កិច្ចការ 24:22-27
កិច្ចការ 24:22-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ កាលលោកភេលីចបានដឹងច្បាស់អំពីផ្លូវនោះ លោកក៏ឲ្យគេត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកលូស៊ា ជាមេទ័ពធំបានចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក»។ បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។ ប៉ុន្មានថ្ងៃក្រោយមក លោកភេលីចបានមកជាមួយលោកស្រីទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា លោកឲ្យគេទៅហៅលោកប៉ុលមក ហើយស្តាប់លោកមានប្រសាសន៍អំពីជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។ នៅពេលជាមួយគ្នានោះ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ុល ហេតុនេះហើយបានជាលោកឲ្យគេទៅហៅលោកប៉ុល មកសន្ទនាជាមួយជាញឹកញាប់។ លុះពីរឆ្នាំបានកន្លងផុតទៅ លោកព័រគាស-ភេស្ទុស បានចូលមកកាន់តំណែងជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីចចង់យកចិត្តសាសន៍យូដា លោកភេលីចក៏ទុកឲ្យលោកប៉ុលនៅជាប់គុកដដែល។
កិច្ចការ 24:22-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។ លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូល មានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូល ចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។ ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រិយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្តយេស៊ូ។ ប៉ុន្តែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត* អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។
កិច្ចការ 24:22-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្ដីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ លុះបួនដប់ថ្ងៃក្រោយមក លោកភេលីចមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ កំពុងដែលគាត់សំដែងពន្យល់ពីសេចក្ដីសុចរិត សេចក្ដីដឹងខ្នាត នឹងសេចក្ដីជំនុំជំរះដែលត្រូវមក នោះលោកភេលីចកើតមានចិត្តភិតភ័យ ក៏ឆ្លើយថា ឥឡូវនេះ ឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង ប៉ុន្តែ លុះបានកន្លងមកបាន២ឆ្នាំហើយ នោះមានលោកព័រគាស-ភេស្ទុស មកឈរជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីច ចង់បានបំណាច់ ចំពោះសាសន៍យូដាផង បានជាលោកទុកឲ្យប៉ុលជាប់គុកនៅ។