កិច្ចការ 23:1-11
កិច្ចការ 23:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៉ុលក៏សម្លឹងមើលទៅក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយមនសិការស្អាតបរិសុទ្ធនៅចំពោះព្រះ រហូតមកដល់ថ្ងៃនេះ»។ ពេលនោះ លោកអាណានាស ជាសម្តេចសង្ឃ បង្គាប់ឲ្យអស់អ្នកដែលឈរជិតលោកប៉ុល ទះមាត់លោក។ លោកប៉ុលមានប្រសាសន៍ទៅសម្ដេចសង្ឃថា៖ «ឱកំផែងលាបសអើយ ព្រះនឹងទះលោកវិញមិនខាន លោកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ចុះម្តេចបានជាលោកបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ?»។ អស់អ្នកដែលឈរជិតពោលថា៖ «តើអ្នកហ៊ានប្រមាថសម្តេចសង្ឃរបស់ព្រះផងឬ?»។ លោកប៉ុលឆ្លើយថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាសម្តេចសង្ឃទេ ដ្បិតមានសេចក្តីចែងទុកមកថា "មិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជនរបស់អ្នកឡើយ" »។ កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ ពេលលោកមានប្រសាសន៍ដូច្នេះហើយ ពួកផារិស៊ី និងពួកសាឌូស៊ីក៏ទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកខ្ញែកទៅ។ ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។ ពេលនោះ មានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយអាចារ្យខ្លះខាងពួកផារិស៊ី ឈរឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីឡើយ តែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេដឹង?»។ ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។ នៅយប់នោះ ព្រះអម្ចាស់ឈរជិតលោក ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! ដ្បិតអ្នកបានធ្វើបន្ទាល់អំពីខ្ញុំនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកក៏ត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
កិច្ចការ 23:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថា អំពើដែលខ្ញុំប្រព្រឹត្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះ សុទ្ធតែត្រឹមត្រូវទាំងអស់»។ លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។ លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។ ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។ លោកប៉ូលតបវិញថា៖ «បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា: “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ” »។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នា ធ្វើឲ្យបាក់បែកអង្គប្រជុំ។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតា*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។
កិច្ចការ 23:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុលក៏សំឡឹងមើលទៅពួកក្រុមជំនុំ និយាយថា ឱអ្នករាល់គ្នា ជាបងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយបញ្ញាចិត្តជ្រះស្អាតនៅចំពោះព្រះ ដរាបមកដល់ថ្ងៃនេះ តែអាន៉្នានាស ជាសំដេចសង្ឃ លោកបង្គាប់ដល់ពួកអ្នកដែលឈរជិត ឲ្យទះមាត់គាត់ នោះប៉ុលនិយាយទៅលោកថា ឱកំផែងលាបសអើយ ព្រះទ្រង់នឹងវាយលោកវិញ លោកអង្គុយជំនុំជំរះខ្ញុំតាមក្រិត្យវិន័យ ចុះដូចម្តេចបានជាហ៊ានបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រិត្យវិន័យដូច្នេះ ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សំដេចសង្ឃនៃព្រះដែរឬ ប៉ុលឆ្លើយថា បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាសំដេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកមកថា «មិនត្រូវនិយាយអាក្រក់ ពីចៅហ្វាយរបស់សាសន៍ឯងឡើយ» កាលប៉ុលបានដឹងថា ពួកគេ១ចំណែកជាពួកសាឌូស៊ី ហើយ១ចំណែកទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងឡើងក្នុងពួកក្រុមជំនុំថា បងប្អូនរាល់គ្នាអើយ ខ្ញុំជាពួកផារិស៊ី ហើយជាកូននៃពួកផារិស៊ី ខ្ញុំជាប់ជំនុំជំរះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមនេះថា មនុស្សស្លាប់នឹងរស់ឡើងវិញ កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី នឹងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថា មានវិញ នោះកើតមានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយពួកអាចារ្យខ្លះខាងពួកផារិស៊ី ក៏ឈរឡើងជជែកថា យើងមិនឃើញជាមនុស្សនេះមានទោសខុសអ្វីសោះ តែបើមានវិញ្ញាណ ឬទេវតាបាននិយាយនឹងគាត់ នោះធ្វើដូចម្តេចវិញ លុះកើតទាស់គ្នាជាខ្លាំងដូច្នោះ នោះមេទ័ពធំក៏បង្គាប់ឲ្យពួកទាហានចុះទៅ យកគាត់ពីកណ្តាលគេមក ដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ក្រែងលោគេប្រញាយហែកគាត់ខ្ទេចខ្ទីទៅ។ នៅវេលាយប់នោះ ព្រះអម្ចាស់ទ្រង់ឈរជិតគាត់មានបន្ទូលថា ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡិមដែរ