កិច្ចការ 22:22-30

កិច្ចការ 22:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​បណ្តាជន​ស្តាប់​លោក​មាន​ប្រសាសន៍​ដល់​ត្រឹម​នោះ គេ​ក៏​ស្រែក​ឡើង​ថា «ចូរ​សម្លាប់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ!»។ ពេល​គេ​កំពុង​ស្រែក ទាំងគ្រវែង​អាវ​របស់​គេ​ចោល ហើយ​បាច​ធូលី​ដី​ទៅ​លើ នោះ​មេទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ ដោយ​ប្រាប់​គេ​ឲ្យ​វាយ​សួរ​ចម្លើយ ដើម្បី​ចង់​ដឹង​ពី​ហេតុ​ដែល​គេ​ស្រែក​ទាស់​នឹងលោក​បែប​នេះ។ ប៉ុន្តែ នៅ​ពេល​គេ​យក​ខ្សែ​មក​ចង​សន្ធឹង​លោក​ប៉ុល នោះ​លោក​ក៏​មាន​ប្រសាសន៍​ទៅ​មេទ័ព​រង​ដែល​ឈរ​នៅ​ជិត​នោះ​ថា៖ «តើ​ច្បាប់អនុញ្ញាតឲ្យ​វាយ​សាសន៍​រ៉ូម​នឹង​រំពាត់ ដោយ​មិន​បាន​កាត់​ទោស​ដូច្នេះ​ឬ?» ពេល​មេទ័ព​រង​ឮ​ដូច្នេះ គាត់​ក៏​ទៅ​ជម្រាប​មេទ័ព​ធំ​ថា៖ «តើ​លោក​គិត​ធ្វើ​អ្វី​ហ្នឹង? ដ្បិត​អ្នកនេះ​ជា​សាសន៍​រ៉ូម​ទេ​តើ»។ មេទ័ព​ធំ​ក៏​ចូល​មក​សួរ​លោក​ប៉ុល​ថា៖ «ចូរ​ប្រាប់​ខ្ញុំ​មក៍ តើ​អ្នក​ជា​សាសន៍​រ៉ូម​មែន​ឬ?» លោក​ឆ្លើយ​ថា៖ «បាទ!» មេទ័ព​ធំ​ពោល​ថា៖ «ខ្ញុំ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម​នេះ»។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម​តាំង​ពី​កំណើត​មក​ម៉្លេះ»។ ដូច្នេះ អស់​អ្នក​បម្រុង​នឹង​សួរ​ចម្លើយ​លោក​ប៉ុល ក៏​ដក​ខ្លួនថយ​ចេញ​ពី​លោក​ភ្លាម ហើយ​មេទ័ព​ធំ​ក៏​ភិត​ភ័យ​ដែរ ដ្បិត​គាត់​ដឹង​ថា លោក​ប៉ុលមានសញ្ជាតិ​រ៉ូម ព្រោះគាត់​បាន​ជ្រុល​ចង​លោក​ទៅ​ហើយ។ ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ចង់​ដឹង​ច្បាស់​ពី​មូល​ហេតុ ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​លោក​ប៉ុល លោក​មេទ័ព​ក៏​ស្រាយ​ចំណង ហើយ​បង្គាប់​ឲ្យ​ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូលមក​ជួប​ជុំ​គ្នា រួចក៏​នាំ​លោក​ប៉ុល​ចុះ​មក ហើយ​ឲ្យឈរ​នៅ​មុខ​ពួកគេ។

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។ គេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផង។ លោក​មេ‌បញ្ជា‌ការ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យ​គេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដា‌ជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។ នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។ នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាប​លោក​មេ‌បញ្ជា‌ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​ទេ​តើ»។ លោក​មេ‌បញ្ជា‌ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន»។ លោក​មេ‌បញ្ជា‌ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម៉ាំង»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម៉ាំង តាំង​ពី​កំណើត​មក​ម៉្លេះ»។ ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ‌បញ្ជា‌ការ​ក៏​ភិត‌ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។ នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ‌បញ្ជា‌ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន‌ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​ជួប‌ជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ក៏​ស្តាប់​គាត់​ដរាប​ដល់​ពាក្យ​នោះ រួច​គេ​ស្រែក​កាត់​ឡើង​ថា ចូរ​ដក​មនុស្ស​យ៉ាង​នេះ​ពី​ផែនដី​ចេញ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​ស្រែក​ឡើង ទាំង​កន្ត្រាក់​ដោះ​អាវ​គេ​ចេញ ហើយ​បាច​ធូលី​ដី​ទៅ​លើ នោះ​បាន​ជា​មេ​ទ័ព​ធំ​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ រួច​ប្រាប់​ឲ្យ​វាយ​សួរ​ចំឡើយ ដើម្បី​ឲ្យ​ដឹង​ពី​ហេតុ​អ្វី បាន​ជា​គេ​ស្រែក​ទាស់​នឹង​គាត់​ជា​ខ្លាំង​ម៉្លេះ ប៉ុន្តែ កំពុង​ដែល​គេ​យក​ខ្សែ​មក​ចង​ប៉ុល​ឲ្យ​ចំកោង នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​រង​ដែល​ឈរ​នៅ​ទី​នោះ​ថា តើ​មាន​ច្បាប់​នឹង​វាយ​សាសន៍​រ៉ូម​នឹង​រំពាត់ មុន​ដែល​កាត់​ទោស​ដែរ​ឬ​អី លុះ​មេ​ទ័ព​រង​ឮ​ដូច្នេះ នោះ​ក៏​ទៅ​ជំរាប​ដល់​មេ​ទ័ព​ធំ​ថា លោក​គិត​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​មនុស្ស​នោះ​ជា​សាសន៍​រ៉ូម នោះ​មេ​ទ័ព​ធំ​ចូល​មក​សួរ​ប៉ុល​ថា ចូរ​ប្រាប់​អញ ឯង​ជា​សាសន៍​រ៉ូម​ឬ គាត់​ឆ្លើយ​ថា បាទ លោក​ក៏​និយាយ​ថា អញ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​ចូល​ជាតិ​រ៉ូម​នេះ តែ​ប៉ុល​និយាយ​ថា ខ្ញុំ​នេះ​កើត​មក​ជា​សាសន៍​រ៉ូម​តែ​ម្តង ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចំឡើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​ក៏​ស្រាយ​ចំណង ហើយ​ប្រាប់​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់ ឲ្យ​ប្រជុំ​គ្នា រួច​លោក​នាំ​ប៉ុល​ចុះ​មក ដាក់​នៅ​កណ្តាល​ពួក​គេ ដោយ​ចង់​ដឹង​ច្បាស់ ពី​ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​គាត់​ដូច្នោះ។

ចែក​រំលែក
អាន កិច្ចការ 22