កិច្ចការ 21:27-40

កិច្ចការ 21:27-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ជិត​គ្រប់​រយៈ​ពេល​ប្រាំពី​រថ្ងៃ​នោះ​ហើយ មាន​សាសន៍​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​ប៉ុល​នៅ​ក្នុង​ព្រះ‌វិហារ គេ​ក៏​ញុះ‌ញង់​បណ្តា​ជន​ទាំង​អស់​ឲ្យ​ចាប់លោក ដោយ​ស្រែក​ថា៖ «សាសន៍​អ៊ីស្រា‌អែល​អើយ មក​ជួយ​គ្នា! អ្នក​នេះ​ហើយ​ដែល​បង្រៀន​មនុស្ស​គ្រប់​គ្នា នៅ​គ្រប់​ទី​កន្លែង ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង ទាស់​នឹង​ក្រឹត្យ‌វិន័យ ហើយ​ទាស់​នឹង​កន្លែង​នេះ។ លើស​ពី​នេះ​ទៀត គាត់​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​បង្អាប់​បង្ឱន​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង»។ ដ្បិត​ពីមុន គេឃើញ​លោក​ទ្រភីម ជា​អ្នក​ស្រុក​អេភេ‌សូរ នៅ​ជា‌មួយ​លោក​ក្នុង​ទី​ក្រុង ហើយ​គេ​ស្មាន​ថា លោក​ប៉ុល​បាន​នាំ​សាសន៍​ក្រិក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ។ ពេល​នោះ ទី​ក្រុង​ទាំង​មូល​ក៏​ជ្រួល​ប្របល់ ហើយ​ប្រជាជន​រត់​មក​ជួប​ជុំ​គ្នា។ គេ​បាន​ចាប់​លោក​ប៉ុល ហើយ​អូស​លោក​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម។ កាល​គេ​បម្រុង​នឹង​សម្លាប់​លោក ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​មេទ័ព​ធំ​ថា ក្រុង​យេរូ‌សាឡិម​ទាំង​មូល​កំពុង​កើត​វឹក​វរ។ លោក​ក៏​យក​ទាហាន និង​មេទ័ព​រង រត់​ចុះ​ទៅរក​ពួក​គេ​ភ្លាម។ កាលប្រជា​ជន​ឃើញ​មេទ័ព​ធំ និងពួក​ទាហាន​មក​ដល់ គេ​ក៏​ឈប់​វាយ​លោក​ប៉ុល។ ពេល​នោះ មេទ័ព​ធំ​ក៏​ចូល​ទៅ​ជិត ហើយ​ចាប់​លោក​ប៉ុល ព្រម​ទាំងបញ្ជា​ឲ្យ​គេ​ចង​លោក​ដោយ​ច្រវាក់​ពីរ​ខ្សែ រួច​សួរថា​លោក​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ។ ប៉ុន្ដែ ក្នុង​ចំណោម​បណ្តាជន មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ហើយ​ដោយ​លោក​ពុំ​អាច​ដឹង​រឿង​ហេតុ​ពិត​ប្រាកដ ព្រោះ​តែ​មាន​សំឡេង‌អឺង‌កង​ខ្លាំងពេក លោកក៏បញ្ជា​ឲ្យគេ​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ។ ពេល​លោក​ប៉ុល​មក​ដល់​ជណ្តើរ​បន្ទាយ ពួក​ទាហាន​ក៏​ជ្រោង​លោក​ឡើង ព្រោះ​តែ​អំពើ​ហិង្សា​របស់​បណ្ដាជន ដ្បិត​មាន​មនុស្ស​ប្រសេច​ប្រសាចបាន​ដើរ​តាម ទាំង​ស្រែក​ថា៖ «សម្លាប់​វាទៅ!»។ កាល​គេ​រៀប​នឹង​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ លោកមាន​ប្រសាសន៍​ទៅ​មេទ័ព​ធំ​ថា៖ «តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ?» មេទ័ព​ធំ​តប​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរឬ? ដូច្នេះ អ្នក​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ ដែល​បាននាំ​ការ​បះបោរ​ថ្មីៗ​នេះ ហើយ​នាំ​ឃាតក​បួន​ពាន់​នាក់ចូល​ទៅ​ក្នុង​ទី​ហោរ‌ស្ថាន​នោះ​ទេ​ឬ?» លោក​ប៉ុល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​សាសន៍​យូដា មកពី​ក្រុង​តើ‌សុស ស្រុក​គីលី‌គា មិន​មែន​ជាពល​រដ្ឋ​ដែល​មក​ពី​ទី​ក្រុង​ឥត​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ កាល​លោក​មេទ័ព​ធំ​បាន​អនុញ្ញាត​ឲ្យ លោក​ប៉ុល​ក៏​ឈរ​លើ​ជណ្តើរ ធ្វើ​ដៃ​ជា​សញ្ញា​ទៅ​កាន់ប្រជាជន។ លុះ​បាន​ស្ងប់​ស្ងាត់​ហើយ លោកមានប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា៖

