នោះ​ឯង បាន​ជា​ពួក​សាសន៍​យូដា គេ​ចោទ​ប្រកាន់​ដល់​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​អស់​លោក​ទាំង‌ឡាយ​រាប់​សេចក្ដី ដែល​ព្រះ‌ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ថា​ជា​សេចក្ដី​មិន​គួរ​ជឿ សូម្បី​ទូលបង្គំ​ក៏​បាន​គិត​ស្មាន​ថា គួរ​ឲ្យ​ទូលបង្គំ​ធ្វើ​ទាស់​ទទឹង​ជា​ច្រើន ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​ដែរ គឺ​ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូ‌សាឡិម បាន​ទាំង​ចាប់​ពួក​អ្នក​បរិសុទ្ធ​ជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ​មក ហើយ​កាល​គេ​សំឡាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ព្រម​ដែរ ទូលបង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូលបង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូលបង្គំ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង

ចែក​រំលែក
អាន កិច្ចការ 26