កិច្ចការ 21:17-26
កិច្ចការ 21:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលយើងបានមកដល់ក្រុងយេរូសាឡិម ពួកបងប្អូនបានទទួលយើងដោយអំណរ។ នៅថ្ងៃបន្ទាប់ លោកប៉ុលបានទៅផ្ទះរបស់លោកយ៉ាកុបជាមួយយើង ឯពួកចាស់ទុំទាំងអស់បានជួបជុំគ្នានៅទីនោះ។ កាលបានជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ុលក៏បានរៀបរាប់ពីកិច្ចការដែលព្រះបានធ្វើក្នុងចំណោមពួកសាសន៍ដទៃ ម្ដងមួយៗ តាមរយៈការងាររបស់លោក។ កាលបានឮដូច្នេះ គេក៏លើកតម្កើងព្រះ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញស្រាប់ហើយ ក្នុងចំណោមសាសន៍យូដា មានមនុស្សរាប់ម៉ឺននាក់បានជឿ ហើយគេសុទ្ធតែមានចិត្តខ្នះខ្នែងកាន់តាមក្រឹត្យវិន័យគ្រប់គ្នា។ គេបានឮដំណឹងពីបងថា បងបង្រៀនសាសន៍យូដាទាំងអស់ ដែលនៅជាមួយសាសន៍ដទៃ ឲ្យគេបោះបង់ចោលលោកម៉ូសេ ព្រមទាំងហាមប្រាមគេមិនឲ្យធ្វើពិធីកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ ដូច្នេះ តើត្រូវធ្វើដូចម្តេច? គេច្បាស់ជានឹងឮថា បងបានមកដល់ទីនេះមិនខាន។ ដូច្នេះ សូមបងធ្វើតាមពាក្យដែលយើងបានប្រាប់ចុះ ដ្បិតយើងមានមនុស្សបួននាក់ដែលនៅជាប់បំណន់។ សូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយគេ រួចចេញប្រាក់ឲ្យគេកោរសក់ផង។ យ៉ាងនោះមនុស្សទាំងអស់នឹងដឹងថា ដំណឹងដែលគេឮអំពីបង នោះមិនពិតទេ គឺថា ខ្លួនបងក៏រស់នៅទាំងកាន់តាមក្រឹត្យវិន័យដែរ។ តែឯសាសន៍ដទៃដែលបានជឿ យើងបានផ្ញើសំបុត្រទៅហើយ ដោយសម្រេចថា គេត្រូវចៀសវាងកុំបរិភោគអាហារដែលសែនដល់រូបព្រះ កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់» ។ បន្ទាប់មក លោកប៉ុលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ លោកបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយអ្នកទាំងនោះ រួចចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់ពីថ្ងៃដែលពិធីជម្រះកាយត្រូវបញ្ចប់ និងតង្វាយដែលគេម្នាក់ៗត្រូវថ្វាយ។
កិច្ចការ 21:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។ នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកុបជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ*ទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។ ក្រោយពីបានជម្រាបសួរពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់លោក។ កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្តនឹងក្រឹត្យវិន័យ*ខ្លាំងណាស់។ ប៉ុន្តែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្តិតាមគម្ពីរវិន័យរបស់លោកម៉ូសេ*ទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីកាត់ស្បែក*កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។ សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់ សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមក្រឹត្យវិន័យ*ដែរ។ រីឯសាសន៍ដទៃដែលជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។ នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
កិច្ចការ 21:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ ថ្ងៃស្អែកឡើងប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ កាលគាត់បានជំរាបសួរដល់គេរួចហើយ នោះគាត់ថ្លែងប្រាប់ ពីអស់ទាំងការនិមួយៗ ដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារគាត់ គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យទាំងអស់គ្នា ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ ដូច្នេះ ចូរបងធ្វើតាមពាក្យយើងវិញ ដ្បិតមានមនុស្ស៤នាក់ក្នុងពួកយើង នៅជាប់ក្នុងបំណន់នៅឡើយ ចូរបងនាំយកគេទៅលាបំណន់ជាមួយគ្នា ហើយចេញសោហ៊ុយឲ្យគេផង ដើម្បីឲ្យគេបានកោរសក់ចេញ នោះមនុស្សទាំងអស់នឹងដឹងថា សេចក្ដីដែលគេឮនិយាយពីបង នោះមិនពិតទេ គឺខ្លួនបងតែងប្រព្រឹត្តទៀងត្រង់ ហើយកាន់តាមក្រិត្យវិន័យដែរ ឯពួកសាសន៍ដទៃដែលជឿ នោះយើងបានផ្ញើសំបុត្រទៅហើយ ដោយសំរេចថា មិនចាំបាច់ឲ្យគេកាន់តាមសេចក្ដីទាំងនោះទេ ត្រូវប្រយ័តតែនឹងរបស់អ្វី ដែលថ្វាយទៅរូបព្រះ ហើយឈាម នឹងសត្វសំឡាប់ដោយច្របាច់ក ហើយនឹងសេចក្ដីកំផិតប៉ុណ្ណោះ នោះប៉ុលក៏នាំយកអ្នកទាំងនោះទៅ លុះស្អែកឡើង កាលបានញែកជាបរិសុទ្ធជាមួយនឹងគេហើយ ក៏ចូលទៅក្នុងព្រះវិហារ ដើម្បីប្រាប់ពីកំណត់ដែលត្រូវបានបរិសុទ្ធ ចាំទំរាំដល់បានថ្វាយដង្វាយសំរាប់គេគ្រប់គ្នា។