កិច្ចការ 21:3-6
កិច្ចការ 21:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលយើងមកជិតដល់កោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងស្ដាំ ឆ្ពោះទៅស្រុកស៊ីរី រួចចូលចតនៅក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញចេញនៅទីនោះ។ យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេរយៈពេលប្រាំពីរថ្ងៃ។ តាមរយៈព្រះវិញ្ញាណ គេបានឃាត់លោកប៉ុលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងក៏ចេញដំណើរទៅមុខទៀត ហើយគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនរបស់គេផង បានជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ ហើយជម្រាបលាគ្នាទៅវិញទៅមក។ បន្ទាប់មក យើងក៏ចុះសំពៅ រីឯពួកគេវិលត្រឡប់ទៅផ្ទះវិញ។
កិច្ចការ 21:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។ យើងបានជួបពួកសិស្ស*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។ បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
កិច្ចការ 21:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់បានឃើញកោះគីប្រុសហើយ នោះបានបើកបង្ហួសទៅខាងឆ្វេង រួចទៅដល់ស្រុកស៊ីរី ចូលចតនៅត្រង់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញនៅទីនោះ លុះកាលរកឃើញពួកសិស្សហើយ នោះក៏ស្នាក់នៅទីនោះ៧ថ្ងៃ ហើយគេឃាត់ប៉ុលដោយនូវព្រះវិញ្ញាណ មិនឲ្យគាត់ឡើងទៅឯក្រុងយេរូសាឡិមឡើយ ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង កាលបានលាគ្នារួចជាស្រេច នោះយើងក៏ចុះសំពៅទៅ ហើយពួកគេត្រឡប់ទៅផ្ទះវិញ