កិច្ចការ 24:10-16

កិច្ចការ 24:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ុល​មាន​ប្រសាសន៍ លោក​ប៉ុល​ក៏​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​សូម​ឆ្លើយ​បំភ្លឺ​ដោយ​អំណរ ដោយ​ដឹង​ថា ឯក​ឧត្តម​បាន​ធ្វើ​ជា​ចៅ​ក្រម​លើ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ ឯក​ឧត្តម​អាចដឹង​បាន​ថា តាំង​ពី​ខ្ញុំ​បាទ​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​ដប់​ពីរ​ថ្ងៃ​ទេ។ អស់​លោក​ទាំង​នោះ​មិន​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​ជាមួយ​អ្នក​ណា ឬ​ញុះ‌ញង់​ឲ្យ​បណ្ដាជន​ចលាចល​ឡើយ ទោះ​នៅ​ក្នុង​ព្រះ‌វិហារ នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទី​ក្រុង​ក្តី។ អស់​លោក​ទាំង​នោះ​ពុំ​អាច​រក​ភស្តុតាង មក​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ជូន​ឯក​ឧត្តមនៅ​ពេល​នេះ​បានឡើយ ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក​ឧត្ដម​ថា តាម​ផ្លូវមួយ ដែល​គេ​ហៅ​ថា ក្រុម​ខុស​ឆ្គង​នោះ ខ្ញុំ​បាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ ទាំង​ជឿ​អស់​ទាំងសេចក្ដី​ដែល​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ និង​ក្នុង​គម្ពីរ​ហោរា ដោយ​សង្ឃឹម​ដល់​ព្រះ ដែល​អស់​លោកទាំង​នេះ​ក៏​យល់​ព្រម​ដែរ គឺ​ថា នឹង​មាន​ការ​រស់​ឡើង​វិញទាំង​អស់ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។ ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំបាទ​ខំ​ប្រឹង​ឲ្យ​មាន​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជា‌និច្ច។

ចែក​រំលែក
អាន កិច្ចការ 24

កិច្ចការ 24:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ូល​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា ឯក‌ឧត្ដម​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការពារ​ខ្លួន ទាំង​ទុក​ចិត្ត។ ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម កាល​ដប់‌ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯក‌ឧត្ដម​ស៊ើប‌សួរ​មើល​ចុះ ទោះ​បី​នៅ​ក្នុង​ព្រះ‌វិហារ​ក្ដី នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទីក្រុង​ក្ដី គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​វែក‌ញែក​ជា​មួយ​គេ ឬ​ក៏​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ចំណោម​បណ្ដា‌ជន​ឡើយ។ អស់​លោក​ទាំង​នេះ​គ្មាន​ភស្ដុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯក‌ឧត្ដម​ទាល់​តែ​សោះ។ ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិ‌ប័តន៍​ព្រះ​នៃ​បុព្វបុរស*​ខ្ញុំ​បាទ​តាម​មាគ៌ា​មួយ ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* ហើយ​ខ្ញុំ​បាទ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ ថា​ព្រះអង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក ចំពោះ​ព្រះ‌ជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។

ចែក​រំលែក
អាន កិច្ចការ 24

កិច្ចការ 24:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​លោក​ចៅហ្វាយ បាន​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​ប៉ុល​និយាយ នោះ​គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​ប្របាទ​នឹង​ដោះ‌សា​រឿង​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ព្រះ‌តេជ‌ព្រះ‌គុណ​បាន​ធ្វើ​ជា​ចៅ‌ក្រម​លើ​សាសន៍​នេះ​ជា​យូរ​ឆ្នាំ​ហើយ ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ គេ​ក៏​មិន​បាន​ឃើញ​ខ្ញុំ​ប្របាទ កំពុង​ដែល​ជជែក​នឹង​អ្នក​ណា នៅ​ក្នុង​ព្រះ‌វិហារ ឬ​ប្រមូល​ញុះ‌ញង់​បណ្តា​មនុស្ស​ដែរ ទោះ​បើ​ក្នុង​សាលា​ប្រជុំ​គេ ឬ​កន្លែង​ណា​នៅ​ក្នុង​ទី​ក្រុង​ក្តី គេ​ពុំ​អាច​នឹង​រក​ភស្តុ‌តាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ ប៉ុន្តែ សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ នឹង​ក្នុង​គម្ពីរ​ពួក​ហោរា ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ ដែល​គេ​ក៏​យល់​ព្រម​ដែរ គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ នឹង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ

ចែក​រំលែក
អាន កិច្ចការ 24