កិច្ចការ 25:1-22
កិច្ចការ 25:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បីថ្ងៃក្រោយមក លោកភេស្ទុសបានមកដល់ខេត្តនេះ ហើយលោកឡើងពីក្រុងសេសារា ទៅក្រុងយេរូសាឡិម ពួកសង្គ្រាជ និងពួកមេសាសន៍យូដា បានចូលទៅជម្រាបលោកអំពីរឿងក្ដីរបស់លោកប៉ុល ហើយអង្វរសុំឲ្យលោកយល់ព្រមនាំលោកប៉ុលមកក្រុងយេរូសាឡិម ព្រោះគេឃុបឃិតគ្នាពួនស្ទាក់សម្លាប់លោកតាមផ្លូវ។ ប៉ុន្ដែ លោកភេស្ទុសតបថា លោកប៉ុលកំពុងជាប់ឃុំនៅក្រុងសេសារាឯណោះ ហើយថា ខ្លួនលោកផ្ទាល់ក៏បម្រុងនឹងទៅទីនោះឆាប់ៗដែរ។ លោកមានប្រសាសន៍ថា៖ «ដូច្នេះ ក្នុងចំណោមអស់លោក អ្នកណាដែលមានអំណាច សូមអញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាអ្នកនោះមានទោសអ្វី សុំចោទប្រកាន់គាត់ទៅ»។ ក្រោយពីលោកបានស្នាក់នៅជាមួយពួកគេ មិនលើសពីប្រាំបី ឬដប់ថ្ងៃផង លោកក៏ចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំលោកប៉ុលមក។ ពេលលោកប៉ុលមកដល់ ពួកសាសន៍យូដាដែលចុះពីក្រុងយេរូសាឡិមមក នាំគ្នាឈរជុំវិញលោក ហើយចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចបង្ហាញភស្តុតាងបាន។ លោកប៉ុលមានប្រសាសន៍ស្រាយបំភ្លឺថា៖ «ខ្ញុំបាទមិនបានប្រព្រឹត្តអ្វីខុសនឹងក្រឹត្យវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬខុសនឹងសេសារឡើយ»។ ប៉ុន្ដែ ដោយចង់យកចិត្តពួកសាសន៍យូដា លោកភេស្ទុសក៏សួរលោកប៉ុលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡិម ឲ្យគេកាត់ក្ដីអំពីរឿងនេះនៅចំពោះមុខខ្ញុំឬទេ?» ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំបាទកំពុងឈរនៅមុខសាលាក្តីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំបាទ។ ខ្ញុំបាទមិនបានប្រព្រឹត្តខុសនឹងពួកសាសន៍យូដាទេ ដូចឯកឧត្តមជ្រាបស្រាប់ហើយ។ ដូច្នេះ ប្រសិនបើខ្ញុំបាទបានធ្វើអ្វីខុស ហើយបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់ នោះខ្ញុំបាទមិនរុញរានឹងស្លាប់ឡើយ។ ប៉ុន្ដែ បើរឿងដែលអស់លោកទាំងនោះចោទខ្ញុំបាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងប្រគល់ខ្ញុំបាទទៅឲ្យគេបានឡើយ។ ខ្ញុំបាទសូមរើក្តីនេះទៅសេសារវិញ»។ កាលបានពិគ្រោះជាមួយក្រុមប្រឹក្សារបស់លោករួចហើយ លោកភីស្ទុសឆ្លើយថា៖ «អ្នកបានសុំរើក្តីទៅសេសារហើយ ដូច្នេះ អ្នកនឹងទៅជួបសេសារ»។ ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអ័គ្រីប៉ា និងព្រះនាងបេរេនីស យាងចុះមកដល់ក្រុងសេសារា ដើម្បីសម្ដែងការគួរសមចំពោះលោកភេស្ទុស។ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលពីរឿងលោកប៉ុលថ្វាយស្តេចថា៖ «លោកភេលីចបានទុកអ្នកទោសម្នាក់ឲ្យជាប់ឃុំនៅទីនេះ កាលទូលបង្គំនៅក្រុងយេរូសាឡិម ពួកសង្គ្រាជ និងពួកចាស់ទុំសាសន៍យូដាបាននាំគ្នាប្តឹងពីគាត់ ទាំងសូមឲ្យទូលបង្គំកាត់ទោសគាត់។ ទូលបង្គំឆ្លើយប្រាប់គេថា "សាសន៍រ៉ូមមិនដែលបញ្ជូនអ្នកណាឲ្យគេសម្លាប់ មុនដែលចុងចោទមានឱកាសនឹងឆ្លើយការពារខ្លួននៅមុខដើមចោទ អំពីរឿងដែលគេចោទនោះឡើយ"។ ដូច្នេះ ពេលអ្នកទាំងនោះមកដល់ទីនេះ ទូលបង្គំមិនបង្អង់ឡើយ គឺនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំអ្នកនោះមក។ ពេលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់គាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះឡើយ។ ផ្ទុយទៅវិញ គេឈ្លោះនឹងគាត់អំពីសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែលោកប៉ុលអះអាងថានៅរស់តែប៉ុណ្ណោះ។ ទូលបង្គំទ័លគំនិតក្នុងការស៊ើបអង្កេតអំពីរឿងនេះ ក៏សួរគាត់ក្រែងគាត់ចង់ទៅក្រុងយេរូសាឡិម ហើយឲ្យគេកាត់ក្ដីនៅទីនោះ។ ប៉ុន្ដែ ពេលលោកប៉ុលសូមរើក្តីទៅព្រះចៅអធិរាជ ដើម្បីឲ្យទ្រង់កាត់ក្តី នោះទូលបង្គំក៏បង្គាប់គេឲ្យឃុំគាត់ទុកសិន រហូតដល់ពេលទូលបង្គំមានឱកាសនឹងបញ្ជូនទៅសេសារ»។ ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្តាប់អ្នកនោះដោយផ្ទាល់ដែរ»។ លោកទូលឆ្លើយថា៖ «ព្រះករុណានឹងបានស្តាប់គាត់នៅថ្ងៃស្អែក»។
កិច្ចការ 25:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារា ឆ្ពោះទៅក្រុងយេរូសាឡឹម។ ពួកនាយកបូជាចារ្យ* និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ ពួកគេបានទទូចសុំឲ្យលោកភេស្ទុសមេត្តាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។ ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។ លោកមានប្រសាសន៍ថា៖ «សុំឲ្យអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាបុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។ លោកភេស្ទុសស្នាក់នៅជាមួយពួកគេបួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់ឲ្យគេនាំលោកប៉ូលមក។ ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹមបាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។ លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖ «ខ្ញុំពុំបានប្រព្រឹត្តអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬក៏ខុសនឹងព្រះចៅអធិរាជឡើយ»។ ដោយលោកភេស្ទុសចង់យកចិត្តជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។ លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។ ប្រសិនបើខ្ញុំបាទមានទោសអ្វី ឬបានប្រព្រឹត្តអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។ លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។ ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រិយ៍បេរេនីស យាងមកដល់ក្រុងសេសារា ដើម្បីសួរសុខទុក្ខលោកភេស្ទុស។ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នៃសាសន៍យូដា បាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។ ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅឲ្យគេសម្លាប់ ដោយមិនបានឲ្យនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។ លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះទេ គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ ហើយលោកប៉ូលថានៅមានជីវិតរស់នោះតែប៉ុណ្ណោះ។ ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំឲ្យព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។ ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។
