កិច្ចការ 22:12-16

កិច្ចការ 22:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ ស្រប​តាម​ក្រឹត្យ‌វិន័យ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​សាសន៍​យូដា​ទាំង​អស់​ដែល​រស់​នៅ​ទីនោះ គាត់​បាន​មក​ជួប​ខ្ញុំ ហើយ​ឈរ​ជិត​ខ្ញុំ​និយាយ​ថា "សុល​អើយ សូម​ឲ្យ​ភ្នែក​បង​បាន​ភ្លឺ​ឡើង​វិញ​ចុះ!" នៅ​វេលា​នោះឯង ភ្នែក​ខ្ញុំ​ក៏​ភ្លឺ ហើយ​មើល​ឃើញ​គាត់។ គាត់​និយាយ​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង បាន​តម្រូវ​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អង្គ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​ព្រះ​សូរ​សៀង​ចេញ​ពី​ព្រះ‌ឱស្ឋរបស់​ព្រះ‌អង្គ​ផ្ទាល់ ដ្បិត​បង​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ទាំង​អស់ ពី​ហេតុ‌ការណ៍​ដែលបង​បាន​ឃើញ និង​បាន​ឮ។ ឥឡូវ​នេះ តើ​បង​នៅ​ចាំ​អ្វីទៀត? ចូរ​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដើម្បី​លាង​បាប​របស់​បង​ទៅ!"។

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ អណា‌ណាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ* ហើយ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។ គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា “បង​សូល​អើយ សូម​ឲ្យ​បង​មើល​ឃើញ​វិញ​ចុះ!”។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។ គាត់​មាន​ប្រសាសន៍​ថា “ព្រះ​នៃ​បុព្វបុរស*​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត និង​ឲ្យ​បង​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ទាល់​តែ​ម្ដង ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។ ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប*​ឲ្យ”។

ចែក​រំលែក
អាន កិច្ចការ 22

កិច្ចការ 22:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស គឺ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ តាម​ក្រិត្យ‌វិន័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​សាសន៍​យូដា​ទាំង​អស់​ដែល​នៅ​ទី​នោះ អ្នក​នោះ​ក៏​មក​ឈរ​ជិត​ខ្ញុំ​និយាយ​ថា អ្នក​សុល​អើយ សូម​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង នៅ​វេលា​នោះ​ឯង ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ឃើញ​គាត់ រួច​គាត់​និយាយ​មក​ខ្ញុំ​ថា ព្រះ​នៃ​ពួក​ឰយុកោ​យើង​បាន​ដំរូវ​ឲ្យ​អ្នក​ស្គាល់​ចំណង់​នៃ​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​សំឡេង​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដ្បិត​អ្នក​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់ ដល់​មនុស្ស​ទាំង​អស់ ពី​គ្រប់​ការ​ដែល​អ្នក​បាន​ឃើញ​បាន​ឮ ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើង ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់

ចែក​រំលែក
អាន កិច្ចការ 22