កិច្ចការ 21:1-9
កិច្ចការ 21:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលយើងបានលាពួកគេចេញទៅ យើងបានចេញសំពៅតម្រង់ទៅកោះកូស ហើយនៅថ្ងៃបន្ទាប់ យើងមកដល់កោះរូដូស រួចចេញពីទីនោះ ទៅក្រុងប៉ាតារ៉ា។ កាលបានឃើញសំពៅមួយទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ពេលយើងមកជិតដល់កោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងស្ដាំ ឆ្ពោះទៅស្រុកស៊ីរី រួចចូលចតនៅក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញចេញនៅទីនោះ។ យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេរយៈពេលប្រាំពីរថ្ងៃ។ តាមរយៈព្រះវិញ្ញាណ គេបានឃាត់លោកប៉ុលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងក៏ចេញដំណើរទៅមុខទៀត ហើយគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនរបស់គេផង បានជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ ហើយជម្រាបលាគ្នាទៅវិញទៅមក។ បន្ទាប់មក យើងក៏ចុះសំពៅ រីឯពួកគេវិលត្រឡប់ទៅផ្ទះវិញ។ យើងបានបញ្ចប់ដំណើរតាមសំពៅពីក្រុងទីរ៉ុស នៅពេលយើងបានមកដល់ក្រុងផ្ទលេមេ។ យើងបានជម្រាបសួរពួកបងប្អូន ហើយបានស្នាក់នៅជាមួយគេអស់មួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើងបានចេញទៅដល់ក្រុងសេសារា ហើយចូលទៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អ ជាម្នាក់ក្នុងចំណោមអ្នកទាំងប្រាំពីរ ហើយយើងក៏ស្នាក់នៅជាមួយគាត់។ លោកភីលីពមានកូនក្រមុំបួននាក់ ដែលមានអំណោយទានថ្លែងទំនាយ។
កិច្ចការ 21:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូសទៅដល់ក្រុងប៉ាតារ៉ា។ មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។ យើងបានជួបពួកសិស្ស*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។ បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។ យើងបានបន្តដំណើរពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។
កិច្ចការ 21:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយើងបានឃ្លាតចេញផុតពីគេទៅហើយ នោះក៏បើកក្តោងដំរង់ទៅឯកោះកូស ហើយថ្ងៃក្រោយបានដល់កោះរ៉ូដូស រួចពីនោះទៅដល់ក្រុងប៉ាតារ៉ា កាលឃើញសំពៅ១ មានដំណើរទៅឯស្រុកភេនីស នោះយើងក៏ចុះតាមសំពៅនោះចេញទៅទៀត ដល់បានឃើញកោះគីប្រុសហើយ នោះបានបើកបង្ហួសទៅខាងឆ្វេង រួចទៅដល់ស្រុកស៊ីរី ចូលចតនៅត្រង់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញនៅទីនោះ លុះកាលរកឃើញពួកសិស្សហើយ នោះក៏ស្នាក់នៅទីនោះ៧ថ្ងៃ ហើយគេឃាត់ប៉ុលដោយនូវព្រះវិញ្ញាណ មិនឲ្យគាត់ឡើងទៅឯក្រុងយេរូសាឡិមឡើយ ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង កាលបានលាគ្នារួចជាស្រេច នោះយើងក៏ចុះសំពៅទៅ ហើយពួកគេត្រឡប់ទៅផ្ទះវិញ លុះសំរេចដំណើរពីក្រុងទីរ៉ុស ទៅដល់ផ្ទលេមេហើយ នោះក៏ទៅជំរាបសួរដល់ពួកជំនុំ ហើយបានសំចតនៅជាមួយនឹងគេអស់១ថ្ងៃ ដល់ថ្ងៃស្អែកឡើង ប៉ុល នឹងពួកគាត់បានចេញទៅឯសេសារា ក៏ចូលទៅក្នុងផ្ទះរបស់ភីលីព ជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង៧នាក់នោះ ហើយស្នាក់នៅនឹងគាត់ អ្នកនោះមានកូនក្រមុំ៤នាក់ដែលចេះទាយទំនាយ