ចែក​រំលែក
អាន កិច្ចការ 21

កិច្ចការ 21:27-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះ‌វិហារ* ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។ ពួក​គេ​ស្រែក​ឡើង​ថា៖ «បងប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀន‌ប្រដៅ​មនុស្ស‌ម្នា​នៅ​គ្រប់​ទី​កន្លែង ឲ្យ​ប្រឆាំង​នឹង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រឆាំង​នឹង​ក្រឹត្យ‌វិន័យ* ហើយ​ប្រឆាំង​នឹង​ព្រះ‌វិហារ*។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ គឺ​បង្អាប់‌បង្អោន​ទី​កន្លែង​ដ៏វិសុទ្ធ*​នេះ»។ គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ដែរ។ ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជា‌ជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស‌ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ‌វិហារ* រួច​បិទ​ទ្វារ​ភ្លាម។ នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ‌បញ្ជា‌ការ​កង​ទាហាន​រ៉ូម៉ាំង គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជា‌ជន​បាន​ឃើញ​មេ‌បញ្ជា‌ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។ ពេល​នោះ មេ‌បញ្ជា‌ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។ ប៉ុន្តែ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺង‌កង​ពេក លោក​មេ‌បញ្ជា‌ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។ ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល និង​ស្រែក​ថា៖ «សម្លាប់​ចោល​ទៅ!»។ នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ‌បញ្ជា‌ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ‌បញ្ជា‌ការ​ពោល​មក​លោក​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ! ដូច្នេះ អ្នក​មិន​មែន​ជា​ជន‌ជាតិ​អេស៊ីប​ដែល​បាន​បំបះ‌បំបោរ​ប្រជា‌ជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់​ចូល​ព្រៃ​នោះ​ទេ​ឬ?»។ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បី‌ល្បាញ​ក្នុង​ស្រុក​គីលី‌គា​នោះ​ទេ​តើ! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា‌ជន​នេះ​ផង»។ លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

ចែក​រំលែក
អាន កិច្ចការ 21

កិច្ចការ 21:27-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះ‌វិហារ ក៏​ញុះ‌ញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រាអែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង នឹង​ក្រិត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួល‌ជ្រើម បណ្តាជន​ទាំង‌ឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូ‌សាឡិម លោក​ក៏​យក​ទាហាន នឹង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក នឹង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល លោក​ចូល​ទៅ​ចាប់​គាត់ ហើយ​បង្គាប់​ឲ្យ​ដាក់​ច្រវាក់​២​ខ្សែ រួច​សើុប​សួរ​ពី​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ តែ​ក្នុង​ហ្វូង​មនុស្ស ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដូច្នេះ លោក​ពុំ​អាច​នឹង​ដឹង​អ្វី​ជា​ប្រាកដ​បាន ដោយ​ព្រោះ​មាន​សូរ‌ស៊ាន‌អឺង‌កង​ជា​ខ្លាំង បាន​ជា​លោក​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង ដ្បិត​មាន​បណ្តាជន​សន្ធឹក​ណាស់​ដែល​ដើរ​តាម​មក ទាំង​ស្រែក​ថា ឲ្យ​សំឡាប់​វា​ទៅ។ កាល​គេ​រៀប​នឹង​នាំ​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​ធំ​ថា តើ​លោក​បើក​ឲ្យ​ខ្ញុំ​ជំរាប​បន្តិច​បាន​ឬ​ទេ លោក​សួរ​ថា ឯង​ចេះ​និយាយ​ភាសា​ក្រេក​ដែរ​ឬ ដូច្នេះ តើ​ឯង​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ​នោះ ដែល​នាំ​ឲ្យ​បះ‌បោរ​អំពី​មុន ព្រម​ទាំង​នាំ​ពួក​មនុស្ស​កាប់​ចាក់​គ្នា​៤​ពាន់​នាក់ ឲ្យ​ទៅ​នៅ​ទី​ហោរ‌ស្ថាន​ទេ​ឬ​អី តែ​ប៉ុល​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​យូដា មក​ពី​ក្រុង​តើ‌សុស ដែល​នៅ​ស្រុក​គីលីគា ឯ​ស្រុក​កំណើត​របស់​ខ្ញុំ មិន​មែន​ជា​ក្រុង​ឥត​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំង‌ឡាយ​បន្តិច​សិន លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា

ចែក​រំលែក
អាន កិច្ចការ 21