កិច្ចការ 25:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលលោកភេស្ទុសបានចូលមកក្នុងខេត្ត នោះក្រោយ៣ថ្ងៃ លោកក៏ឡើងពីសេសារា ទៅឯក្រុងយេរូសាឡិម ឯពួកសង្គ្រាជ នឹងពួកមេសាសន៍យូដា គេចូលទៅជំរាបលោកពីដំណើរប៉ុល ហើយសូមអង្វរឲ្យលោកអនុញ្ញាត ចាត់គេឲ្យទៅនាំគាត់មកក្រុងយេរូសាឡិមវិញ ពីព្រោះគេមត់គ្នានឹងសំឡាប់គាត់តាមផ្លូវ តែលោកភេស្ទុសឆ្លើយថា ត្រូវតែឃុំប៉ុលទុកនៅក្រុងសេសារានោះ ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯណោះដែរ ដូច្នេះ លោកប្រាប់ថា ចូរអស់អ្នកដែលមានអំណាចក្នុងពួកអ្នករាល់គ្នា ចុះទៅជាមួយគ្នា បើមនុស្សនោះមានទោសអ្វី នោះត្រូវឲ្យចោទប្រកាន់វាចុះ កាលបានស្នាក់នៅក្នុងទីក្រុងគេជាង១០ថ្ងៃ នោះក៏ចុះទៅឯសេសារាវិញ ដល់ថ្ងៃស្អែកឡើង លោកអង្គុយនៅទីជំនុំជំរះក្តី ហើយបង្គាប់ឲ្យគេនាំប៉ុលមក លុះគាត់ចូលមកដល់ នោះពួកសាសន៍យូដា ដែលចុះពីក្រុងយេរូសាឡិមមក គេឈរនៅជុំវិញ ក៏ចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចនឹងរកភស្តុតាងបាន តែគាត់ដោះសាខ្លួនថា ខ្ញុំប្របាទមិនបានធ្វើបាបអ្វីសោះ ទោះនឹងក្រិត្យវិន័យរបស់សាសន៍យូដា ឬនឹងព្រះវិហារ ឬនឹងសេសារក្តី តែលោកភេស្ទុសចង់បានបំណាច់ចំពោះពួកសាសន៍យូដា ក៏សួរទៅប៉ុលថា ឯងសុខចិត្តឡើងទៅឯក្រុងយេរូសាឡិម ឲ្យអញជំនុំជំរះឯងពីដំណើរនេះឬទេ នោះប៉ុលឆ្លើយថា ខ្ញុំប្របាទឈរនៅមុខទីជំនុំជំរះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជំរះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជព្រះគុណក៏ជ្រាបច្បាស់ហើយ បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ ក្រោយដែលភេស្ទុសបានពិគ្រោះនឹងក្រុមជំនុំ នោះក៏ឆ្លើយថា ឯងបានសូមរើក្តីនេះដល់សេសារវិញ បើដូច្នេះ ឯងត្រូវទៅដល់សេសារចុះ។ ក្រោយបួនដប់ថ្ងៃមកទៀត ព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ស្តេចយាងចុះមកឯសេសារា ក៏ចូលទៅសួរលោកភេស្ទុស កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡិម នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ តែទូលបង្គំឆ្លើយប្រាប់គេថា សាសន៍រ៉ូមមិនដែលបញ្ជូនមនុស្សណាឲ្យត្រូវស្លាប់ មុនដែលចុងចំឡើយមានពួកដើមចោទនៅមុខខ្លួន ហើយមានឱកាសនឹងដោះសាពីរឿងគេចោទនោះឡើយ ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក តែកាលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់វាអំពីរឿងអ្វី ឲ្យដូចដែលទូលបង្គំបានស្មាននោះទេ គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថា នៅរស់ទេប៉ុណ្ណោះ ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្ដីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡិម ឲ្យបានជំនុំជំរះពីរឿងនោះឬទេ តែវាបានសូមរើក្តីដល់មហារាជអូគូស្ទ ឲ្យបានជ្រាបវិញ បានជាទូលបង្គំបង្គាប់ឲ្យឃុំទុកសិន ទំរាំតែទូលបង្គំមានឱកាសនឹងបញ្ជូននៅឯសេសារ ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា ខ្ញុំក៏ចង់ស្តាប់អ្នកនោះដែរ លោកទូលឆ្លើយថា ស្អែកនេះទ្រង់នឹងបានស្តាប់វាហើយ។